ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​ផ្តល់​ជំនួយ​៩៣​លាន​ដុល្លារ​ជំរុញ​ពលរដ្ឋ​ក្រីក្រ​មាន​ដី​កម្មសិទ្ធិ សម្រាប់​លើកកម្ពស់​ជីវភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារពិភពលោក បាន​អនុម័ត​ឥណទាន​៩៣​លាន​ដុល្លារ​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គម្រោង បង្កើន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការ​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​កសិកម្ម និង​សង្គម​សម្រាប់​ប្រជាជន​ក្រីក្រ​គ្មាន​ដី និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ។ តាម​រយៈ «​គម្រោង​បែងចែក​ដី…

ធនាគារពិភពលោក បាន​អនុម័ត​ឥណទាន​៩៣​លាន​ដុល្លារ​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គម្រោង បង្កើន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការ​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​កសិកម្ម និង​សង្គម​សម្រាប់​ប្រជាជន​ក្រីក្រ​គ្មាន​ដី និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ។

តាម​រយៈ «​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​៣» (LASED III) ជំនួយ​នេះ​នឹង​ជួយ​ឱ្យ​កសិករ​ខ្នាត​តូច និង​សហគមន៍​ជនបទ​មាន​លទ្ធភាព​ប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ តាម​របៀប​មួយ​មាន​ចីរភាព និង​ឋិតថេរ​យូរអង្វែង គឺជា​ផ្នែក​ស្នូល​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ក្នុង​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឡើង​នូវ​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​ធ្វើ​សម្បទាន​ដី​សង្គមកិច្ច ដែល​ពង្រីក​សិទ្ធិ​កាន់កាប់​ដីធ្លី​សម្រាប់​ជន​ក្រីក្រ​គ្មាន​ដី​នៅ​តាម​ទី​ជនបទ ។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​លើកកម្ពស់​ផង​ដែរ នូវ​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​ពង្រឹងពង្រីក​សិទ្ធិ​របស់​ពួក​គេ​នៅ​ក្នុង​ការ​កាន់កាប់​ដីធ្លី ។

លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា «​លទ្ធភាព​ទទួល​បាន​ដីធ្លី និង​ការ​ផ្តល់​សេវា និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ក៏​ដូច​ជា ការ​ទទួល​បាន​សេវា​សាធារណៈ​ល្អ​ប្រសើរ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​រស់នៅ​តាម​ទី​ជនបទ ។

គម្រោង LASED ជំហាន​៣​នេះ នឹង​បន្ត​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ដល់​គ្រួសារ​គ្មាន​ដី និង​គ្រួសារ​ខ្វះ​ដី និង​ធានា​ឱ្យ​មាន​សន្តិសុខ​ផ្នែក​សិទ្ធិ​កាន់កាប់​ដីធ្លី​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច នៅ​តាម​តំបន់​គោលដៅ​របស់​គម្រោង​នេះ​។​»

ជំនួយ​នេះ​បាន​អនុម័ត​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ដោយ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០០៨ មក គម្រោង LASED ជំហាន​១ និង​ជំហាន​២ ដែល​ទទួល​បានការ​ឧបត្ថម្ភ​តាម​រយៈ​ធនាគារពិភពលោក ។

គម្រោង​ទាំងនេះ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្លូវ​ជនបទ ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច ការ​សាងសង់​សាលា​បឋម​សិក្សា ប៉ុស្តិ៍​សុខភាព ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស​កែ​លម្អ​ការ​ដាំ​ដុះ និង​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​ឱ្យ​មាន​សេវា​កាន់តែ​ច្រើន​ទៀត​សម្រាប់​កសិករ ។

តាម​រយៈ​គម្រោង​ទាំង​ពីរ​ដំណាក់កាល​មកនេះ​កម្ពុជា​បាន​បែងចែក​ដីធ្លី​ចំនួន ១៧០០០​ហិ​កតា សម្រាប់​សង់​លំនៅ​ឋាន និង​ធ្វើការ​ដាំ​ដុះ​ដល់​គ្រួសារ​គ្មាន​ដី និង​គ្រួសារ​ខ្វះ​ដី​ចំនួន​ជាង ៥០០០​គ្រួសារ ក្នុង​នោះ​មាន​ជាង ៣៣៦០​គ្រួសារ ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​រួច​ហើយ ។

គម្រោង LASED ជំហាន​៣​នឹង​គ្របដណ្តប់​ទៅ​លើ​ទីតាំង និង​សហគមន៍​ចំនួន​៧១ នៅ​ក្នុង​ខេត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​លើកលែងតែ​រាជធានី​ភ្នំពេញ ។ គម្រោង​នេះ​នឹង​ជួយ​ដល់​ការ​កសាង​ផ្លូវលំ​ជនបទ​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច សម្បទា​ផ្នែក​ផ្គត់ផ្គង់​សេវ​ទឹក​ស្អាត និង​អនាម័យ អគារ​សាលារៀន ផ្ទះ​គ្រូបង្រៀន ប៉ុស្តិ៍​សុខភាព និង​មណ្ឌល​សហគមន៍ ។

អ្នក​ទទួលផល​ថ្មី​ពី​កម្មវិធី​ដី​សម្បទាន​សង្គមកិច្ច នឹង​ទទួល​បាន​ជំនួយ​សម្រាប់​ការ​ដាំ​ដុះ​ឆ្នាំ​ដំបូង​របស់​ខ្លួន​ក្នុង​នោះ​មាន​គ្រាប់ពូជ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ