ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យឆេះភោជនីយដ្ឋាន២កន្លែងមុខប្រាសាទអង្គរ

15 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ​ភោជនីយដ្ឋាន​ចំនួន​ពីរ​​​យីហោ «​ខ្មែរ​អង្គរ» និង«កុលាប​អង្គរ»​ ​ដែល​​បើក​លក់​ប្រចាំ​ថ្ងៃ​ជូន​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរ​​ជាតិ​​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ដ ត្រូវ​បាន​​ព្រះ​អគ្គី​ឆាបឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​កាលពី​​យប់​ថ្ងៃ​​ទី​២ មី​នា ​ខណៈ​ដែល​​ម្ចាស់​កំពុង​លង់លក់ក្នុង​​ដំណេក​ ។ ក៏ប៉ុន្ដែ​​​ពុំ​មាន​ជន​ណា​ម្នាក់​បាន​ស្លាប់ ឬរង​របួស​នៅ​ក្នុងឧប្បត្តិហេតុ​ដ៏សោកសៅ​នោះ​ទេ ​គ្រាន់តែសំភារ​នៅ​​ក្នុង​ភោ​ជ​នី​យ​ដ្ឋា​នទាំង​ពីរ​នោះ រួម​​មាន តុ កៅអី ទូក្លា​ស្សេ​ ទូរទស្សន៍ ព្រមទាំង​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​​ភ្លើង​ឆេះ​អស់​ស្ទើរទាំងស្រុង ។ 

កាលពី​ព្រឹក​ថ្ងៃ​ទី៣ មី​នា ​សមត្ថកិច្ច​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ទោ​ភឹង ចិ​ន្តា​រិ​ទ្ធិ ​​អធិការ​នគរ​បាល​ក្រុង​សៀមរាប​ បាន​ចុះ​​ទៅ​កាន់​​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​អគ្គីភ័យ​​នោះ ប៉ុន្ដែ​​មិន​ទាន់​​ដឹង​ច្បាស់​​ទេ​ បានត្រឹមតែ​សន្និដ្ឋាន​​ប៉ុណ្ណោះ​។

លោ​កវរ​សេនីយ៍​ទោ ភឹង ចិន្ដា​រិ​ទ្ធិ អធិការ​នគរ​បាល​​ក្រុង​សៀមរាប បាន​ថ្លែង​ថា តាម​ការ​សន្និ​ដ្ឋាន​ជំ​ហាន​ដំបូង​ឃើញ​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​មហន្ដរាយ​នេះឡើង ទំនងជា​​ផ្ដើម​ចេញពី​ចរន្ដ​ភ្លើង​ដែល​កើត​ចេញពីអា​គុយ ​ដែល​ម្ចាស់​ភោ​ជ​នី​យ​ដ្ឋា​ន​ខ្មែរ​អង្គរទុក​សម្រាប់​​បញ្ឆេះ​ម៉ាស៊ីនភ្លើង ព្រោះ​អា​គុយ​មានពី​រ​​សម្រាប់​បញ្ឆេះម៉ាស៊ីន​ និង​មាន​របស់​របរ ​ព្រម​ទាំង​ប្រេង​សាំង​នៅ​ពីលើទៀតផង ។​ ពេល​​​មាន​វត្ថុ​ដែល​អាច​ចម្លង​ចរន្ដ​ទៅ​ប៉ះ​បង្គោល​អា​គុយ​ទាំង​សងខាង​ ​វា​​បង្កើត​បានជា​ផ្កា​ភ្លើង​រួច​ឆាប​ឆេះ​តែម្តង​ ។

ចំណែកឯ​សាក្សី​ឈ្មោះ កេង កូ​ច ភេទ​ប្រុស អាយុ១៨ឆ្នាំ ជា​ប្អូនជីដូនមួយ​របស់​ម្ចាស់​ភោ​ជ​នីយ​ដ្ឋា​ន​ខ្មែរអង្គរ ដែល​បានឃើញ​ហេតុ​ការណ៍​ឆេះ​នោះ​មុនគេ ​បាន​រៀបរាប់​ប្រាប់​ថា នៅ​ពេល​​ខ្លួន​កំពុង​ដេក​លក់យ៉ាង​ស្ក​ប់ស្ក​ល់​នៅ​ក្បែរ​បន្ទប់​ម៉ាស៊ីនភ្លើង​នោះ ស្រាប់តែ​ឮ​សំឡេង​អ្វី​មួយនិង​ធុំក្លិន​ប្រេង​សាំង​ផងដែរ​។ ពេល​នោះ​​ខ្លួន​ក៏​ក្រោក​ឡើង​ស្រាប់​តែ​ឃើញ​មានភ្លើង​ឆេះ​ចេញពី​​ខាង​ក្រៅចំនួន​ពី​រកន្លែង គឺមួយ​ចេញពី​បន្ទប់​ម៉ាស៊ីន និង​មួយទៀត​ចេញពី​ក្រោយ​បន្ទប់​ទឹករួច​ក៏ប​ន្ដ​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​​ដល់​កន្លែង​​ផ្សេង​ៗទៀត​។

ទាំង​សាក្សី​ទាំង​ជនរង​គ្រោះ​បាន​អះអាង​ដោយ​​​ដាក់​​ការ​សង្ស័យ​ថា ​គ្រោះ​​អគ្គីភ័យ​​នេះ​កើត​ឡើង​ដោយ​មាន​មនុស្ស​លួច​ដុត ព្រោះ​​ម៉ាស៊ីនភ្លើង​នោះ​ពួក​គេ​ឈប់​បញ្ឆេះ​វា​តាំងពី​វេលា​ម៉ោង៨មក​​ម៉្លេះ ​ហើយ​ភ្លើង​បានឆាប​​ឆេះ​នៅ​ម៉ោង១០​និង៤៥នាទីរឿង​អី្វ​វា​ឆ្លង​ចរន្ដ​នោះ។ លោក​ភឹង ចិ​ន្តា​រិ​ទ្ធិ បាន​ថ្លែង​បន្ដ​ថា នៅ​យប់​កើតហេតុ​នោះ​កំលាំង​របស់​យើង​បាន​អន្ដរាគមន៍​សំបើម​ណាស់​ដោយ​បាន​ហៅ​រថ​យន្ត​​ពន្លត់​អគ្គីភ័យ​​មក​ជួយ​បាញ់ទឹកពន្លត់​​អស់​៤​រថយន្ត​ទើប​ភ្លើង​រលត់ ​បើ​មិន​ដូច្នោះ​​ទេ​​ ​ច្បាស់​ជា​រាលដាល​ដល់​ហាង​ផ្សេង​ៗ​ដែល​សង់​នៅ​ជាប់​នោះ​មិន​ខាន។​ 

សមត្ថកិច្ច​បាន​បន្ដ​ថា ភ្លើង​បាន​ផ្ដើម​ឆេះ​​ចេញពី​បន្ទប់​ម៉ាស៊ីន​របស់​ភោ​ជនី​យ​ដ្ឋា​ន​«ខ្មែរ​​អង្គរ»ដែលមាន​ម្ចាស់​ឈ្មោះ​អៀម ចិ​ន្តា ភេទ​​ស្រី អាយុ៤៩ឆ្នាំ​ រួច​បាន​ឆេះ​រាលដាល​ដល់​ភោ​ជ​នី​យ​ដ្ឋា​ន«កុលាប​អង្គរ» របស់​​ឈ្មោះទី កុលាប ភេទ​​ស្រី អាយុ៣២ឆ្នាំ​ រស់នៅភូមិ​ត្រ​ពាំង​​​សេះ សង្កាត់​​​គោក​ចក ក្រុង​សៀមរាប ដែល​​សង់​ជាប់​គ្នា​នោះ​។

ភោ​ជនី​យ​ដ្ឋា​ន​​ដែល​ត្រូវ​​ភ្លើង​ឆេះ​ទាំង​ពីរ​​ជា​​ប្រភេទ​សំណង់​ធ្វើ​ពី​ី​គ្រោង​ដែក ប្រក់​ស័ង្កសី និង​មាន​ពិតាន ហើយ​សំណង់​នីមួយ​ៗ​មាន​ទំហំ​បណ្ដោយ២៦ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយ​ភោជ​នីយដ្ឋាន​ «ខ្មែរ​អង្គរ» ​​បាន​រង​ការ​​ខូចខាត​​អស់​ស្ទើ​រ​ទាំងស្រុង​នៅ​ផ្នែក​ខាង​ក្រោយ ​ចំណែក​ភោ​ជ​​​នី​យ​ដ្ឋា​ន​ «កុលាប​អង្គរ» ​បាន​រង​ការ​ខូច​ខាត​តែ​បន្ដិច​ប​ន្តួច​ប៉ុណ្ណោះ ។

នាង អឿ​ន ស្រី​ពេជ្រ អាយុ២៦ឆ្នាំ ដែល​ជា​កូនស្រី​ម្ចាស់​ភោ​ជ​នី​យ​ដ្ឋា​នខ្មែរ​អង្គរ​ បាន​រៀប​រាប់​​ប្រាប់សមត្ថកិច្ច​​ទាំង​​យំ​​ទួញ​​សោក​ថា ទ្រព្យ​សម្បត្ដិ​ដែល​បាត់បង់​នៅ​ក្នុង​ហេតុ​ការ​ណ៍​ដ៏អាក្រក់​នេះ​បើ​សរុប​ទៅ​អស់​ប្រមាណ​ជា ១៥.៤០០ដុល្លារ ក្នុង​នោះ​មាន​ខ្សែ​.កពេជ្រ តុ ទូ និង​របស់របរ​ប្រើ​ប្រាស់ក្នុង​ហាងដែល​ត្រូវ​ភ្លើង​​លេប​ត្របាក់​អស់ស្ទើរ​គ្មាន​សល់​ ។

ចំណែក​ស្ដ្រី​ឈ្មោះ​ទី កុលាប បាន​ប្រាប់​ថា ​ភោជនីយដ្ឋាន​​«​កុលាប​​អង្គរ​»របស់​គាត់​មិនសូវ​​ជា​ខូចខាត​ប៉ុន្មាន​ទេ ព្រោះ​សំភារនៅ​​ក្នុង​ហាង​ត្រូវ​បាន​គេ​ជួយរំដោះ​ចេញ​ក្រៅ​ទាន់​ពេល​​បាន​មួយ​ចំនួន គឺ​គ្រាន់តែ​បាត់បង់​តុ កៅអី ទូ​ឈើ ព្រម​ទាំ​ងទូ​ក្លា​ស្សេ​ និង​ទូរទស្សន៍ប៉ុណ្ណោះ​ បើ សរុប​​ជា​ប្រាក់​អស់​ប្រហែល២​ពាន់ដុល្លារដែរ​។ ស្ដ្រី​រូប​នោះ​បាន​បន្ដ​ថា​ ចំពោះ​រូប​គាត់​មិន​មាន ​ជំហរ​ណា​មួយ​ប្ដឹង​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​​នោះ​ទេ​ ទុក​ឱ្យ​ម្ចាស់​ហាង​គេ​ជា​អ្នក​សម្រេច​​ដោយ​​ខ្លួន​គេចុះ​ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នក​ជួល​ហាងនេះ​​បន្ដ​​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​និយាយ​ថា ម្ចាស់​ហាង​បង្ក​ហេតុ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​បើសិនជា​ពុំ​មានការ​យោគយល់​ពី​ម្ចាស់​ហាង​មួយទៀត​ដែលរង​គ្រោះ ។ ប៉ុន្ដែ​គេជឿ​ថា​ហេតុ​ការ​ណ៍​នេះ​ពុំ​មាន​អ្នក​ណា​ចង់ឱ្យ​កើតឡើង​ទេ​​ ដូច្នេះ​គួរតែ​​មានការ​​យោគយល់​​ ៕​