ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ឯកទេស​វី​ង និង​អង្គការ​ស្នាម​ញញឹម​​កម្ពុជា រួម​គ្នា​គាំទ្រ​ដល់​អ្នកជំងឺ​មាន​បញ្ហា​ពិការ​ភាព​មុខមាត់​ពី​កំណើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង និង​អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ធ្វើ​ជា​ដៃគូ ដើម្បី​ផ្សព្វផ្សាយ​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​អ្នកជំងឺ​កម្ពុជា ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប…

រាជធានី​ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង និង​អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ធ្វើ​ជា​ដៃគូ ដើម្បី​ផ្សព្វផ្សាយ​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​អ្នកជំងឺ​កម្ពុជា ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ ។

ក្នុង​ភាព​ជា​ដៃគូ​នេះ ធនាគា​ឯកទេស​វី​ង នឹង​ជួយ​គាំទ្រ​ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកជំងឺ​កម្ពុជា​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​ធនាគារ​ឯកទេស​វី​ង ដោយ​រួម​មាន ៖ បណ្តាញ​សង្គម គេហទំព័រ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​តាម​រយៈ​ភ្នាក់ងារ​វី​ង​ជាដើម ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា​៖ «​មាត់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រាង​កាយ​របស់​មនុស្ស ។ ទោះបីជា​យ៉ាងណា​ក្តី កុមារ​មួយ​ចំនួន​បាន​ទទួល​រង​គ្រោះ​នៃ​បញ្ហា​ឆែបមាត់​ដែល​បណ្តាល​ឱ្យ​ពួក​គេ​ពិបាក​បរិភោគ​អាហារ ពិបាក​ធ្វើការ​ទំនាក់ទំនង និង​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង ។ យើង​ដឹង​ពី​ការ​ឈឺចាប់​របស់​​ពួក​គេ ហើយ​យើង​មាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន និង​យុវជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ជាមួយ​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ» ។

ក្នុង​នាម​ជា​ធនាគារ​ឯកទេស​ឈានមុខ​គេ​នៅ​កម្ពុជា វី​ង បាន​បញ្ជ្រាប​នូវ​ស្មារតី​នៃ​ការ​ចូលរួម​កិច្ច​ការ​សង្គម​ទៅ​ដល់​និ​យោ​ជិ​ក និង​ការ​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផង​ដែរ ។ វី​ង បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​តាម​គ្រប់​វិធី​ទាំងអស់ ។ ហេតុ​ដូច​ច្នេះ​ហើយ ទើប​កម្មវិធី​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​របស់ វី​ង បាន​ផ្តោត​សំខាន់​លើ​៖ អក្ខរកម្ម​ហិរញ្ញវត្ថុ សុខភាព និង​សុវត្ថិភាព ការ​អភិវឌ្ឍន៍​សហគមន៍ ការ​អប់រំ ក៏​ដូច​ជា​ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ​ជាដើម ។

លោក ចាន់ កុក​ច​យ នាយក​ប្រតិបត្តិ នៃ​អង្គការ​ស្នាមញញឹម​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​នា​ថ្ងៃនេះ នឹង​ធ្វើ​ឱ្យ​យើង​អាច​ជួយ​ដល់​ប្រជាជន​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​របស់ វី​ង ។ យើង​ដឹង​ពី​ការ​ឈឺចាប់​របស់​អ្នកជំងឺ ហើយ​យើង​ចង់ឱ្យ​ជីវិត​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម និង​ប្រកបដោយ​ទំនុកចិត្ត ។ យើង​ចង់​ព្យា​បាល​អ្នកជំងឺ​ដែល​មិន​បាន​ទទួល​ការ​វះកាត់​មាត់​ឆែប ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ ។ យើង​នឹង​រៀបចំ​ប្រតិបត្ដិការ​វះកាត់​នៅ​តាម​ខេត្ដ​ផ្សេង​ៗ​ដើម្បី​ព្យាបាល និង​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​អនាគត​ល្អ​ប្រសើរ​» ។

បណ្តា​អ្នកជំងឺ​ដែល​មាន​ឆែបមាត់ មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​ដែល​បណ្តាល​ឲ្យ​ពួក​គាត់​មាន​បញ្ហា​ផ្លូវចិត្ត និង​អាកប្បកិរិយា​ផង​ដែរ ។ ចាប់តាំងពី​ឆ្នាំ ២០១៥ អង្គការ​ស្នាមញញឹម​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បន្ត​បុព្វហេតុ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកជំងឺ​កម្ពុជា​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការ​ភាព​មុខមាត់​ផ្សេង​ៗ ។

ក្នុង​រយៈពេល​ជា ៥​ឆ្នាំ​មកនេះ អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ផ្តល់​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកជំងឺ​ប្រមាណ ១៤០០​នាក់​ដោយ​មាន​គាំទ្រ​ពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM, Australia, ជាដើម ដោយ​មាន​អ្នក​ស្ម័គ្រចិត្ត​ក្នុងស្រុក​ជាង ៥០ នាក់​រួម​មាន​៖ គ្រូពេទ្យ​វះកាត់ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​សន្តំ និង​គិលានុបដ្ឋាយិកា​ជាដើម ដែល​មានបទពិសោធន៍​ល្អ និង​បាន​គាំទ្រ​ប្រតិបត្តិការ​វះកាត់ ។ ចាប់ពី​ពេល​នេះ​តទៅ​ភ្នាក់ងារ​វី​ង​ជិត ៨០០០​កន្លែង​ទូ​ទាំង​ព្រះរាជា​ណាចក្រ​នឹង​ចូលរួម​ផ្តល់​នូវ​ពន្លឺ​នៃ​ជីវិត​ដល់​កុមារ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​​ផង​ដែរ ៕ ដោយ​​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ