ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ទាំង​​ម្ចាស់​ខួបកំណើត និង​ភ្ញៀវ​​​ចូល​​ខ្លួន​​​​សុំ​ទោស​សមត្ថ​កិច្ច​ខណ្ឌចំការមន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ទីបំផុតស្ត្រី​​ចំនួន​៣​នាក់ ​និង​បុរស​ម្នាក់ ដែលជា​ម្ចាស់​ខួបកំណើត និង​ភ្ញៀវ ​បានទទួលកំហុស និង​​ចូលខ្លួន​មក​ធ្វើការ​សុំ​ទោស​​សមត្ថកិច្ច​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​លោក ថេ​ង សុ​ថុ​ល…

រាជធានីភ្នំពេញ ៖ ​ទីបំផុតស្ត្រី​​ចំនួន​៣​នាក់ ​និង​បុរស​ម្នាក់ ដែលជា​ម្ចាស់​ខួបកំណើត និង​ភ្ញៀវ ​បានទទួលកំហុស និង​​ចូលខ្លួន​មក​ធ្វើការ​សុំ​ទោស​​សមត្ថកិច្ច​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌ, លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌ និង​លោកនាយ​ប៉ុស្តិ៍​រង​ប៉ុ​ស្តិ៍​ផ្សារ​ដើម​ថ្កូវ នៅអធិការ​ដ្ឋាននគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​ ​ក្រោយ​ពី​ពួកគាត់ទាំង​៤នាក់​​ខាងលើ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ជាមួយ​នឹង​កម្លាំង​​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ដែល​បានចុះទៅណែនាំ​កាលពី​យប់​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០២០ នៅ​​​ក្នុង​ពិធី​ខួប​កំ​ណើ​ត​របស់ស្ត្រីម្នាក់ ដោយ​មាន​ការ​​ផឹកស៊ី ចាក់​ធុងបាស់​ និង​ច្រៀង​ឡូឡា បង្ក​​​សំឡេង​​រំខាន​ដល់​អ្នក​ជិតខាង​​រាយការណ៍​​ដល់សមត្ថកិច្ច​ឱ្យ​​ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​នោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​របស់​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រី​សរុប​ប្រមាណ​ជា​ជាង ៣០​នាក់ ដែល​បាន​ប្រើ​ពាក្យ​សម្តី​ជេ​រ​ប្រ​មា​ថ និង​​ប្រើកាយវិការ​មិនសមរម្យ​ទៅ​លើ​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​នៅ​ពេល​ដែល​ចុះ​ទៅ​ធ្វើការ​ណែនាំ​​ឱ្យ​បញ្ឈប់​​ការ​ចាក់​ធុងបាស់ ច្រៀង ឡូឡា​រំខាន​ដល់​អ្នក​ដទៃ​កាលពី​យប់​នោះ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​នា​ព្រឹក​នេះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​កោះហៅ​ស្ត្រី​ដែល​ជា​ម្ចាស់ កម្មវិធី និង​អ្នកចូលរួម​ជា​ស្ត្រី​ដូច​គ្នា​ចំនួន​៣​នាក់​ទៀត​ (​សរុប៤​នាក់​) អោយមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទ​ង្វើ​រ​របស់​ពួក​គាត់​ ដែល​ម្នាក់​ៗ​សុទ្ធតែ​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា​បាន​ធ្វើ​មក​លើ​កម្លាំង​មាន​សមត្ថ​កិច្ច​កាលពី​យប់​ថ្ងៃទី​​​២៩ មិថុនា ​កន្លងមក​​នោះ​។

​តាម​ប្រភព​ដដែល​បាន​​ឱ្យ​ដឹងបន្ត​ទៀត​ថា ​មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០និង​១០នាទី​យប់​ថ្ងៃ​ទី​២៩ ខែ មិថុនា នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិ​ត​​នៅ​ផ្លូវ​លេខ​៤៩០ កែង​ផ្លូវ ១៣៥ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ អំពី​កា​រ​ចាក់​ធុងបាស់​បំពង​សំ​ឡេ​ង និង​ស្រែកច្រៀង​ឡូឡា​រំខាន​ដល់​ការ​ដេក​ពួន​មិន​បាន​។​

តាម​ប្រភពដដែល​បានបន្ត​​​ទៀត​ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍​ខាងលើ កម្លាំង​​សមត្ថកិច្ច​​ចំនួន២​នាក់​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ ហាមឃាត់ និង​អោយ​បញ្ឈប់​ការ​រំខាន​ដល់​គេឯង​តទៅ​ទៀត ដោយ​លោកនាយ​រង​ប៉ុស្តិ៍​ម្នាក់​ជា​អ្នក​ណែនាំ និង​មន្ត្រី​នគរ​បាល​ម្នាក់​ទៀត​យក​ទូរស័ព្ទ​ថត ដើម្បី​ទុកជា​ឯកសារ​នោះ ក៏​ស្រាប់​តែ​ទាំង​ស្ត្រី​ជា​ម្ចាស់​ខួបកំណើត​ និង​ភ្ញៀវ​ជា​អ្នកចូលរួម​នាំ​គ្នា​ជេ​ប្រមាថ​ខ្លាំង​ៗ ​ព្រមទាំង​​ប្រើ​កាយវិការ​មិន​សមរម្យ​ទៅ​លើ​កម្លាំង​មាន​សមត្ថ​កិច្ច​ទៀត ទើប​ឈាន​​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ភ្លាម​ៗ និង​កោះហៅ​ស្ត្រី​ទាំង​៣​នាក់​ទៀត​មកឱ្យធ្វើការ​សុំទោសជាសាធារណៈ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន, លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌ, លោកនាយ​ប៉ុស្តិ៍​នគរ​បាល​ប៉ុស្តិ៍ និង​លោក​នាយរង​ប៉ុ​ស្តិ៍​ផ្សារ​ដើម​ថ្កូវ រួម​ទាំង​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ទៀត បុរសម្នាក់​ និង​ស្ត្រី​ទាំង៣​នាក់​ទៀត​ បានដឹង​ពី​​កំហុស​របស់​ខ្លួន ​ដោយ​​ម្នាក់​ៗ​សុទ្ធតែ​ស្រវឹងនោះ ក៏​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ហើយ​ក៏​ត្រូវ​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ