ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីរាជការចូលនិវឌ្ឍន៍ម្នាក់ទើបចេះបើករថយន្តថ្មីៗ ពេលយករថយន្តមកលាងបានបើករថយន្តឡើងលើខឿនលាងរថយន្ត ស្រាប់តែច្រឡំជាន់ហ្គារ បន្ថែម បណ្តាលអោយរថយន្តស្ទុះទៅបុកជញ្ជាំងរបងផ្ទះ គេបាក់អស់ប្រមាណ២ម៉ែត្រការ៉េលាន់ឮដូចរន្ទះ ។
ហេតុការខាងលើនេះ បានកើតឡើងនៅម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងលាងរថយន្តមួយកន្លែងនៅមុខហាងកាហ្វេបុរី ខ្លះហៅហាងបឹងកំប្លោក ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ដែលបានចុះទៅសម្របសម្រួលគ្រោះថ្នាក់ខាងលើនេះ បានអោយដឹងថា ៖ រថយន្តបង្កគ្រោះថ្នាក់ខាងលើនេះម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT. 0996 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីរាជការ នៅមន្ទីរកសិកម្មខេត្តចូលនិវត្តន៍ មានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ បុរសម្នាស់រថយន្តបានបើករថយន្តមកលាង នៅកន្លែងលាងរថយន្តខាងលើ ប៉ុន្តែគេដឹងថា ដោយសារគាត់ទើបតែចេះបើករថយន្ត ដែលកូនគាត់បានទិញរថយន្តថ្មីជិះ ហើយអោយរថយន្តកូរ៉ឡានេះមកគាត់ ពេលគាត់បើករថយន្តឡើងលើខឿនលាងរថយន្ត គឺពេលត្រូវជាន់ហ្វាំងឈប់ មិនជាន់ហ្វាំងទេ បែរជាគាត់ច្រឡំជាន់ហ្គារបន្ថែម ធ្វើអោយរថយន្តស្ទុះទៅបុកជញ្ជាំងរបងផ្ទះអ្នកលក់ក្បែរនោះលាន់ឮក្ឌាំងដូចផ្ទុះគ្រាប់បែក ផ្អើលអ្នកផឹកកាហ្វេពេញហាងបុរីទាំងព្រឹក ។
ករណីនេះបណ្តាលអោយរបងថ្មប្រមាណ២ម៉ែត្រការ៉េបាក់ធ្លុះធ្លាយ និងសំណាងដែរ ក្នុងពេលនោះកង់រថយន្តខាងមុខបានកល់ជាប់នឹងធ្នឹមសសរខឿនលាងរថយន្តទៅមុខលែងរួច កុំអីម៉ាល្បឿននេះរថយន្តនោះ អាចនឹងធ្លាយទៅបុកនឹងជញ្ជាំងផ្ទះអ្នកលក់ថែមទៀត នឹងបើកម្មករលាងរថយន្តនៅស៊ីញ៉ូរថយន្តចំពីមុខវិញ ក៏អាចត្រូវរថយន្តនេះបុកស្លាប់ផងក៏មិនដឹង ។
ករណីនេះក្រោយពេលកើតហេតុ គេឃើញម្ចាស់កន្លែងលាងរថយន្តបានហៅសមត្ថកិច្ចនគរបាលចរាចរណ៍អោយមកជួយសម្របសម្រួល ជាមួយម្ចាស់របងផ្ទះ និងម្ចាស់កន្លែងលាងរថយន្ត ដោយត្រូវតែសងថ្លៃរបងថ្មគេមិនតិចជាង១០០ដុល្លារឡើយ ។
បន្ទាប់មកទើបឃើញមានរថយន្តស្ទូចៗរថយន្តបង្កគ្រោះថ្នាក់ខាងលើនេះ ចេញពីកន្លែងកើតហេតុអស់លុយប្រមាណ១០០ដុល្លារទៀត ដើម្បីយករថយន្តនេះចេញទៅជួសជុល ចំណែករថយន្តនោះក៏រងការខូចបាក់កាងមុខផងដែរ ៕
ចែករំលែកព័តមាននេះ