ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី១៤មីនា នៅទីតាំងផ្ទេរជ្រូកពីរថយន្តសៀម ក្នុងភូមិគីឡូម៉ែត្រលេខ៤ មន្ត្រីការិយាល័យបសុព្យាបាលខេត្ត បានចុះត្រួតពិនិត្យលិខិតនាំចូលរបស់ក្រុមហ៊ុន និងសុខភាពសត្វ ក្នុងនោះក៏មានទាំងការបាញ់ថ្នាំរំងាប់មេរោគ ដើម្បីការពារការសាយភាយនៃជំងឺឆ្លងផងដែរ ។
លោកហ៊ុយ ទូច អនុប្រធាន ការិយាល័យបសុព្យាបាលខេត្តទទួលបន្ទុករួមថា ជ្រូកដែលក្រុមហ៊ុននីមួយៗនាំចូលពីប្រទេសសៀមគឺ ក្រុមការងាររបស់លោកតែងតែធ្វើការត្រួត ពិនិត្យជាប្រចាំនៅចំណុចផ្ទេរ ឬលើកដាក់ជ្រូកពីរថយន្តសៀមមករថយន្តខ្មែរ ហើយបាញ់ថ្នាំប្រភេទ TH4 ទៅលើសំភារដាក់ជ្រូក ឬរថយន្តដែលដឹកជ្រូកទាំងរបស់សៀមទាំងរបស់ខ្មែរមុននាំចូលបន្តទៅភ្នំពេញ ។
លោកហ៊ុយ ទូច បន្តថា ការនាំជ្រូកចូលពីប្រទេសសៀមបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៥ គឺក្រុមហ៊ុនថូគឹមស្រ៊ាង ក្រុមហ៊ុនយុវពាណិជ្ជ, ក្រុមហ៊ុនមេគង្គពាណិជ្ជ, ក្រុមហ៊ុនចន្ធូមានជ័យ និងក្រុមហ៊ុនងួន សុចិត្រ ។ ជ្រូកនាំចូលពីសៀមបច្ចុប្បន្ន មានការថយចុះជាងមុនដោយលោកប្រាប់ថា ការធ្លាក់ចុះនេះ ដោយសារតម្លៃជ្រូកលើទីផ្សារសៀមឡើងថ្លៃឥតឈប់ឈរ ដូចជាសម្រាប់ដើមខែមីនានេះ ជ្រូកនាំចូលមានចំនួនតែជាង៧ពាន់ក្បាលប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ដែលមានចំនួនរហូតដល់១៨.០០០ក្បាល ។
លោកហ៊ុយ ទូច បន្តថា ការនាំជ្រូកចូលរបស់ក្រុមហ៊ុនទាំង៥ខាងលើតិចឬច្រើនអាស្រ័យលើតម្រូវការទីផ្សារ ហើយការដឹកជញ្ជូនមិនឱ្យលើសគោលការណ៍នោះទេ ។ សម្រាប់ការនាំជ្រូកថ្ងៃទី១៤ មីនា មានចំនួន១០០០ក្បាល ដោយមានក្រុមហ៊ុនខ្លះដឹកនិងក្រុមហ៊ុនខ្លះសម្រាកជាការដឹកឆ្លាស់គ្នា ។ ចំណែកថ្ងៃទី១៣ មីនា ការនាំជ្រូកចូលពីសៀមមានតែចំនួន៤០០ក្បាលទេ និងនាំចូលតែ២ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុនថូគីមស្រ៊ាង ២០០ក្បាល និងក្រុមហ៊ុនមេគង្គពាណិជ្ជចំនួន២០០ក្បាល ។ នៅទីតាំងផ្ទេរជ្រូកពីរថយន្តឈ្មួញសៀមក្នុងភូមិគីឡូម៉ែត្រលេខ៤នោះ គេឃើញមានការចូលរួមពីមន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែតផងដែរ ។
ការនាំចូលជ្រូកពីសៀមមានការនាំចូលតែចំនួន៤០០ក្បាលទេ ហើយក៏នាំចូលតែ២ក្រុមហ៊ុនផងដែរ គឺក្រុមហ៊ុនថូគីមស្រ៊ាង ២០០ក្បាល និងក្រុមហ៊ុនមេគង្គពាណិជ្ជចំនួន២០០ក្បាល ។ នៅទីតាំងផ្ទេរ ឬលើកដាក់ជ្រូកពីរថយន្តឈ្មួញសៀមក្នុងភូមិគីឡូម៉ែត្រលេខ៤ នោះ គេឃើញមានទាំងការចូលរួមពីមន្ត្រីការិយាល័យកសិកម្មទាំងការចូលរួមពីមន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែតផងដែរ ។ លោកហ៊ុយ ទូច មានប្រសាសាសន៍ថា ដោយអនុវត្តតាមអនុក្រិតលេខ១៦ ក៏ដូចជាសារាចរណ៍ប្រកាសណែនាំនេសាទលោកបណ្ឌិតចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យមន្ត្រីក្រោមឱវាទគ្រប់ ខេត្ត-ក្រុង រួមគ្នាត្រួតពិនិត្យសុខភាពសត្វនិងបាញ់ថ្នាំរំងាប់ទៅលើមធ្យោបាយដឹកជញ្ជូនសត្វ ពេលនាំឆ្លងដែនដើម្បីទប់ស្កាត់ជំងឺឆ្លង ឬការពារការសាយភាយជំងឺឆ្លងទើបកម្លាំងរបស់លោកធ្វើការត្រួតពិនិត្យ និងបាញ់ថ្នាំរំងាប់មេរោគផ្សេងៗជាប្រចាំនៅទីតាំងផ្ទេរ និងលើកដាក់ជ្រូកពេលនាំចូលពីសៀមយ៉ាងដូច្នេះ ៕





ចែករំលែកព័តមាននេះ