ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​24​គ្រួសារ​យល់ព្រម​បរិច្ចាគ​ដី​ម្នាក់​20%​ពង្រីក​ទីទួល​សុវត្ថិភាព​ចំប៉ី​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត បាន​សម្រេចយក​ដី​ទួល​សុវត្ថិភាព​ចំប៉ី នៅ​ភូមិ​ថ្មី ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដែល​មាន​ទំហំ​លើស​ពី​១​ហិ​កតា រក្សា​ទុកជា​ដី​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ឈ្មួញ​ណា​ម្នាក់​នោះ​ទេ…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត បាន​សម្រេចយក​ដី​ទួល​សុវត្ថិភាព​ចំប៉ី នៅ​ភូមិ​ថ្មី ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដែល​មាន​ទំហំ​លើស​ពី​១​ហិ​កតា រក្សា​ទុកជា​ដី​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ឈ្មួញ​ណា​ម្នាក់​នោះ​ទេ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​សហការី បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ហើយ​ប្រជាពលរដ្ឋ​ចំនួន​២៤​គ្រួ​សារបាន​យល់ព្រម​បរិច្ចាគ​ដី​ក្នុង​មួយ​គ្រួសារ​២០%​ជូន​អាជ្ញាធរ ដើម្បី​ពង្រីក​ទីទួល​សុវត្ថិភាព​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេ​មេគង្គ មក​ស្នាក់​នៅ​ទី​នេះ​ជា​បណ្ដោះអាសន្ន ។

អ្នកស្រី រ៉េ​ត សុភា អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​កោះ​រកា ផ្ទះ​របស់​គាត់​នៅ​តាម​ជួរ​មាត់ទន្លេ ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ច្រាំង​ទន្លេ​បាន​បាក់​ជា​បន្តបន្ទាប់ ។ ការ​បាក់​ខ្លាំង​គឺ​នៅ​ក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ ហើយ​លំនៅ​ឋាន​របស់​គាត់​ត្រូវ​បាន​រុះរើ​មក​នៅ​កន្លែង​ថ្មី​ដើម្បី​ធានា​សុវត្ថិភាព​។

ជាមួយ​នេះ អាជ្ញាធរ​ក៏​បាន​ផ្ដល់​ដី​ឲ្យ​មួយ​ប្លង់​នៅ​ក្បែរ​ទីទួល​សុវត្ថិភាព​ចំប៉ី ។ ឯការ​បរិច្ចាគ​២០% ពួក​គាត់​គាំទ្រ​ចំពោះ​ការ​ដឹកនាំ​ដោយ​ភាព​ឈ្លាសវៃ​របស់​អភិបាលខេត្ត ។

ឯកឧត្តម​អភិបាលខេត្ត អ៊ុ​ន ចាន់​ដា មាន​ប្រសាសន៍​ថា ដី​ទីទួល​សុវត្ថិភាព​ចំប៉ី ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម កន្លង​មក​ធ្លាប់​មាន​បញ្ហា​ត្រូវ​បាន​លើកយក​មក​ដោះស្រាយ​នៅ​សាលា​ខេត្ត​ម្ដង ។ បន្ទាប់​មក ក៏​បាន​ចាត់​ឱ្យ​លោក​កែវ នា​ឫទ្ធិ អភិបាលរង​ខេត្ត រួម​នឹង​សហការី​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ ដើម្បី​រក​ដំណោះស្រាយ សម្រាប់​ជា​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​គឺ​រក្សា​ដី​ទួល​សុវត្ថិភាព​ចំប៉ី ឲ្យ​នៅ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​ឱ្យ​ធ្លាក់​ក្នុង​ដៃ​ឈ្មួញ​ណា​ម្នាក់​ឡើយ ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​ដី​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា បាន​គ្រប់គ្រង​និង​អាស្រ័យ​ផល​ចាប់តាំងពីក្រោយ​ឆ្នាំ​១៩៧៩ នៅ​ជុំវិញ​តំបន់​ទីទួល​សុវត្ថិភាព​ចំប៉ី គឺ​គ្រាន់តែ​មាន​សិទ្ធិ​អាស្រ័យ​ផល​និង​ទទួលផល​ដំណាំ​តែ​ប៉ុណ្ណោះ នៅ​ខ្វះ​សិទ្ធិ​ចាត់ចែង​ព្រោះ​មិន​ទាន់​មាន​ប្លង់​រឹង​កាន់កាប់​ដី ។

ដោយ​ឈរលើ​គោលការណ៍​ឯកភាព​គ្នា ប្រជាពលរដ្ឋ​ទាំង២៤​គ្រួសារ បាន​យល់ព្រម​បរិច្ចាគ​ដី​ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​២០% លើ​ទំហំ​ដី​ជាង​៦​ហិ​កតា ដើម្បីពង្រីក​ទីទួល​សុវត្ថិភាព​ឲ្យ​បាន​ធំ​បន្តិច សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ពួក​គាត់​នាំ​គ្នា​រួមនឹង​សត្វពាហនៈ​មក​ស្នាក់​នៅ​ទី​នេះ​ជា​បណ្ដោះអាសន្ន ។

ដំណោះស្រាយ​ឈ្នះ ឈ្នះ នេះ​នឹង​ចាត់​ឱ្យ​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត រួម​ជាមួយនឹង​ភូមិ​បាល​ស្រុក​កំពង់សៀម ចុះ​វាស់វែង​ដើម្បី​ធ្វើ​ប្លង់​រឹង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២៤​គ្រួសារ ។

បងប្អូន​ដែល​ទទួល​បាន​ប្លង់​ដី​ស្របច្បាប់ សូម​កំ​ុ​ទាន់​លក់​ឲ្យ​ឈ្មួញ​ព្រោះថា បើ​លក់​នៅ​ពេល​នេះ​បាន​តម្លៃ​ថោក ដោយ​ទុក​រង់ចាំ​បន្តិច​សិន​ព្រោះ​ជីវភាព​របស់​យើង​មិន​ទាន់​មានការ​ខ្វះខាត​ឯណា​។

ជាមួយ​នេះ រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​សិក្សា​ដើម្បី​ចាក់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ក្នុងភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម កាត់​តាម​ផ្លូវ​មុខ​ទីទួល​សុវត្ថិភាព​ចំប៉ី រហូត​ដល់​តា​មាងក្នុង​ស្រុក​កំពង់សៀម ក្នុង​ពេល​នោះ​ដី​នៅ​តំបន់​នេះ​នឹង​ហក់​ឡើងថ្លៃ អ្នក​ណា​ដែល​បាន​លក់​ថោក
ពិតជា​នឹង​ត្រូវ​ស្ដាយក្រោយ ។ សូម​រក្សា​ដី​របស់​ខ្លួន និង​ផ្ទេរមរតក​នេះ​ជូន​ទៅ​កូនចៅ​នៅ​ជំនាន់​ក្រោយ​ទៀត ។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​គាំទ្រ​ដល់​អាជ្ញាធរ​ដែនដី ​ព្រោះ​ថា ពេល​ដែល​មានទុក្ខ​កង្វល់​មក​ដល់​មាន​តែ​អាជ្ញាធរ​នេះ​ហើយ​ដែល​ជា​អ្នក​ចេញ​មុខ​ដោះ
ស្រាយ​​រាល់​បញ្ហា​ផ្សេង​ៗ ។ ក្នុង​ពេល​ខាង​មុខ​មានការ​បោះ​ឆ្នោត​ឃុំ សង្កាត់ សូម​ជួយ​គាំទ្រ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ឬ​សាសនា​នោះ​ទេ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ