ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់តាមផ្លូវពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៥៦A ខាងត្បូងផ្សារចំការគ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីប៉ូលិសចរាចរខេត្តឱ្យដឹងថា តាមសាច់ញាតិប្រាប់សមត្ថកិច្ចឱ្យដឹងថា យុវជនដែលស្លាប់នេះឈ្មោះអឿន សាវ៉េត អាយុ២៧ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកម៉ូតូហុងដាសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខឈ២៧៩៣ ផលិតនៅប្រទេសចិន(ម៉ូតូរបបយោធិនចូលនិវត្តន៍)។ ឯអ្នកបើកបរម៉ូតូម្នាក់ទៀតឈ្មោះម៉ៃ សឺឌី ភេទប្រុស អាយុ២៣ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជិះម៉ូតូម៉ាក អាយខនពណ៌លឿង-ខ្មៅគ្មានស្លាកលេខ។
មន្ត្រីប៉ូលិសបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុប្រាប់សមត្ថកិច្ចថា អ្នកទាំង២នាក់ជិះម៉ូតូស្របទិសគ្នាពីត្បូងទៅជើង ដោយជនរងគ្រោះដែលស្លាប់នោះបើកពីក្រោយក្នុងល្បឿនលឿន។ ពេលដល់កន្លែងកើតហេតុស្រាប់តែអ្នកជិះខាងក្រោយជ្រុលទៅបុកម៉ូតូឈ្មោះម៉ៃ សឺឌី ពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់ ព្រោះតែមិនពាក់មួកសុវត្ថិភាព។ ប៉ូលិសឱ្យដឹងទៀតថា ជនរងគ្រោះបានស្លាប់នៅតាមផ្លូវព្រោះតែរបួសក្បាលធ្ងន់ធ្ងរពេកហូរឈាមតាមច្រមុះ និងត្រចៀក។ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ