ទីក្រុងតេអេរ៉ង់ ៖ បុរស០៣នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសង្ស័យថា បានព្យាយាមលក់ទារក២នាក់ នៅលើបណ្តាញសង្គម Instagram នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយកាសែត CNN ចេញផ្សាយថ្ងៃទី២៥ មិថុនានេះ។
ស្នងការប៉ូលីស នៃទីក្រុងតេអេរ៉ង់ លោកឧត្តមសេនីយ៍ទោ ហូសស៊ីន រ៉ាហ៊ីមី Hossein Rahimi បាននិយាយថា ក្មេងម្នាក់ក្នុងចំណោមពួកគេ មានអាយុ ២០ថ្ងៃ និងម្នាក់ទៀត មានអាយុ ២ខែ ។
ទារកទាំង២នេះ ត្រូវបានគេទិញរួចហើយ ក្នុងតម្លៃរហូតដល់ ៥០០ដុល្លារ (៤០០ផោន) ហើយត្រូវបានគេលក់បន្ត ក្នុងតម្លៃចន្លោះពី ២,០០០ ទៅ ២,៥០០ដុល្លារ ។
ជនសង្ស័យម្នាក់ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន បាននិយាយថា រូបគាត់បានចំណាយតិចតួច“យកទារកពីគ្រួសារក្រីក្រ” គឺដើម្បី “ប្រគល់(ទារក) ទៅអោយក្រុមគ្រួសារអ្នកមាន ដែលអាចផ្តល់អនាគតល្អប្រសើរដល់ពួកគេ” ។
នេះមិនមែនជាករណីដំបូង ដែលអាជ្ញាធរអ៊ីរ៉ង់បានរកឃើញនោះ ។ មានកត្តាជាច្រើន រួមមាន ភាពក្រីក្រ, ការញៀនថ្នាំ, អាពាហ៍ពិពាហ៍ក្នុងវ័យក្មេង និងភាពគ្មានផ្ទះសម្បែង ជាដើម ៕
ចែករំលែកព័តមាននេះ