រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះភូមិ មេឃុំ ចៅសង្កាត់ណាដែលបញ្ចូលឈ្មោះសាច់ញ្ញាតិមិនក្រីក្រ ដើម្បីទទួលយកប្រាក់ពីរាជរដ្ឋាភិបាលផ្តល់ជូនអ្នកក្រីក្រក្នុងអំឡុងពេលរងគ្រោះដោយសារជំងឺកូវីដ១៩ ។
សម្តេចតេជោ ហ៊ុន សែនបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ។
ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។
សម្តេចបញ្ជាក់ថា៖«ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលត្រូវតែធ្វើអោយបានច្បាស់លាស់ និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
សម្តេចគូសបញ្ជាក់ថា៖«ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយ នឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង» ៕
ចែករំលែកព័តមាននេះ