ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល ៖ កម្មករ​ប្រឈម​ការ​ជំពាក់​បំណុល​វ័ណ្ឌក

3 ឆ្នាំ មុន
  • ភ្នំពេញ

អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ខាង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ មួយ​ចំនួន​បាន​រក​ឃើញ​ថា កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើការ…

អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ខាង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ មួយ​ចំនួន​បាន​រក​ឃើញ​ថា កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើការ ត្រូវ​ផ្អាក​ដំណើរការ​ដោយសារ​បញ្ហា​កូ​វី​ដ​១៩ ។

បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភសិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់កាប់​ដីធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។

សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (​សង់​ត្រា​ល់​) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ បាន​ធ្វើការ​ស្រាវជ្រាវ ស្ទង់​មតិ​ជាមួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ ដែល​ភាគច្រើន​ជា​ស្ដ្រី​មក​ពី​រោងចក្រ​កាត់ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង ក្នុង​ការ​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោងចក្រ​រាប់រយ​បាន​ផ្អាក​ដំណើរការ ដោយសារ​ការ​រីក​រាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩​នេះ ។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា​«​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» ដែល​ចេញពី​ការ​ស្រាវជ្រាវ​ខាងលើ បាន​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ​នោះ​កម្មករ កម្មការិនី​ទាំងនេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចីប្រាក់​កម្ចី​កាន់តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សងបំណុល​ដែល​មាន​ស្រាប់ ។ «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» បាន​លើក​ឡើង​បន្ត​ថា កន្លង​មក រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ផ្ដល់​ការ​ពន្យា​ពេល​សងបំណុល​ដល់​អ្នក​ខ្ចីប្រាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​មួយ​ចំនួន ប៉ុន្តែ​ការ​ដោះស្រាយ​តាម​ករណី​ជាក់ស្ដែង​នីមួយ​ៗ សម្រាប់​វិបត្តិ​ដែល​កើត​មាននៅ​ទូ​ទាំង​ប្រទេស​បែប​នេះ គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់​រាប់​លាន​នាក់​ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​នោះ​ទេ ។

ក្រុម​អង្គការ​ដែល​បាន​ចុះ​ស្រាវជ្រាវ បាន​ស្នើ​ដោយ​ទទូច​ឱ្យ​មានកម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ឱ្យ​បាន​ឆាប់​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ និង​អ្នក​វិនិយោគិន​អន្តរជាតិ ដែល​បាន​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ ដើម្បី​បង្ក​ជា​បន្ទុក​នៃ​ការ​ជាប់ជំពាក់​បំណុល​វ័ណ្ឌក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

អង្គការ​ដែល​បាន​ស្រាវជ្រាវ​របាយការណ៍​ខាងលើ​សំណូមពរ​ថា «​យើងខ្ញុំ​ក៏​សង្ឃឹមថា រាជរដ្ឋាភិបាល​អាច​ពង្រីក​កម្មវិធី​ការពារ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ខ្ចីប្រាក់ និង​អនុវត្ត​ឱ្យ​បាន​ឆាប់រហ័ស​នូវ​វិធានការ​តាម​ផ្លូវច្បាប់ ដែល​គ្របដណ្តប់​លើ​គ្រប់​វិស័យ រួម​មានការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​បង់​សង​ប្រាក់​កម្ចី និង​ការ​ប្រាក់ និង​ការ​ប្រគល់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ ឬ​លិខិតបញ្ជាក់​ការ​កាន់កាប់​ដីធ្លី ដែល​បាន​ដាក់​ជា​ទ្រព្យ​ធានា​ឱ្យ​ម្ចាស់ទ្រព្យ​វិញ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​ខ្ចីប្រាក់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដូច​ជា​កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ សហគមន៍ និង​គ្រួសារ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ ដូច​ជា អ្នក​ដែល​ទទួល​បានការ​គាំទ្រ​ដោយ​កម្មវិធី​ប័ណ្ណ​ក្រីក្រ​ជាដើម​»​។

មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ពី​រដ្ឋាភិបាល​ចំពោះ​របាយការណ៍​នេះ​ទេ តែ​របាយការណ៍​នេះ បាន​ចេញ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​សាច់ប្រាក់​បន្តបន្ទាប់ ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា ពលរដ្ឋ និង​កម្មករ​និ​យោ​ជិ​ក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ។ គិត​ត្រឹម​ថ្ងៃ​ទី​២៤ មិថុនា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ៨​លើក​ហើយ ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ ។

ចំណែក​រដ្ឋាភិបាល​បាន​កំពុង​ផ្តល់​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ​ពី​កូ​វី​ដ​១៩ ក្នុង​ជុំ​ទី​១ ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ ដែល​ត្រូវ​ចំណាយ​ថវិកា​មិន​តិច​ជាង ២៥ លាន​ដុល្លារ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ