ខេត្តរតនគីរី ៖ ប៉ូលិសសេដ្ឋកិច្ចខេត្តសហការជាមួយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងបានរុករក និងស្ទាក់ចាប់បានជាបន្តបន្ទាប់រថយន្តកាមរីពីរគ្រឿង និងគំនរឈើប្រណីតដែលឈ្មួញលាក់ទុក ហើយរឹបអូសយកទៅប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី៨ មីនា។
លោកគឹម ពិសី មន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងឱ្យដឹងថា ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៧ មីនា ឆ្នាំ២០១១វេលាម៉ោង២រសៀលនៅចំណុចចំការស្វាយចន្ទីភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ មានកំលាំងប៉ូលិសសេដ្ឋកិច្ចខេត្ត និងប៉ូលិសសេដ្ឋកិច្ចក្រសួងដឹកនាំដោយលោករស់ សារ៉ា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តរឹបអូសបានឈើប្រណីតប្រភេទគ្រញូងចំនួន៥៣៦ដុំ បេងខ្នាតធំ៦សន្លឹក និងកូនក្រឡឹងតុក្កតា ចំនួន៧ដុំ រួចដឹកជញ្ជូនទៅកាន់ស្នងការដ្ឋាន។
មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងរូបនោះបន្តទៀតថា ក្នុងពេលបង្ក្រាបរកម្ចាស់ឈើពុំឃើញទេ គឺឃើញតែឈើលាក់ទុកក្នុងព្រៃស្វាយចន្ទី។ ចំពោះរថយន្តកាមរីពីរគ្រឿងត្រូវកំលាំងការិយាល័យកណ្តាលនគរបាលយុត្តិធម៌ស្ទាក់ចាប់បាននៅក្នុងស្រុកអូរជុំ ខណៈផ្ទុកឈើប្រណីតបំរុងដឹកចូលក្រុងបានលុង។ រថយន្តទី១ កាមរីស៊េរី៨៩ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខឃ០២៦៥ភព២ និងរថយន្តទី២ស៊េរី៨៩ ពណ៌ស្លែ ពាក់ស្លាកលេខត០៧២៦ភព២។
រថយន្តទាំងពីរគ្រឿងត្រូវគេសន្និដ្ឋានថា ទំនងដឹកឈើមកពីស្រុកវ៉ីនសៃ ហើយត្រូវកំលាំងប៉ូលិសការិយាល័យកណ្តាលនគរបាលយុត្តិធម៌បង្ក្រាបបានតែម្តងនៅវេលាម៉ោង៩យប់ ថ្ងៃទី៧ មីនា ឆ្នាំ២០១១ រួចរឹបអូសយកទៅរក្សាទុកនៅ ស្នងការដ្ឋានខេត្ត និងធ្វើកំណត់ហេតុប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខណ្ឌនៅព្រឹកថ្ងៃទី៩ មីនាដើម្បីចាត់ការតាមច្បាប់ព្រៃឈើ។ ចំពោះម្ចាស់រថយន្តពុំមានការបំភ្លឺណាមួយអំពីចំណាត់ការទេ ឯចំនួនឈើនៅក្នុងរថយន្តក៏ពុំទាន់បានដឹងនៅឡើយដែរ ៕
ចែករំលែកព័តមាននេះ