ខេត្តកំពង់ឆ្នាំង ៖ ដោយទ្រាំមើលការលំបាករបស់ស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយគ្មានទីជម្រក ជីវភាពខ្វះព្រឹកខ្វះល្ងាចលែងបាន ប្រជាពលរដ្ឋដែលរស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ បានសំណូមពរឱ្យ ក្រុមអ្នកសារព័ត៌មាន ចុះយកព័ត៌មាន ដើម្បីស្វែងរកសប្បុរសជន មេត្តាជួយសង្គ្រោះដល់ស្ត្រីរូបនោះផង។
ជួបជាមួយក្រុមអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ត្រីមេម៉ាយឈ្មោះ ស៊ិន សាន អាយុ៥៦ឆ្នាំ បាននិយាយរៀបរាប់អំពីទុក្ខលំបាកក្នុងជីវិតគាត់ថា គាត់បានលែងលះជាមួយប្តីតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ខណៈពេលដែលគាត់មានផ្ទៃពោះ៤ខែ ។ ចាប់តាំងពីពេលនោះមក គាត់បានធ្លាក់ខ្លួនឈឺ ព្រោះបានឆ្លងជំងឺរ៉ាំរ៉ៃពីប្តី។ ក្នុងរយៈពេលដែលគាត់ធ្លាក់ខ្លួនឈើនេះ គាត់បានលក់ដី លក់ផ្ទះ លក់ស្រែ មើលខ្លួនអស់ទៅហើយ តែជំងឺរ៉ាំរ៉ៃនេះ មិនបានធូរ ឬស្រាលឡើយ រហូតមកដល់ពេលនេះ គាត់គ្មានផ្ទះស្នាក់អាស្រ័យជ្រកកោននោះទេ ។
ស្ត្រីមេម៉ាយកំសត់រូបនេះបន្តថា ក្រោយមកបានបងប្អូន អ្នកជិតខាងអាណិតអាសូរ ឱ្យខ្ទមចាស់មួយស្នាក់នៅ តែខ្ទមចាស់នេះ បានពុកផុយបាក់បែក មិនអាចឡើងទៅរស់នៅលើខ្ទមបានឡើយ គឺគាត់មានតែដេកនៅតែក្រោមខ្ទមតែប៉ុណ្ណោះ ។ មួយរយៈចុងក្រោយនេះ ជំងឺរ៉ាំរ៉ៃបានធ្វើទុក្ខឱ្យរូបគាត់ស្គមរីងរ៉ៃ និងគ្មានអ្វីហូបចុកគ្រប់គ្រាន់ឡើយ ព្រោះរាល់ថ្ងៃនេះ គាត់ស៊ីឈ្នួលក្តាប់ កណ្តាប់ចង្អេរឱ្យអ្នកស្រុកបាន៤ទៅ៥ក្នុងមួយថ្ងៃ ដោយបានថ្លៃឈ្នួល៧០០រៀលក្នុងចង្អេរ១ សរុបទៅគាត់បានត្រឹម៣ទៅ៣ពាន់៥រយរៀលតែប៉ុណ្ណោះ និងថ្ងៃខ្លះធ្វើមិនកើត ក៏បានអ្នកស្រុកហុចបាយទឹកជួយចិញ្ចឹមទៅ ។ ចំណែកកូនប្រុសគាត់មិនទាន់ចេះរកអ្វីបានទេ ឆ្លៀតពេលទំនេរពីរៀនសូត្រ ដើរស៊ីឈ្មួលគេដើម្បីប្រាក់បន្តិចបន្តួចមកចិញ្ចឹមម្តាយ។
បើតាមស្ត្រីឈ្មោះ ជា លីណា ជាអ្នកឱ្យខ្ទមស្ត្រីកំសត់ខាងលើស្នាក់អាស្រ័យបាននិយាយឱ្យដឹង បងស្រី ស៊ិន សាន ពិតជាក្រីក្រពិតមែន ហើយពេលនេះគ្មានកម្លាំងកំហែងរកស៊ីធ្វើការចិញ្ចឹមខ្លួនបានឡើយ ។ ចំណែកកូនខ្ទមដែលគាត់ស្នាក់នៅក៏ពុកផុយធ្លុះធ្លាយអស់ទៅហើយ រូបគាត់ក៏ដូចអ្នកស្រុកក្នុងភូមិ គោរពស្នើសុំអាជ្ញាធរពាក់ព័ន្ធ និងសប្បុរជននៅទីជិតឆ្ងាយដែលមានទឹកចិត្តសប្បុរស មេត្តាជួយសង្គ្រោះការខ្វះខាត ជូនគាត់ជាស្តីក្រីក្រ និងមានជំងឺរ៉ាំរ៉ៃ ដោយសេចក្តីអនុគ្រោះផងចុះ ។
ជុំវិញការរៀបរាប់ខាងលើនេះដែរ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងងថ៖ ស្ត្រីរូបនោះពិតជាមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ និងក្រីក្រពិតមែន ។ កន្លងមក អាជ្ញាធរបានយកចិត្តទុកដាក់ទំនប់បំរុងដែរ ពេលខ្លះក៏មានខាងលោកជំទាវ ឯកឧត្តម មកជួយដែរ តែមិនអាចគ្រប់គ្រាន់ទេ បានតែមួយគ្រាៗប៉ុណ្ណោះ ក្នុងនាមអាជ្ញាធរ សូមចូលរួមអំពាវដល់សប្បុរសជន មេត្តាជួយគាត់ក្នុងជីវិតដ៏កំសត់នេះផង៕ (កែសម្រួលដោយ ៖ បុប្ផា)