ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ក្រសួង​ការបរទេស​​ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​​ពលរដ្ឋ​ជប៉ុន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រតិភូ​​ក្រសួង​​ការ​បរទេស​​​និង​សហប្រតិបត្តិការ​​​អន្តរជាតិ​​ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១១ បាន​អញ្ជើញ​​​ទៅ​ស្ថានទូត​​ជប៉ុន​​ប្រចាំ​កម្ពុជា​​ ដើម្បី​​ចូលរួម​មរណទុក្ខ​ និង​គោរព​​ដល់​វិញ្ញាណ​​ក្ខន្ធ​ពលរដ្ឋ​​​ជប៉ុន​​ដែល​រងគ្រោះ​​​ដោយ​ការរញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី ។ ​ក្រៅពីប្រតិភូ​​ក្រសួង​ការបរទេស​​​និង​សហប្រតិបត្តិការ​អន្តរជាតិ ​គេក៏​បាន​​ឃើញ​វត្ត​មាន​សិស្ស​ និស្សិត​តាម​បណ្តា​​វិទ្យា​ល័យ​និងសាកល​​វិទ្យា​ល័យ​នានា​ ក៏​បាន​ចូលរួម​ក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​​​នោះដែរ​ ដែល​​បង្ហាញ​​ឱ្យ​ឃើញ​នូវ​សមាន​ចិត្ត​​គោរព​​ស្រឡាញ់​និង​ចូល​រួម​​មរណទុក្ខ​ រំលែក​ទុក្ខ របស់​​ប្រជាពលរដ្ឋ​កម្ពុជាចំពោះ​​ប្រជាពលរដ្ឋ​ជប៉ុន​ ជាបងប្អូន​ ។

ស្ថាន​ទូតជប៉ុន​ បាន​ចេញ​​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​មួយ​​កាល​​​​ពីថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១១ ដោយ​​​បញ្ជាក់​ថា ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​​​នាថ្ងៃទី​១១ ខែមីនា ​​​ ឆ្នាំ២០១១ បាន​​​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​​យ៉ាងដំណំ​​នៅ​ប្រទេស​ជប៉ុន ។​ ដើម្បី​ជាការ​​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​​​នេះ​ ស្ថានទូត​ជប៉ុន​បាន​អនុញ្ញាត​ឱ្យ​សាធារណជន​ចូលរួម​​សរសេរ​ក្នុង​សៀវភៅ​រំលែក​ទុក្ខ​នៅស្ថានទូត​ជប៉ុន ដែល​មានអាសយ​ដ្ឋាន​លេខ​១៩៤ មហាវិថី​ព្រះ​នរោត្តម​ ពីថ្ងៃទី​​១៧ ​ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១១ ។ ទន្ទឹម​​នោះ​ ​ស្ថាន​ទូត​ជប៉ុន​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​មរណទុក្ខ​​ និង​សន្តាន​ចិត្ត​ក្នុង​ការ​ផ្តល់​​នូវ​​ការ​បរិច្ចាគ​​ថវិកា​និង​ផ្កា​សម្រាប់​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នេះ ។

ចំនួន​​នៃ​ការ​ខូចខាត ​ការ​ស្លាប់​​និង​ការ​រងទុក្ខ​គឺមិន​អាច​កាត់​​ថ្លៃ​បាន ។ ​ប៉ុន្តែ​​​ទោះបីយ៉ាងណា​ក៏​ដោយ ទឹក​ចិត្ត​​ដ៏កក់​ក្តៅ​​​និង​​សប្បុរស​ធម៌​របស់​ប្រជាជន​កម្ពុជា​ ក៏ដូចជា​​ប្រជាជាតិ​​ផ្សេងទៀត​ជាច្រើន​ ជាកម្លាំង​​ជំរុញ​​​ទឹក​ចិត្ត​ប្រជាជនជប៉ុន​​ឱ្យ​កសាង​ឡើងវិញ​នូវ​តំបន់​ដែល​ទទួល​រង​ការ​​បំផ្លិច​បំផ្លាញ​ ៕