ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូនៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៨ កុម្ភៈ នៅមុខមន្ទីរសុរិយោដីខេត្តស្ថិតនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
តាមរបាយការណ៍របស់ប៉ូលិសក្រុងឱ្យដឹងថា ភាគីឈ្មោះណេង អ៊ុក (ជាមនុស្សស្រីតែងធ្វើប្រុស) ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខៀវ គ្មានស្លាកលេខឌុបមនុស្សស្រីម្នាក់ពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុរេចង្កូតទៅឆ្វេងដៃចូលចំណែកផ្លូវម្ខាងទៀតក៏បុកជាមួយម៉ូតូម៉ាកវ៉េវអាល់ហ្វាដូចគ្នា ពាក់ស្លាកលេខកំពង់ឆ្នាំង១A៩២៩៩ បើកដោយឈ្មោះសុគន្ធ លីហូវ ដឹកមនុស្សម្នាក់ពីក្រោយដែរ ។ ការបុកគ្នាពេញទំហឹងនោះបណ្តាលឱ្យភាគីខាងបង្ក និងមនុស្សជិះពីក្រោយរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ចំណែកភាគីម្ខាងទៀតរបួសស្រាលទាំងពីរនាក់។ ម៉ូតូទាំងពីរគ្រឿងរងការខូចខាតមធ្យមត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង។ មន្ត្រីប៉ូលិសបន្តថា ដើមហេតុគឺមកពីភាគីម្ខាងជិះរេចង្កូតចូលចំណែកផ្លូវភាគីម្ខាងទៀត។
ក្នុងហេតុការណ៍មួយទៀតមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវក្នុងភូមិកណ្តោល ឃុំច្រណូក ស្រុកកំពង់លែង។ បុរសទាំងបីនាក់នោះជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនលូកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ។
យោងតាមសេចក្តីរាយការណ៍របស់ប៉ូលិសស្រុកកំពង់លែងមកកាន់ស្នងការដ្ឋានខេត្តឱ្យដឹងថា ក្នុងហេតុការណ៍នោះគឺឈ្មោះ សំ គា អាយុ២១ឆ្នាំ ជិះម៉ូតូម៉ាកគ្រីសអង្គរពណ៌ខ្មៅគ្មានស្លាកលេខឌុបឈ្មោះហាក់ វ័ន្ត អាយុ១៨ឆ្នាំ និងឈ្មោះឡាង ទន អាយុ២៧ឆ្នាំ ទាំងបីនាក់រស់នៅភូមិកណ្តាល ឃុំច្រណូក ។ អ្នកទាំងបីនាក់ជិះម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿន ដោយឈ្មោះសំ គា ជាអ្នកបើក។ ពេលទៅដល់ចុងភូមិបានរេចង្កូតទៅបុកខឿនលូបណ្តាលឱ្យទាំងម៉ូតូ ទាំងមនុស្សធ្លាក់ចូលប្រឡាយលូគ្មានទឹកធ្វើឱ្យឈ្មោះហាក់ វ័ន្ត ស្លាប់នៅ នឹងកន្លែងដោយបែកក្បាល និងចេញឈាមតាមត្រចៀក ចំណែក២នាក់ទៀតរងរបួសធ្ងន់ ។ ជនរងគ្រោះក្រោយពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តដោយសាររបួសធ្ងន់ពេកបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញទៀត៕


ចែករំលែកព័តមាននេះ