ខេត្តតាកែវ ៖ ជនសង្ស័យជាបក្សពួកក្រុមចោរប្លន់ម្នាក់ ត្រូវបាននគរខេត្តចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ ដើម្បីសាកសួរ ខណៈដែលជនសង្ស័យម្នាក់នេះបានជិះម៉ូតូរេរា។ រង់ចាំឌុបបក្សពួករបស់គេពេលធ្វើសកម្មភាពរួច។ ការចាប់ខ្លួនជនសង្ស័យនេះក្រោយពីហេតុការណ៍បាញ់សម្លាប់ស្ត្រីរងគ្រោះយ៉ាងឃោរឃៅកាលពីថ្ងៃទី២២ មីនា វេលាម៉ោង២០និង៣០នាទី នៅក្បែរលំនៅឋានជាកន្លែងលក់សាំងតេលាអង្គតាសោម ស្រុកត្រាំកក់។
តាមប្រភពពីលោកវរសេនីយ៍ត្រី សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត ក្រោយពីការកើតហេតុ កម្លាំងប៉ូលិសបានពួនស្ទាក់គ្រប់ច្រកល្ហកនៅតាមបណ្តោយផ្លូវលំ និងផ្លូវជាតិ។ នៅពេលកម្លាំងជិះរថយន្តតាមបណ្តោយផ្លូវជាតិលេខ៣ ក៏បានជួបជនសង្ស័យម្នាក់កំពុងជិះម៉ូតូនៅតាមបណ្តោយផ្លូវជាតិ ប៉ូលិសក៏បានហៅឱ្យឈប់ តែជនសង្ស័យហាក់ដឹងខ្លួនក៏បើកម៉ូតូមានបំណងរត់ ភ្លាមនោះប៉ូលិសតាមប្រមាញ់ដេញតាមតាំងពីថ្នល់បែកគុស រហូតដល់ចំណុចខាងលើត្រូវរថយន្តកៀរម៉ូតូជនសង្ស័យផ្តួលទើបចាប់ខ្លួនបាន។
លោកនាយការិយាល័យបន្តថា ជនសង្ស័យម្នាក់នេះឈ្មោះរស់ សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាមំ ឃុំបាននៀវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅមិនពិតប្រាកដ រួមជាមួយម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១១ មួយគ្រឿង។ លុះថ្ងៃទី២៣ មីនា ប៉ូលិសបាននាំជនសង្ស័យទៅយកកាំភ្លើង អាកា ១ដើម ដែលបក្សពួកបានលាក់ទុកនៅក្នុងព្រៃជាប់ផ្លូវជាតិលេខ៣ ពីផ្ទះកើតហេតុមកថ្នល់បែកគុស មានចំងាយ៣គីឡូម៉ែត្រ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរស់ សុវណ្ណ បានសារភាពថា ពេលធ្វើសកម្មភាពនោះ រូបគេបានចូលទៅដល់ក្រោយផ្ទះជនរងគ្រោះ មានគម្រោងប្លន់យកទ្រព្យសម្បត្តិ មិនទាន់បានប្លន់ផង ជនរងគ្រោះបានចុចពិលទៅឃើញទើបបក្សពួក២នាក់ទៀតដែលម្នាក់កាន់កាំភ្លើងខ្លី និងម្នាក់ទៀតកាន់កាំភ្លើងអាកា បានភ្ជង់ជនរងគ្រោះមិនឱ្យស្រែក តែដោយការភ័យខ្លាច នារីរងគ្រោះអត់ស្តាប់ទេ ក៏រត់ទើបបក្សពួកខ្លួនបាញ់សម្លាប់តែម្តង។ ចំណែករូបគេគេចខ្លួនចេញទៅខាងកើតផ្ទះ រួចដើរមកយកម៉ូតូជិះគេចខ្លួនដោយអត់ប្លន់អ្វីបានទេ។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះក្រូច ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំ ឪពុកឈ្មោះក្រូច ហន អាយុ៥៩ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះរស់នៅភូមិអង្គសំរឹទ្ធិ ឃុំស្រែននោង ស្រុកត្រាំកក់។ នៅរសៀលថ្ងៃទី២៤ មីនា ប៉ូលិសបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅសាលាដំបូងខេត្ត និងតាមចាប់ខ្លួនបក្សពួកមកផ្តន្ទាទោសបន្តទៀត៕




ចែករំលែកព័តមាននេះ