ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងសរុប​ជិត​១០​លាន​នាក់ ក្រសួងសុខាភិបាល​កម្ពុជា ក្រើនរំលឹក​ពី​កិច្ច​ការពារ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នេះ បាន​ធ្វើការ​ក្រើនរំលឹក​អំពាវនាវ​សារ​ជា​ថ្មី​ម្តងទៀត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាច​ឈាន​ដល់​ការ​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ ។

បើ​តាម​សំ​ណេ​រ​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហាញ​ថា មាន​ករណី​ជំងឺ​កូ​វី​ដ​-១៩ កើន​ដល់​ជិត​១០​លាន​នាក់ និង​មាន​អ្នក​ស្លាប់​កើន​ដល់​ជិត​កន្លះ​លាន​នាក់​ហើយ ។ ចំនួន​អ្នក​ស្លាប់​នេះ គឺ​ភាគច្រើន​បណ្តាល​មក​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វ៉ៃ​លុក​លើ​ផ្លូវ​សរីរាង្គ​ផ្លូវដង្ហើម​របស់​អ្នកជំងឺ​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ស្ថានភាព​ពិបាក​ដកដង្ហើម ត្រដរខ្យល់ ប្រវេ​ស​ប្រវា​សរក​ការ​ជួយ​ផ្តល់​ខ្យល់​ដកដង្ហើម និង​ឈាន​ទៅ​រក​ការ​មិន​មាន​លទ្ធភាព​ដកដង្ហើម​ខ្លួនឯង ហើយ​ដាច់ដង្ហើម និង​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

បើ​មាន​ស្ថានភាព​អាក្រក់​បែប​នេះ (​មាន​រូបភាព​បង្ហាញ​ជា​ឧទាហរណ៍​ភ្ជាប់​ជូន​មក​ជាមួយ​ស្រាប់​) គឺ​គ្រូពេទ្យ​មានការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​ភាគច្រើន​លើសលុប គឺ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ។

ដូច្នេះ មាន​តែ​កិច្ច​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នេះ​ទេ ដែល​អាច​ជួយ​បុគ្គល​ម្នាក់​ៗ ឲ្យ​បាន​រួច​ចាក​ផុត​ពី​សភាព​វ៉ៃ​លុក​ធ្ងន់ធ្ងរ​នៃ​វីរុស​កូ​វី​ដ​-១៩ លើ​សរីរាង្គ​ផ្លូវដង្ហើម ឈាន​ដល់​ការ​បាត់​បង់ជីវិត​នេះ​បាន ។

ត្រូវ​នាំ​គ្នា​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ដែល​បាន​ដាក់​ចេញ ជា​ពិសេស​ចៀសវាង​កន្លែង​ប្រមូលផ្តុំ​គ្នា​ច្រើន នៅ​ក្នុង​កន្លែង​បិទ​ជិត ដោយ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ច្រើន ហើយ​គ្មាន​ខ្យល់​ចេញចូល ត្រូវ​ពាក់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ អនាម័យ​ដៃ​ស្អាត​ជា​និច្ច និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​លើស​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង គឺជា​ការ​ចាំបាច់​ដែល​ត្រូវ​តែ​នាំ​គ្នា​អនុវត្ត​ន៌​នៅ​ក្នុង​ដំណាក់កាល​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ