ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំដាក់ឈ្មោះ និង​លេខ​ផ្លូវក្នុងទីប្រជុំ​ជន​​ក្រុងសៀមរាប​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ច…

ខេត្តសៀមរាប​៖​នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ច ប្រជុំ​ពិនិត្យ ពិភាក្សា​ការ​រៀបចំ​លេខ​ផ្លូវ និង ឈ្មោះ ផ្លូវ ក្នុង​ទីប្រជុំជន ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​ជំនាញ នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ និង អង្គភាព អាជ្ញាធរ​ក្រុង​សៀមរាប ដែល​បាន​ចូលរួម ។

តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត និង ការ​បង្ហាញ​របស់​ប្រធាន​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឈ្មោះ ផ្លូវ គឺ​ត្រូវ​ដាក់​ជា​ឈ្មោះ វីរៈបុរស ឥស្សរជន , សប្បុរសជន និង ឈ្មោះ ពី​ប្រវត្តិសាស្ត្រ ឬ​ជា​ឈ្មោះ​តាម​ភូមិសាស្ត្រ​ធម្មជាតិ តាម​វប្បធម៌ និង​ឈ្មោះ​ពី​បុរាណ និង​ទៅ​តាម​ទម្លាប់ ។ ការ​ដាក់​ឈ្មោះ​ផ្លូវ​តាម​វិធីសាស្ត្រ ដែល​កំណត់​ច្បាស់លាស់​នូវ​ទីតាំង​ផ្លូវ ប្រភេទ​ផ្លូវ និង អាទិភាព​ផ្លូវ ។ ដើម្បី​ដាក់​ឈ្មោះ​តាម​បែបបទ និង នីតិ​វី​ធី​ដាក់​ឈ្មោះ​ផ្លូវ ឬ​លេខ​ផ្លូវ និង​ការ​កែប្រែ​ឈ្មោះ​ផ្លូវ លេខ​ផ្លូវត្រូវ​កំណត់​តាម​អនុ​ក្រិ​ត្យ ។

ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​នា​ពេល​នេះ អង្គភាព​ជំនាញ បច្ចេកទេស​បាន​កំណត់​ជា​ប្លុក​ចំនួន ៤​ប្លុក ក្នុង​នោះ​ប្លុក​(​ក​) មាន​ចំនួន ៥៧៥​ខ្សែ ប្រវែង​សរុប ១១៤​ពាន់​៦០០​ម៉ែត្រ , ប្លុក (​ខ​) មាន ចំនួន ៣០៥​ខ្សែ មាន​ប្រវែង​សរុប ១៤៨​ពាន់​៩៩០​ម៉ែត្រ , ប្លុក (​គ​) មាន​ចំនួន​៤៤០​ខ្សែ មាន​ប្រវែង​សរុប ១៣៤​ពាន់​៣៨០​ម៉ែត្រ និង ប្លុក (​ឃ​) មាន​ចំនួន​៤៩៦​ខ្សែ មាន​ប្រវែង​សរុប ១១៥​ពាន់​៦៣០​ម៉ែត្រ ។ ក្នុង​ចំនួន​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ១​ពាន់​៨១៦​ខ្សែ ក៏​ត្រូវ​បាន លើកយក​ផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​សៀមរាប ចំនួន ៥៧​ខ្សែ មាន​ប្រវែង​សរុប ១១៥​ពាន់​២៩០​ម៉ែត្រ ដើម្បី​យក​មក​ធ្វើការ​ពិនិត្យ ពិភាក្សា ក្នុង​ការ​ដាក់​ឈ្មោះ​ផ្លូវ​ថ្មី ឬ ក៏​រក្សា​ទុក​ឈ្មោះ​ផ្លូវ​ចាស់​ដដែល​ផង​ដែរ ។

ឆ្លង​តាម​ការ​ពិនិត្យ និងពិភាក្សា​របស់​អង្គប្រជុំ​ទាំងមូល បាន​ធ្វើការ​កែប្រែ​ឈ្មោះ​ផ្លូវ​ក្នុង​ក្រុង​មួយ​ចំនួន ដាក់​ឈ្មោះ​ថ្មី និង​រក្សា​ឈ្មោះ​ផ្លូវ​ចាស់​មួយ​ចំនួន​ផង​ដែរ ។

មាន​ប្រសាសន៍​បូក​សរុប​កិច្ចប្រជុំ​នោះ​ដែរ លោក ទៀ សីហា អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវ គឺ​ត្រូវ​រៀបចំ​បែង ចែក​ចំណាត់ថ្នាក់​ផ្លូវ​ទៅ​តាម​នីតិវិធី​បច្ចេកទេស ដោយ​ផ្អែក​ទៅ​លើ​ការ​គ្រប់គ្រង​ភូមិសាស្ត្រ​រដ្ឋបាល មុខងារ​នៃ​ផ្លូវថ្នល់ និង បទ​ប្បញ្ញត្តិ បច្ចេកទេស​ផ្លូវថ្នល់ និង ត្រូវធ្វើ​បញ្ជីសារពើភ័ណ្ឌ ហើយ​មុខងារ​នៃ​ផ្លូវថ្នល់ និង ការ​ធ្វើ​ចំណាត់ថ្នាក់​ផ្លូវថ្នល់ និង កែប្រែ​ចំណាត់​ផ្លូវថ្នល់ ។​

លោក​អភិបាល​ខេត្ត​ក៏​បាន​លើក​ផង​ដែរ​ថា រាល់​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប បាន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិសាស្ត្រ ,​បុព្វបុរស​ខ្មែរ និង ឥស្សរជន , សប្បុរសជន និង ភូមិសាស្ត្រ​ធម្មជាតិ តាម​វប្បធម៌ និង ឈ្មោះ​ពី​បុរាណ​ទៅ​តាម​ទម្លាប់​ហៅ​ត​ៗ​តាម​គ្នា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ក្នុង​នោះ​ដែរ លោក ក៏​បាន​ឯកភាព​ទៅ​តាម​ស្មារតី​នៃ​កិច្ចប្រជុំ ដែល​បាន​ធ្វើការ​កែប្រែ​ឈ្មោះ​ផ្លូវ​មួយ ចំនួន និង រក្សា​នូវ​ឈ្មោះ​ផ្លូវ​ចាស់​មួយ​ចំនួន​នៅ​ដដែល ទៅ​តាម​ទន្លាប់​ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់ និង ហៅ​ឈ្មោះ​ជា​រៀងរាល់ថ្ងៃ ។

ក្នុង​នោះ​លោក​​អភិបាល​ខេត្ត ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ ក៏​ត្រូវ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ផ្លូវថ្នល់ គម្រោង​ប្លង់ និង កំណត់​គម្រោង សាងសង់ ស្តារ​ឡើង​វិញ ក្នុង​ការ​កែ​លម្អ ពង្រីក និង ថែទាំ​ផ្លូវថ្នល់ ព្រមទាំង​សកម្មភាព​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង ក្នុង ការ​ស្នើ​សុំ​គោលការណ៍​ឯកភាព​ពី​រដ្ឋាភិបាល​ផង​ដែរ ។ ក្នុង​នោះ​​លោកអភិបាល​ខេត្ត​​​បាន​សុំ​ឲ្យ​មន្ទីរ​ជំនាញ សហការ​ជាមួយ​សាលាខេត្ត ក្នុង​ការ រៀបចំ​នូវ​បែបបទ ស្នើ​សុំ​គោលការណ៍​ឯកភាព​ពី​រដ្ឋាភិបាល ក្នុង​ការ​កំណត់​ការ​ដាក់​ឈ្មោះ​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្ក​ភាព​ងាយ ស្រួល​ក្នុង​ការ​ចំណាំ​ផ្លូវ សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ