រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញនៅរាជធានីភ្នំពេញ មានការរំលោភយកចិញ្ចើមផ្លូវកាន់តែខ្លាំងឡើងៗ និងបានក្លាយទៅជាតំបន់អាជីវកម្ម ។ វាមានហេតុផលច្រើនយ៉ាងដែលទាក់ទិនទៅនឹងការរំលោភនេះ គឺប៉ុន្មានឆ្នាំកន្លងមក កំណើនប្រជាពលរដ្ឋមកពីបណ្តាខេត្តនៅទូទាំងប្រទេសបាននាំគ្នាចូលមករាជធានីភ្នំពេញ ដើម្បីរកការងារធ្វើ ឬប្រកបមុខរបរផ្សេងៗ ដែលមួយចំនួនបានបង្ខំចិត្តរកមុខរបរបន្តិចបន្តួចនៅតាមចិញ្ចើមផ្លូវដែលមានមនុស្សអ៊ូអរច្រើន ។ ម្យ៉ាងទៀតការឃុបឃិតរបស់អាជ្ញាធរមូលដ្ឋានដោយសារប្រាក់បន្តិចបន្តួច បានបណ្តែតបណ្តោយ ទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធររាជធានីខ្លះៗក៏ដោយ ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ក្នុងពេលនេះចិញ្ចឹមផ្លូវក្នុងរាជធានីភ្នំពេញ មានការរំលោភកាន់តែខ្លាំងៗឡើង ហើយអាជ្ញាធរហាក់បីមានការភ្លេចចោល ដោយមិនអើពើនោះទេ។ នៅពេលមានការណែនាំពីថ្នាក់លើ ទើបស្ទុះស្ទាធ្វើមួយប្រាវ មួយសន្ទុះក្រោយមកដដែល មិនខុសពីវែកចកនោះទេ ។
អ្នកដំណើរដោយថ្មើរជើងមួយចំនួនតែងតែមានការរអ៊ូរទាំពីការបាត់បង់ចិញ្ចើមផ្លូវរកកន្លែងដើរមិនបានត្រូវបង្ខំចិត្តដើរលើផ្លូវ ពួកគាត់មិនមានការស្តីបន្ទោសដល់ក្រុមអាជីវករទាំងនោះទេ តែបែរជាបន្ទោសដល់អាជ្ញាធរដែលបណ្តែតបណ្តោយឱ្យមានការលក់ដូរបែបនេះ ។ ការបណ្តែតបណ្តោយបែបនេះ ធ្វើឱ្យកន្លែងខ្លះបានក្លាយជាការសង់រោង តូប ឬសំណង់រឹងមាំតែម្តង ទើបមានវិធានការដេញតែ ។ មានការកត់សំគាល់ថា ការរំលោភលើចិញ្ចើមផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ភាគច្រើនមិនមែនជាអ្នកក្រីក្រនោះទេ គឺភាគច្រើនម្ចាស់ផ្ទះល្វែងដែលបើកធ្វើអាជីវកម្មលក់ដូរខាងមុខផ្ទះតែម្តង។ ចំពោះការរៀបរយរបស់អាជ្ញាធរមិនមានវិធានការក្តៅសោះ។ តែបើប្រជាពលរដ្ឋជាអ្នកលក់ដបសាំង ឬលក់បារីតែមួយធុងត្រូវចាប់ ឬដេញប្រសេកប្រសាច ទឹកភ្នែកទឹកសំបោរហាក់កាចណាស់ ។
ជាការកត់សំគាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សាលារាជធានីភ្នំពេញ ហាក់បីដូចជាមានការបំភ្លេចចោលនូវវិធានការរៀបចំចិញ្ចើមផ្លូវនេះតែម្តង។ នៅពេលឆាប់ៗខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ហើយនឹងមានការត្រៀមរៀបចំប្រជុំខ្នាតអន្តរជាតិជាបន្តបន្ទាប់ទៀត ។ បើសាលារាជធានីភ្នំពេញ មិនយកចិត្តទុកដាក់បញ្ហាចិញ្ចើមផ្លូវដែលត្រូវរៀបចំចាប់ពីពេលនេះតទៅនោះទេ គឺលំបាកហើយ កុំចាំទឹកចូលដល់ច្រមុះ ទើបស្រវេស្រវានោះ ៕
ចែករំលែកព័តមាននេះ