ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានស្ត្រីម្នាក់ចេញពីជប់លៀងមិត្តភក្តិរួចក៏បើករថយន្តកាមរី១គ្រឿងវ៉ាជែងរថយន្តប៉ែនដឹកដីក៏ធ្វើឱ្យជ្រុលចង្កូតមកខាងឆ្វេងក៏ធ្លាក់ទឹកបឹង បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ខណៈពេលដែលស្ត្រីរូបនេះបើកឡានបណ្តើរ ឡាយវីដេអូបណ្តើរ ស្រាប់តែបាត់ការឡាយមិត្តភក្តិឆ្ងល់ក៏មកដល់កន្លែងកើតហេតុទើបដឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី១២និង៣០នាទីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបឹងទទឹងថ្ងៃ តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
សេចក្តីរាយកការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើឈ្មោះ មៀន ចាន់វលក្ខ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានបើករថយន្តកាមរី ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BG-៧២៧៤ ។
បើតាមបុរសម្នាក់ជិះម៉ូតូកូនទានៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានបើកម៉ូតូតាមផ្លូវ៦០ម៉ែត្រ ពីភ្នំពេញទៅក្រុងតាខ្មៅ លុះមកដល់ចំណុចខាងលើ មិនដឹងថា ប្រុស ឬស្រីនោះទេ ជាអ្នកបើករថយន្តតក្នុងល្បឿនលឿនដូចហោះ ដោយបើកស្របទិសជាមួយម៉ូតូគាត់ ។ រួចរថយន្តរងគ្រោះនោះបានបើកវ៉ាជែងម៉ូតូគាត់ ហើយនិងវ៉ារថយន្តប៉ែន១គ្រឿងទៀត ស្រាប់តែរអិលរេចង្កូតទៅខាងឆ្វេង ហើយស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងរលីមស្រិចៗផងនោះ ក៏ជ្រុលបុកចូលព្រៃត្រែង រួចធ្លាក់ក្នុងបឹងលិចបាត់តែម្តង ឃើញអណ្ដែតតែកង់ក្រោយប៉ុណ្ណោះ ។ ភ្លាមៗនោះ គាត់ក៏ទូរស័ព្ទរាយការណ៍ជូននគរបាលឱ្យប្រញាប់ហៅរថយន្តស្ទួចមក ដើម្បីជួយលើកឡានឡើងគោកវិញ ក្រែងលោអាចសង្គ្រោះអ្នកក្នុងរថយន្តបាន ដោយមិនដឹងថាមានមនុស្សប៉ុន្មាននាក់រថយន្តនោះទេ ។
បើតាមនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលឱ្យមកពីរថយន្តកាមរី២០០៧ បើកបរដោយស្ត្រីរងគ្រោះអាយុ៣០ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ ក្នុងសង្កាត់ដង្កោ ។ ហើយតាមប្រភពពីមិត្តភក្តិសពបានឱ្យដឹងថា ស្ត្រីរងគ្រោះមុនពែលកើតហេតុ គឺទើបចេញពីកម្មពិធីជប់លៀងមិត្តភក្តិ ហើយពេលចេញមកវិញឃើញបើករថយន្តបណ្ដើរ ឡាយវីដេអូបណ្ដើរ តែស្រាប់ដាច់ការឡាយនៅផ្លូវ៦០ម៉ែត្រ រួចក៏មើលព័ត៌មានតាមការឡាយផ្ទាល់ឃើញថា ឡានធ្លាក់ទឹក ។
ក្រោយមកក៏មានការសង្ស័យ រួចក៏ជិះមកមើល និងសុំឱ្យពលរដ្ឋជួយស្រង់អ្នកបើករថយន្តចេញមក ទើបដឹងថា ពិតជាមិត្តភក្តិរបស់គាត់មែន សឹងតែមិនជឿ ហើយក៏បានស្នើសុំសពដាក់រថយន្តដឹកយកទៅឱ្យគ្រួសារវិញ ។
នគរបាលបានបញ្ជាក់ថា នគរបាលអាចប្រគល់សពជនរងគ្រោះវិញ តែសុំឱ្យសាច់ញាតិមកកន្លែងកើតហេតុ ដើម្បីផ្ដិតមេដៃទទួល ទើបនគរបាលអាចប្រគល់ឦឱ្យ រួមនឹងរថយន្តផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ