ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ប្រែក្លាយ​ជីវិត​អ្នក​មគ្គុទ្ទេសក៍ ងាក​ទៅ​ធ្វើ​ចំការ ដាំ​បន្លែ និង​ធ្វើ​កម្មករ​សំណង់​ក្រោយ​បាត់បង់​កម្រៃ​ច្រើន​ខែ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល៦​ខែ​ហើយ​ដែល​លោក សុ​វ​ណ្ណា ដែល​ធ្វើការ​ជា​អ្នក​មគ្គុទ្ទេសក៍​នៅ​ខេត្តសៀម​រាប​បាត់បង់​ប្រាក់​ចំណូល​ទាំងស្រុង​ពី​អាជីព​មួយ​ដែល​លោក​បាន​ប្រឡូក​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ។ លោក សុ​វ​ណ្ណា​បាន​ពោល​ទាំង​តឹងទ្រូង​ថា «​ពីរ​បី​ខែ​ដំបូង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩…

ខេត្តសៀមរាប ៖ រយៈពេល៦​ខែ​ហើយ​ដែល​លោក សុ​វ​ណ្ណា ដែល​ធ្វើការ​ជា​អ្នក​មគ្គុទ្ទេសក៍​នៅ​ខេត្តសៀម​រាប​បាត់បង់​ប្រាក់​ចំណូល​ទាំងស្រុង​ពី​អាជីព​មួយ​ដែល​លោក​បាន​ប្រឡូក​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ។

លោក សុ​វ​ណ្ណា​បាន​ពោល​ទាំង​តឹងទ្រូង​ថា «​ពីរ​បី​ខែ​ដំបូង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ គឺ​ពុំ​មានការ​ងារ​ធ្វើ​ទេ ពេល​នោះ​គឺ​បន់​ឲ្យ​វិបត្តិ​នេះ​សាបសូន្យ​ទៅ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​នោះ​ទេ ពេល​នេះ​គឺ​រយៈពេល​៦​ខែ​ពេញ​ដែល​អត់​មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ហើយ​ត្រូវ​បង់ថ្លៃ​ទឹក​ភ្លើង និង​ម្ហូបអាហារ​ទៀត​ផង​។ ខ្ញុំ​ទន្ទឹង​ឲ្យ​វា​ទៅ​បាត់​ឆាប់​ៗ តែ​មើលទៅ​ពិបាក​ណាស់​ថា វិបត្តិ​កូ​វី​ដ​១៩​នេះ​នឹង​សាប​រលត់​ឆាប់​ៗ​នោះ​» ។

ដោយសារ​តែ​ប្រឡូក​ការងារ​ជា​អ្នក​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ជាង ២០​ឆ្នាំ​ធ្វើ​ឲ្យ​លោក​ស្គាល់​មនុស្ស​ច្រើន ហេតុ​ដូច្នេះ​ហើយ អំឡុង​ពេល​រង់ចាំ​មើល​ស្ថានភាព​ធូរស្បើយ​របស់​កូ​វី​ដ ១៩ និង​គ្មាន​ការងារ​ធ្វើ​ផង​នោះ គាត់​បាន​សរសេរ​នូវ​បញ្ហា​ប្រឈម​នៃ​ការ​គ្មាន​ចំណូល​ពី​ការងារ​របស់​លោក​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ទាក់ទង​ពី​ជីវិត​វេទនា​ក្នុង​អំឡុង​កូ​វី​ដ​១៩ ។ ក្រោយ​ពេល​បង្ហោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ដែល​ស្គាល់​លោក​បាន​ជួយ​ឧ​ប​ត្ថម្ភ​ដល់​រូប​លោក​បាន​ខ្លះ​ៗ​ដែរ​។

ដោយ​យល់​ឃើញ​ថា​ការ​ផុស​បែប​នេះ​មិន​អាច​ជួយ​គាត់​បាន​នោះ​ទេ គឺ​ត្រឹម​ដោះស្រាយ​បញ្ហា​បាន ម្តងម្កាល់ ដែល​ពី​មុន​ពេល​មាន​កូ​វី​ដ គឺ​អាច​រក​ចំណូល​បាន​ច្រើន តែ​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​អូស​បន្លាយ​ទើប​អ្នក​មគ្គុទ្ទេសក៍​រូប​នេះ​ចាប់ផ្តើម​មានគំនិត​ថ្មី ដោយ​ព្យាយាម​រក​ប្រាក់​ចំណូល​តាម​រយៈ​ការ​បង្កើត​វី​ដេ​អូ​បង្ហោះ​តាម​យូ​ធូប (youtube) វិញ​ម្តង​។

បង​សុ​វ​ណ្ណា បាន​និយាយ​ថា «​ខ្ញុំ​មិន​មានការ​ងារ​ធ្វើ​ជិត ៦ ខែ ហើយ ពេល​មាន​កូ​វី​ដ​១៩​ភ្លាម​ៗ ខ្ញុំ​បាន​ដើរ​រក​ជំនួយ​បាន​ទប់​ពីរ​បី​ខែ​ដែរ ប៉ុន្តែ​មើលទៅ វិបត្តិ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ ហើយ​ខ្ញុំ​ក៏​មិន​អាច​បន្ត​សុំ​ជំនួយ​ពី​មិត្ត​ភ័ក្ត្រ​បាន​ទៀត​ទេ​។ ដូចនេះ​ខ្ញុំ​ចាប់ផ្តើម​រក​ប្រាក់​តាម យូ​ធូប ហើយ​ឥឡូវ​មាន​អ្នក ស៊ា​ប់​ក្រាប (subscribe) ជិត ៤០០​នាក់ ប៉ុន្តែ​យូ​ធូប​បាន​បញ្ជាក់​ថា ទាល់តែ​មាន​អ្នក subscribe ១០០០​នាក់​ឡើង​ទៅ​ទើប​អាច​រក​ចំណូល​បាន ដូច្នេះ​រូប​គាត់​ផ្ទាល់​កំពុង​ពើប​ប្រ​ទៈ​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ដោយ
សារ​តែ​វិស័យ​ទេសចរណ៍​ហាក់​មិន​ទាន់​ស្រូប​ទាញ​បាន​ទេសចរ​បរទេស​មក​កំសាន្ត​ឡើង​វិញ​បាន ។

រឿងរ៉ាវ​របស់​លោក សុ​វ​ណ្ណា គឺជា​ផ្នែក​មួយ​នៃ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​វាយប្រហារ​លើ​បងប្អូន​ដែល​ធ្វើការ​រំពឹង​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។ នៅ​កម្ពុជា គឺ​មាន​អ្នក​មគ្គុទ្ទេសក៍​ប្រមាណ​ជា​ជាង ៥ ពាន់​នាក់ ក្នុង​នោះ​មាន ៩០ ភាគរយ​ជា​អ្នកធ្វើការ​ឯកជន​ក្នុង​ខេត្តសៀមរាប ដែល​ពេល​នេះ​ម្នាក់​ៗ​កំពុង​រង​គ្រោះ​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ហើយ​ងាក​ទៅ​ធ្វើ​ចំការ ឬ​ដាំ​បន្លែ ទៅ​រក​ត្រី ឬ​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​ខ្លះ​ទៀត​ក៏​បាន​ចាប់ផ្តើម​ការ​ធ្វើ​វី​ដេ​អូ​ដាក់​ក្នុង​យូ​ធូប ដូច​លោក សុ​វ​ណ្ណា ជាដើម ។

យោង​តាម​ការ​លើក​ឡើង របស់​ប្រធាន​សមាគម​ន៍​អង្គរ ក្នុង​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា នេះ ថា​មគ្គុទ្ទេសក៍​មាន​ជាង ៥ ពាន់​នាក់ ក្នុង​នោះ ៣ ពាន់​នាក់ មាន​អាជ្ញាប័ណ្ណ​បណ្តុះបណ្តាល​រកស៊ី ។ ក្នុង​នោះ ៩០ ភាគរយ នៃ​អ្នក​មគ្គុទ្ទេសក៍ គឺ​ធ្វើការ​រក​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង ខណៈ​អ្នកធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​គឺ​មាន​ត្រឹមតែ ១០ ភាគរយ​។

លោក ខៀវ ធី ជា​អ្នក​មគ្គុទ្ទេសក៍ និង​ជា​ប្រធាន​សហគមន៍​មគ្គុទ្ទេសក៍​អង្គរ បាន​និយាយ​ថា «​អ្នក​មគ្គុទ្ទេសក៍​ទាំងអស់​រក​ប្រាក់​ចំណូល​បាន​តាម​រយៈ​ភ្ញៀវ​ទេសចរ ហើយ​បើ​មិន​មាន (​ភ្ញៀវ​ទេសចរ​បរទេស​) មាន​ន័យ​ថា​អត់​មាន​ប្រាក់​ចំណូល​។ កំពុង​អំឡុង​ពេល​នេះ ពួក​គាត់​បាន​ដើរ​រក​ការងារ​ធ្វើ​ផ្សេង​អស់ហើយ ដោយ​មិន​អាច​រង់ចាំ​បាន​តទៅ​ទៀត »​។

លោក ខៀវ ធី បាន​បន្ត​ថា «​អ្នក​មគ្គុទ្ទេសក៍ គឺ​រកបាន​ប្រាក់​ចំណូល​ច្រើន​តាម​រយៈ​ប្រាក់​បន្ថែម ឬ​លុយ​ធីប (​ទឹកតែ​) ហើយ​ទៅ​តាម​រដូវ​ទៀត ។ អ្នក​មគ្គុទ្ទេសក៍​ខ្លះ​អាច​មាន​ប្រាក់​ចំណូល​យ៉ាង​ទាប​បំផុត​ក៏​ត្រឹម ៣០ ដុល្លារ​អា​មេ​រិ​ក ដែរ​ក្នុង​មួយ​ថ្ងៃ នឹង​អ្នកខ្លះ​អាច​បាន​ដល់​ជិត​មួយ​រយ​ក្នុង​មួយ​ថ្ងៃ​»​។

ប្រធាន​សមាគម​ន៍​រូប​នេះ​បាន​បញ្ជាក់​ដូចនេះ​ថា បើ​ទោះបីជា​ភ្ញៀវ​ទេសចរ ភាគច្រើន​ជា​ជនជាតិ​ចិន​ក្តី ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ទាំងនោះ មិនសូវ​ជា​ផ្តល់​ប្រាក់​បន្ថែម ឱ្យ​អ្នក​មគ្គុទ្ទេសក៍​នោះ​ទេ ។ ទេសចរ​ជនជាតិ​ចិន​ច្រើន (​មាន​ចំណូលចិត្ត​) តែ​ដើរ​ទិញ​ទំនិញ និង​ចូល​ភោជនីយដ្ឋាន អ៊ីចឹង​អ្នក​ម​គ្គុ​ទ្ទេស អត់​បាន​លុយ​ធីប​ពី​ទេសចរ​ចិន តែ​ក៍​អាច​រក​ប្រាក់​បន្ថែម​បាន ដោយ​ហាង​ទាំងនោះ​គិត​ជា​ភាគរយ ក្នុង​ការ​នាំ​ភ្ញៀវ​ចូល​វិញ​។ ហើយ​បើ​ភ្ញៀវ​ដែល​ផ្តល់​ប្រាក់​បន្ថែម​បាន​ច្រើន គឺ​ច្រើន​តែ​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​សហរដ្ឋអាមេរិក (​ផ្តល់​ទឹកតែ​ឱ្យ​បាន​ច្រើន​)​។

យោង​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ នៃ​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀប​នឹង​រយៈពេល​៣​ស​ប្តា​ហ៍ នៃ​ខែឧសភា កន្លង​មក​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទាំងនោះ​មាន​ជាតិ​ចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និង​ភ្ញៀវ​បរទេស​មាន​ចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤% ដោយ​ក្នុង​នោះ ខេត្ត​តំបន់ឆ្នេរ (​ពិសេស​ខេត្តកំពត និង​កែប​) នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ច្រើន (​ជិត ៥០% នៃ​ទេសចរ​ផ្ទៃក្នុង​សរុប​)​។

ចំណែកឯ​ខេត្តសៀមរាប ក៏​នៅ​តែ​បន្ត​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងជា​បណ្តើរ​ៗ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន ពិសេស​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​ជា​ធម្មតា​។

លោក ខៀវ ធី បាន​លើក​ឡើង​ថា «​បើ​ទោះជា​មាន​សន្ទុះ​ងើបឡើង​បណ្តើរ​ក្តី ប៉ុន្តែ​វា​បាន​ជួយ​ទៅ​ដល់​ខាង​ផ្នែក​សេវាកម្ម​ផ្តល់ ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន និង​កន្លែង​លក់ដូរ​ផ្សេង​ៗ រីឯ​អ្នក​មគ្គុទ្ទេសក៍ ហាក់បីដូចជា​មិនសូវ​មានការ​ប្រើប្រាស់​សេវាកម្ម​មគ្គុទ្ទេសក៍​ទេ​។ ដូច​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ បើ​ទោះបី​មានការ​ធ្វើ​ដំណើរ​កំសាន្ត​របស់​ប្រជាជន​កម្ពុជា​មែន តែ​ពួក​គាត់​មិន​ប្រើ​សេវាកម្ម​មគ្គុទ្ទេសក៍​ទេ​»​។

មគ្គុទ្ទេសក៍​ទាំងអស់​ក៏​ចង់ទៅ រត់​តុ​កតុក ផាស់​អ៊ែ​ប ឬ​ម៉ូតូឌុប​ក៏​មិនសូវ​បាន​ដែរ ព្រោះ​អត់​ភ្ញៀវ​ដឹក​ដដែល ។ ភ្ញៀវ​ក្នុងស្រុក​យើង​មិនសូវ​រក​មធ្យោបាយ​ទាំង​អស់នេះ​ទេ ព្រោះ​ភាគច្រើន​អ្នក​ក្នុងស្រុក​គេ​មាន​មធ្យោបាយ​របស់​ពួក​គេ​ផ្ទាល់ខ្លួន ។

ងាក​ទៅ​លោក សុ​វ​ណ្ណា វិញ វី​ដេ​អូ​របស់​គាត់​ផលិត​ភាគច្រើន និយាយ​រៀបរាប់​អំពី​ប្រាសាទ​នានា និង​ដំណើរ​កំសាន្ត​ទៅ​កាន់​រមណីយដ្ឋាន​នានា​ក្នុង​ទឹកដី​ខេត្តសៀមរាប​អង្គរ ។ លោក​សុ​វ​ណ្ណា បាន​បន្ត​ទៀត​ថា មុន​មាន​វិបត្តិ​កូ​វី​ដ​១៩ គាត់​អាច​រក​ប្រាក់​បាន​ដោយ​ខែ ប៉ុន្តែ​ជា​ធម្មតា​គាត់​អាច​រកបាន​ចាប់ពី ៣០០ ទៅ ៤០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ​ដែរ តាម​រដូវ​កាល​មាន​តិច​ឬ​ភ្ញៀវ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ