ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ខ្លួន​ធ្វើ​ចឹ​ង​​ចង់​ចូល​គុក ព្រោះ​មាន​បាយ​និង​កន្លែង​ដេក

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​មិនដឹង​ពី​ប្រវត្តិ និង​​អត្តសញ្ញាណ​របស់​ខ្លួន ត្រូវ​បាន​ម្ចាស់ផ្ទះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ដែល​ទុក​នៅ​ក្នុង​របង​ផ្ទះ​។​ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រហេមរហាម​ថា មូលហេតុ​ដែល​គេ​សម្រេចចិត្ត​ធ្វើ​បែប​​នេះ ព្រោះតែ​គេ​ចង់​ឲ្យ​សមត្ថកិច្ច​ចាប់​យក​រូបគេ​ទៅ​ដាក់គុក…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​មិនដឹង​ពី​ប្រវត្តិ និង​​អត្តសញ្ញាណ​របស់​ខ្លួន ត្រូវ​បាន​ម្ចាស់ផ្ទះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ដែល​ទុក​នៅ​ក្នុង​របង​ផ្ទះ​។​ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រហេមរហាម​ថា មូលហេតុ​ដែល​គេ​សម្រេចចិត្ត​ធ្វើ​បែប​​នេះ ព្រោះតែ​គេ​ចង់​ឲ្យ​សមត្ថកិច្ច​ចាប់​យក​រូបគេ​ទៅ​ដាក់គុក ដោយ​យល់​ថា រស់នៅ​ក្នុង​គុក​មាន​បាយ​ហូប​ស្រាប់ និង​កន្លែងដេក​នៅ​ស្រួល បើ​គេ​នៅ​តែ​ដើរ​ខាងក្រៅ​បែប​នេះ មិនដឹង​ថា ដាច់​បាយ​រហូត​ខ្យល់គរ​ស្លាប់​នៅ​ពេល​ណា​នោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​9​និង​20​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​26 ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ផាត់ សុខ​លី ភេទ​ប្រុស អាយុ​59​ឆ្នាំ រស់នៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ខេត្តកំពង់ស្ពឺ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ រតន​: ភេទ​ប្រុស មិនដឹង​អាយុ​នោះ (​មិនដឹង​អាយុ​ខ្លួនឯង​) ទីលំនៅ និង​មុខរបរ​មិន​ប្រាកដ​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ម៉ាក​សេ​125 ស៊េរី​2016 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1F8862 ជា​កម្មសិទ្ធិ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ផាត់ សុខ​លី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​ខាងលើ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅ​ថ្នាក់លើ ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ហូរ​រហេមរហាម​ថា ខ្លួន​មិនដឹង​ថា មាន​ឪពុក និង​ម្ដាយ​ឈ្មោះ​អ្វី និង​រស់នៅ​ខេត្ត​ណា​នោះ​ទេ? សូ​ម្បី​តែ​ឈ្មោះ​របស់​គេ​ហៅ​ថា រតនៈ នេះ គឺ​ត្រូវ​បាន​អ្នក​រស់នៅ​ជាមួយ​គ្នា​ហៅ​ជាប់មាត់​រហូត​មក ទើប​គេ​ដឹង​ថា ខ្លួនឯង​ឈ្មោះ រតនៈ នេះ​។

ជនសង្ស័យ​រូប​នេះ​បាន​បន្ត​ថា រូបគេ​បាន​ធំ​ដឹងក្តី​ឡើង​នៅ​គំនរ​សំរាម និង​រស់នៅ​អនាថា​ជាមួយ​អ្នក​រើស​សំរាម រហូត​ដល់​ធំ​ពេញវ័យ ហើយ​ចេះ​តែ​នៅ​ជាមួយ​គេ​រហូត​ទៅ​មក​ដល់​ពេល​នេះ គេ​មិន​ដឹង​ថា តើ​រូបគេ​មាន​អាយុ​ប៉ុន្មាន​នោះ​ទេ? រូបគេ​បាន​រស់នៅ​តាម​យថាកម្ម ដោយពេល​ខ្លះ​រើស​អេ​ត​ចាយ​បាន​ក៏​មាន​លុយ​ទិញ​បាយ​ហូប​ទៅ ហើយ​ពេល​ខ្លះ​ទៀត​ក៏​ដាច់​បាយ​ទៅ​តាម​នោះ​ដែរ​។ កន្លង​មក គេ​ធ្លាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ហាង​ផឹកស៊ី ដោយ​ចង់​ធ្វើ​ជា​អ្នក​រត់​តុ និង​ខាង​លាង​ចាន តែ​មិន​ត្រូវ​បាន​គេ​ទទួល​នោះ​ទេ ដោយសារ​តែ​រូបគេ​មិន​មាន​លិខិតបញ្ជាក់​អំពី​អត្តសញ្ញាណ និង​អ្នក​ធានា​ច្បាស់លាស់​។

ជនសង្ស័យ​រូប​នេះ​បញ្ជាក់​ថា ខ្សែជីវិត​អនាថា​របស់​គេ​ចេះ​តែរ​សាត់អណ្តែត​គ្មាន​កោះ​ត្រើយ មុន​ពេល​ដែល​គេ​សម្រេចចិត្ត​ចូល​ទៅ​លួច​យក​ម៉ូតូ​នេះ គេ​នឹកគិត​ឃើញ​ថា បើ​គេ​នៅ​តែ​ដើរ​អត់បាយ និង​គ្មាន​ទិស​ដៅ​បែប​នេះ រូបគេ​ច្បាស់​ជា​ខ្យល់គរ​ដួល​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ​។ បន្ទាប់​ពី​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​រូបគេ​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ រួច​រូបគេ​ក៏​សម្រេចចិត្ត​ចូល​ទៅ​លួច​យក​ម៉ូតូ​ក្នុង​គោលបំណង​ឲ្យ​គេ​ចាប់ខ្លួន ដើម្បី​យក​ទៅ​ដាក់គុក ព្រោះតែ​យល់​ថា បើ​ជាប់គុក​គេ​នឹង​មាន​បាយ​ហូប​ស្រាប់ និង​កន្លែងដេក​នៅ​ស្រួល លែង​ដើរ​អនាថា​តទៅ​ទៀត​។

ដោយ​សួរ​ចម្លើយ​រក​អត្តសញ្ញាណ​មិនឃើញ​បែប​នេះ ធ្វើ​ឲ្យ​សមត្ថកិច្ច​កើតក្តី​អាណិតអាសូរ ក៏​បាន​ឲ្យ​ហូប​បាយ និង​ទឹក រួច​ក៏​រៀបចំ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ម៉ូតូ​ដែល​លួច​នោះ ត្រូវ​សមត្ថកិច្ច​បាន​ប្រគល់​ម្ចាស់​ដើម​ហើយ​។

ទោះជា​យ៉ាងនេះ​ក្តី ការ​រៀបរាប់​ខាងលើ​របស់​ជនសង្ស័យ យើង​មិន​អាច​ជឿ​បាន​តាម​ទាំងស្រុង​នោះ​ទេ ព្រោះថា ប្រហែលជា​ជនសង្ស័យ​អាច​មានគំនិត​ចង់​បង្កើត​រឿងរ៉ាវ​ធ្វើ​ឱ្យ​មាន​ក្តី​អាណិត​អាសូរ​ចំពោះ​គេ​ក៏​ថា​បាន​ដែរ ប៉ុន្តែ​ក៏​អាច​ប្រហែលជា​ការ​និយាយ​រៀបរាប់​របស់​ជនសង្ស័យ​រូប​នេះ ជា​ការ​ពិត​ក៏​មាន​ដែរ ។ ចុះ​បងប្អូន​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​រៀបរាប់​របស់​ជនសង្ស័យ​រូប​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ