ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​អ្នកនេសាទ​និយាយ​ពី​ផល​ត្រី​ឆ្នាំ​នេះ និង​ពី​ការ​ចំណាយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជា​រៀង​រាល់​ឆ្នាំ តាម​ធម្មតា បន្ទាប់​ពី​កំ​ដៅ​ថ្ងៃ​ក្តៅហែង​នា​ដើមខែ​មិថុនា មេឃ​រមែង​បង្អុរ​ភ្លៀង​ខ្លះ​ៗ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ​រដូវប្រាំង​បាន​អូស​បន្លា​ញ​យូរ​ជាង​រាល់​ឆ្នាំ ដែល​អាច​បណ្តាល​មក​ពី​ការ​បំរែបំរួល​អាកាសធាតុ ។ នៅ​ក្នុង​ទន្លេ…

ខេត្តកំពង់ឆ្នាំង ៖ ជា​រៀង​រាល់​ឆ្នាំ តាម​ធម្មតា បន្ទាប់​ពី​កំ​ដៅ​ថ្ងៃ​ក្តៅហែង​នា​ដើមខែ​មិថុនា មេឃ​រមែង​បង្អុរ​ភ្លៀង​ខ្លះ​ៗ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ​រដូវប្រាំង​បាន​អូស​បន្លា​ញ​យូរ​ជាង​រាល់​ឆ្នាំ ដែល​អាច​បណ្តាល​មក​ពី​ការ​បំរែបំរួល​អាកាសធាតុ ។ នៅ​ក្នុង​ទន្លេ ដែល​កាន់តែ​រាក់​ទៅ​ស្ទើរ​គោក ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង មាន​មនុស្ស​មួយ​ក្រុម​កំពុង​រើ​សម្រាស់​លើក​ចេញពី​រង្វង់​សាច់​អួន ដែល​ពួក​គាត់​កំពុង​ហ៊ុម​ជា​រង្វង់ ដើម្បី​ចាប់​ត្រី​។

អ្នកខ្លះ​លើក​សម្រាស់​ពី​ក្នុង​រង្វង់​សាច់​អួន​បោះ​ចូល​ទន្លេ ចំណែក​អ្នកខ្លះ​ទៀត​ទាញ​ដាក់​លើ​ទូក រួច​យក​ទៅ​អូស​ឡើងគោក ហើយ​អ្នកខ្លះ​ច្រ​មុ​ច​ចូល​ទៅ​ក្នុង​ទឹក ដើម្បី​រំកិល​ជើង​សាច់​អួន​បង្រួម​ឱ្យ​តូច ក្នុង​ខណៈ​ពេល​ដែល​អ្នកខ្លះ​ទៀត​យក​បង្គោល​ទុល​សាច់​អួន​ឱ្យ​ខ្ពស់​ឡើង​លើ​ផុត​ទឹក ដើម្បី​ការពារ​ត្រី​លោត​ចេញ​។

ទិដ្ឋភាព​នៃ​ការ​ចាប់​ត្រី​ទាំងនេះ មើលទៅ​គួរ​ឲ្យ​គយគន់ និង​រីករាយ​ណាស់​។ ប៉ុន្តែ អ្វី​ដែល​មិន​គួរ​ឲ្យ​រីករាយ​នោះ គឺ​ការ​ចាប់​ត្រី​បែប​នេះ គឺ​មិន​ប្រក្រតី​ឡើយ ព្រោះ​ការ​នេសាទ​ដោយ​ដាក់​សម្រាស់ ធ្វើ​ឱ្យ​ត្រី​កុំ ដោយ​ប្រើ​អួន​ហ៊ុម​ព័ទ្ធ​ជា​បទល្មើស​ខុសច្បាប់ ហើយ​អ្វី​ដែល​ក្រុម​អ្នកនេសាទ​ទាំងនោះ​ដឹង​ច្បាស់​នោះ គឺ​ពេល​នេះ​ជា​រដូវ​បិទ​នេសាទ​ដែល​ច្បាប់​ជលផល​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​នេសាទ​ត្រី​នោះ​ឡើយ​។

តាម​ពិត​ទៅ ការ​នេសាទ​ត្រី​នៅ​រដូវ​បិទ​នេសាទ ដូច​ជា​ក្រុម​អ្នកនេសាទ​ខាងលើ មិនមែន​ជា​ហេតុ​ផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ត្រី​កាន់តែ​បាត់បង់​ទៅ​នោះ​ទេ​។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សកម្មភាព​ខាងលើ​នេះ ដើមឈើ​ព្រៃ​លិច​ទឹកតូច​ធំ បាន​ដួល​រលំ ងាប់​ពេញ​ព្រៃ ប្រែជា​ពណ៌​លឿង ខ្លះ​ពណ៌​ក្រ​ម៉ៅ ដោយសារ​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​ពី​ក្រុម​ជនខិលខូច ដែល​រង់​ចាំតែ​ឱកាសល្អ និង​ដុត​កំទេច​ចោល ដើម្បី​វាតទី​យក​ដី ពោល​គឺជា​បទល្មើស​ដែល​ច្បាប់​ស្តី​ពី​ជលផល​ហាម​ឃាត់។

បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ជា​ម្ចាស់​សម្រាស់ និង​សុំ​មិន​បញ្ចេញ​ឈ្មោះ កំពុង​ឈរ​មើល​សកម្ម​ភាព​ហ៊ុម​សម្រាស់​ចាប់​ត្រី​របស់​កម្មករ​ខ្លួន យ៉ាង​អន្ទះសារ និង​យកចិត្តទុកដាក់​។ បុរស​រូប​នេះ និយាយ​ថា ក្នុង​ចំណោម​សម្រាស់​ជា​ច្រើន ក្នុង​ឃុំ​កំពង់ព្រះ​គគី ដែល​គាត់​មាន សម្រាស់​មួយ​នេះ​ធំ​ជាងគេ មាន​ជម្រៅ​ជ្រៅ និង​ទទួលផល​ត្រី​ច្រើន​ជាងគេ​។ គាត់​និយាយ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សម្រាស់​មួយ​នេះ​អាច​ចាប់​ត្រី​លក់​ម្តង​ៗ បាន​ប្រាក់​ចាប់ពី​៤០​ទៅ​៥០​លាន​រៀល ។

គាត់​បន្ត​ថា​៖ «​ប៉ុន្តែ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ផល​ត្រី​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់​។ ឆ្នាំ​ចុង​ក្រោយ​(២០១៩) ចាប់​ត្រី​លក់​បាន​តែ​ជាង​១០​លាន​ប៉ុណ្ណោះ មិន​អាច​ទូទាត់​ថ្លៃ​ចំណាយ​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​លើ​កម្លាំង​ពលកម្ម ដាក់​សម្រាស់ និង​ចំណាយ​រត់ការ​បង់ប្រាក់​គ្រប់​ជំនាញ​ទៀត​។ សម្រាប់​ឆ្នាំ​នេះ​មិនដឹង​យ៉ាងណា​ទេ បើ​ការ​ហ៊ុម​សម្រាស់​ជិតជុំ​ទៅ​ហើយ​មិន​ទាន់​ឃើញ​ត្រី​លោត​១​ក្បាល​ផង​»​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ