រាជធានីភ្នំពេញ៖ នៅពេលអនាគតដ៏ខ្លីខាងមុខកម្ពុជានឹងមានច្បាប់ស្តីពីនគរបាលជាតិខណៈពេលនេះក្រសួងមហាផ្ទៃ បានកំពុងពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ ។
បើតាមលោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានប្រសាសន៍ថាការដែលមានច្បាប់ស្តីពីនគរបាលជាតិ ជាកិច្ចការសំខាន់ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងការគ្រប់គ្រងនគបាលជាតិ ។ លោកបានបញ្ជាក់ថាច្បាប់មានវិសាលភាពធំជាងអនុក្រឹត្យ និងសេចក្តីប្រកាស ដែលជាបែបបទដែលក្រសួងមហាផ្ទៃ ធ្លាប់បានអនុវត្តនាពេលកន្លងមក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ជារួមថា «ខ្ញុំលើកឧទាហរណ៍ ករណីចំនួន ឧត្តមសេនីយ៍ វរសេនីយ៍ និងថ្នាក់ផ្សេងៗទៀត នៅពេលយើងមិនមានច្បាប់ ចំនួនមិនបានកំណត់ ប៉ុន្តែនៅពេលមានច្បាប់ចំនួននឹងកំណត់ សមត្ថភាពនឹងពង្រឹងពីព្រោះអ្វីៗមានចែងលម្អិតក្នុងច្បាប់» ។
ក្រសួងមហាផ្ទៃបានផ្សាយថា សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជា ដែលកំពុងពិនិត្យសិក្សានោះ មាន១៨ជំពូក ៩០មាត្រា រៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីលក្ខន្តិកៈការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បតិ្តសាធារណៈ និងឯកជនដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារពិនិត្យសេចក្តីព្រាងច្បាប់ខាងលើនោះ ក្រោយទទួលបានគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យពិចារណារ ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណា រៀបចំច្បាប់នេះឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវសុគតិភាពជាមួយនឹងច្បាប់ដទៃដែលពាក់ព័ន្ធ និងត្រូវសិក្សាបន្ថែមផងដែរអំពីបទដ្ឋានគតិយុទ្ធ និងបទពិសោធន៌ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសអូស្រា្តលីជាដើម។
ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា កន្លងមកប្រទេសអូស្រា្តលីបានជួយនិងផ្តល់ជាបទពិសោធ៍មួយចំនួនលើ សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជានេះផងដែរ៕
ចែករំលែកព័តមាននេះ