ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរាយការណ៍កាលពីថ្ងៃទី៣០ មីនា ថា វិទ្យុសកម្មដែលកត់សំគាល់ឃើញក្នុងភូមិមួយស្ថិតនៅចម្ងាយដល់ទៅ៤០គ.ម ពីមជ្ឈមណ្ឌលនុយក្លេអែ៊រហ្វូគូស៊ីម៉ារបស់ជប៉ុន គឺហួសពីចមង្ងាយកម្រិតមួយសម្រាប់ជម្លៀសប្រជាជនចេញ។
បញ្ហានេះនឹងអាចបង្កើនការគាបសង្កត់លើ រដ្ឋាភិបាលជប៉ុន ដើម្បីពង្រីកតំបន់ពុំមានមនុស្សនៅហួសពីរង្វង់២០គ.មជុំវិញមជ្ឈមណ្ឌលនេះដែលមានលេចធ្លាយវិទ្យុសកម្មចាប់តាំងពីការរញ្ជួយដី និងស៊ូណាមីដែលកើតមាននៅភាគឦសានជប៉ុនកាលពីថ្ងៃទី១១ មីនា មក ។
នាយករដ្ឋមន្ត្រីជប៉ុនលោកណាអូតូកានមានប្រសាសន៍ថា គ្រោងពង្រីកតំបន់ជម្លៀសមនុស្សចេញដែលបង្ខំប្រជាជន១៣០.០០០នាក់ទៀត ឱ្យចាកចេញបន្ថែមលើមនុស្ស៧០.០០០នាក់ដែលចាកចេញរួចហើយ ។
លោក DENIS FLORY អគ្គនាយករងរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថ្លែងថា ការវាយតម្លៃដំបូងបញ្ជាក់ពីកម្រិតវិទ្យុសកម្មខ្ពស់ ដើម្បីជម្លៀសមនុស្សចេញរហូតដល់ភូមិអីុ តាត ។ យើងបានណែនាំដល់ជប៉ុនឱ្យធ្វើការវាយតម្លៃដោយល្អិតល្អន់ចំពោះសភាពការណ៍ហើយ គេបានបញ្ជាក់ប្រាប់យើងថា ការវាយតម្លៃកំពុងតែធ្វើ ។ GREENPEACE និយាយថា បានទទួលព័ត៌មានទាំងឡាយដែលបញ្ជាក់ពីអត្រាវិទ្យុសកម្មខ្ពស់សម្រាប់ជម្លៀសមនុស្សចេញពី ភូមិនោះដែលស្ថិតនៅភាគពាយ័ព្យមជ្ឈមណ្ឌលហ្វូគូស៊ីម៉ា ។ ក៏ប៉ុន្តែទីភ្នាក់ងារសន្តិសុខនុយក្លេអ៊ែរជប៉ុនបានច្រានចោលកាលពីថ្ងៃទី២៨ មីនា នូវការអំពាវនាវរបស់អង្គការការពារបរិស្ថាន នេះឱ្យពង្រីកតំបន់ជម្លៀសមនុស្សចេញ ។
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោកយូគីយ៉ា អាម៉ាណូ និយាយថា សភាពការណ៍នៅតែគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទោះបីមានការបង្កើនការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីគ្រប់គ្រងសភាពការណ៍ឡើងវិញក៏ដោយ។
ក្រសួងពាណិជ្ជកម្មជប៉ុនប្រកាសកាលពីថ្ងៃទី៣០ មីនា ពីការបង្កើតបែបបទសន្តិសុខសម្រាប់មជ្ឈមណ្ឌលនុយក្លេអ៊ែរ៥៥កន្លែងរបស់ប្រទេសក្រោយគ្រោះថ្នាក់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី ៕
ចែករំលែកព័តមាននេះ