ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​អាច​នឹង​មាន​ទំហំ និង​វិសាលភាព​កាន់តែ​ធំ បើ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​អូស​បន្លាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​អូស​បន្លាយ​អស់​រយៈ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ហើយ​ក៏​មិន​ទាន់​មាន​តម្រុយ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ដែល​ធ្វើ​អោយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទូ​ទាំង​ពិភពលោក​បន្ត​ប៉ះពាល់ ។ ដោយឡែក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ព្យាករណ៍​ថា អាច​នឹង​បន្ត​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​អូស​បន្លាយ​អស់​រយៈ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ហើយ​ក៏​មិន​ទាន់​មាន​តម្រុយ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ដែល​ធ្វើ​អោយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទូ​ទាំង​ពិភពលោក​បន្ត​ប៉ះពាល់ ។

ដោយឡែក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ព្យាករណ៍​ថា អាច​នឹង​បន្ត​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ថែម​ទៀត បើសិនជា​ជំងឺ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយពេល​យូរ​ថែម​ទៀត​នោះ ។

យោង​តាម​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១ បានអោយ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា បាន និង​កំពុង​ទទួល​រង​នូវ​ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ជា​លទ្ធផល សេដ្ឋកិច្ច​កម្ពុ​ជា​នឹង​មាន​កំណើន​អវិជ្ជមាន ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ខ្លួន ។

ជាមួយ​គ្នា​នេះ ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​បាន​ធ្វើ​សេចក្ដី​សន្ដិ​ដ្ឋា​ន​ថា សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​សេដ្ឋកិច្ច ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​១៩ ក្នុង​តំបន់​អាស៊ាន ។ កត្តា​សត្យា​នុ​ម័ត​មួយ​ចំនួន​ដែល​បង្ហាញ​ការ​ខាតបង់​នៃ​សេដ្ឋកិច្ច​កម្ពុជា មាន​ទំហំ​ធំធេង រួម​មាន ១- ផល​ប៉ះពាល់​ដែល​កើត​ចេញពី​វិបត្តិ​កូ​វី​ដ​១៩ នេះ មាន​វិសាលភាព​ជាស​កល និង​មាន​ល្បឿន​លឿន​ជា​ការ​រំពឹង​ទុក ២) វិស័យ​ដែល​អូស​ទាញ​កំនើនសេដ្ឋកិច្ច​កម្ពុជា បាន និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ ខណៈ​ជ​ន្ទ​ល់​កំណើន​ថ្មី នៅ​មិន​ទាន់​អាច​មាន​លទ្ធភាព​ជំនួស​បាន​នៅឡើយ ,៣- មុន​ទទួល​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​វិបត្តិ​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់ផ្ដើម​ជាមួយនឹង​សញ្ញា​ថមថយ​រួច​ជា​ស្រេច​ទៅ​ហើយ តាម​រយៈ​ការ​បាត់បង់​ខ្លះ​ៗ​នូវ​ភាព​ប្រកួតប្រជែង​ដោយសារ​ការ​ព្យួរ EBA លើ​មុខទំនិញ​នាំ​ចេញ​មួយ​ចំនួន ៤-​លទ្ធភាព និង​ប្រសិទ្ធភាព​នៃ​វិធានការ​គាំទ្រ ជា​ពិសេស ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្ពុជា​នៅ​មាន​កម្រិត ៥- ជំហរ​អភិក្រម និង​ជម្រើស​វិធានការ​របស់​កម្ពុជា​ផ្ទាល់​ត្រូវ​ស្រប និង​ដើរ​ទន្ទឹម​នឹង​ប្រទេស​ជិតខាង និង​តំបន់ ដែល​នេះ​ហាក់​កំពុង​ដាក់​កំហិត​បន្ថែម​លើ​កិច្ច​ខិតខំ​ប្រង​ប្រែង​របស់​កម្ពុជា និង​៦- កម្ពុជា​ត្រូវ​ត្រៀម​សម្រប​ខ្លួន​ជាមួយនឹង​ការ​ប្រែប្រួល​នៃ​និន្នាការ​សកល ឬ​អាច​ជា​ប្រក្រតី​កម្ម​ថ្មី​ដែល​ទាមទារ​នូវ​ពេលវេលា និង​ការ​គិតគូរ​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ។

រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​នៃ​ជំងឺ​នេះ និង​គាំទ្រ​ការ​ស្ដារ​និង​ជំរុញ​ការ​ងើបឡើង​វិញ នៃ​សង្គម សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ​មុត​ស្រួច និង​អាទិភាព ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ​អោយ​ចំ​គោលដៅ និង​ទាន់​ពេលវេលា ព្រម​តាំង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់ ។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បាន​ចេញផ្សាយ​កន្លង​ទៅ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​-៥,៥​ភាគរយ ក្នុង​ឆ្នាំ ២០២០​នេះ ប៉ុន្តែ​កំណើន​អាច​នឹង​ល្អ​ប្រសើរ​ឡើង​នៅ​ឆ្នាំ ២០២១ ដែល​មាន​កំណើន​ជា​វិជ្ជមាន​ប្រមាណ​៥,៩​ភាគរយ ខណៈ​រដ្ឋាភិបាល​បាន​ព្យាករណ៍​កន្លង​ទៅ​នេះ ថា​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​-២,៩​ភាគរយ តែ​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ ជា​វិជ្ជមាន​ក្នុង​រង្វង់​៣,៥​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ