ធ្វើជាអ្នកគ្រប់គ្រងដែលល្អមិនងាយស្រួលទេ ជាពិសេសក្នុងផ្នែកគ្រប់គ្រងមនុស្ស ។ ជាក់ស្តែង បុគ្គលិកដែលស្ថិតនៅក្រោមអ្នកគ្រប់គ្រងល្អ មានឱកាសជោគជ័យខ្ពស់ជាងអ្នកដែលស្ថិតក្រោមអ្នកគ្រប់គ្រងមិនល្អ ហើយសម្រាប់បុគ្គលិកមួយចំនួនទៀត អនាគតរបស់ពួកគេអាចនឹងត្រូវបានបំផ្លាញទាំងស្រុងដោយអ្នកគ្រប់គ្រងមិនល្អផងដែរ ។
ខាងក្រោម គឺជាអ្វីដែលអ្នកគ្រប់គ្រងធ្វើដែលអាចបំផ្លាញអនាគតរបស់បុគ្គលិកល្អៗក្នុងស្ថាប័នការងារ ៖
១. រៀបចំការប្រជុំដែលមិនចាំបាច់
ការប្រជុំមានអត្ថប្រយោជន៍ជាច្រើនដូចជាសម្រាប់ប្រមូលផ្តុំគំនិត ធ្វើការសម្រេចចិត្តធំៗ ឬសម្របសម្រួលការងារជាដើម ។ ប៉ុន្តែបើវាមិនទាក់ទិននឹងកិច្ចការទាំងបីខាងលើទេនោះ កិច្ចប្រជុំនោះមិនមានអត្ថប្រយោជន៍ទេ ។ ផ្ទុយមកវិញ បុគ្គលិកគួរតែចំណាយពេលវេលាលើកិច្ចការងាររបស់ពួកគេវិញអាចនឹងសម្រេចបានច្រើនជាងអង្គុយក្នុងកិច្ចប្រជុំទាំងនោះ ។
២. មិនរក្សាទំនាក់ទំនងល្អ
ពេលដែលព្យាយាមប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិក អ្នកគ្រប់គ្រងត្រូវការនិយាយឲ្យបានច្បាស់ពីគោលដៅរបស់កិច្ចការ និងជំរុញទឹកចិត្តឲ្យពួកគេសួរប្រសិនបើពួកគេមានចម្ងល់ ។ ឧទាហរណ៍ដូចជាលទ្ធផលដែលអ្នកចង់ទទួលបាន និងពេលដែលអ្នកចង់ឲ្យកិច្ចការសម្រេចបានរួចរាល់ជាដើម ។
៣. ឆ្លើយតបយឺតពេក
ពេលដែលបុគ្គលិកសួរសំណួរ ឬលើកឡើងពីសំណើរអ្វីមួយ អ្នកគ្រប់គ្រងមិនត្រូវមើលរំលងវារហូតមានពេលទំនេរក្នុងការឆ្លើយតបទេ ។ ប្រសិនបើអ្នកមិនអាចឆ្លើយតបបានលឿនទេ អ្នកត្រូវប្រាប់ទៅបុគ្គលិកថាអ្នកទទួលបានសាររបស់ពួកគេហើយ ហើយអ្នកនឹងឆ្លើយតទៅពួកគេវិញក្នុងពេលឆាប់ៗ ។
៤. ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាង
ការគ្រប់គ្រងច្រើនពេកនឹងទប់ស្កាត់បុគ្គលិកមិនឲ្យបំពេញកិច្ចការដោយខ្លួនឯង ។ ជាលទ្ធផល ប្រសិទ្ធិភាពការងាររបស់ពួកគេក៏ធ្លាក់ចុះ ហើយពួកគេមិនមានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងឬគិតឃើញគំនិតថ្មីៗឡើយ ។ អ្នកគ្រប់គ្រងអាចផ្តល់ការណែនាំ និងមតិយោបល់បាន មិនមែនបទបញ្ជាទាំងស្រុងទេ ។
៥. ប្រើអារម្មណ៍មកដឹកនាំមនុស្ស
មនុស្សមិនអាចកាត់ផ្តាច់អារម្មណ៍ពីការងារទាំងស្រុងទេ ប៉ុន្តែការប្រើអារម្មណ៍ខ្លាំងពេកក្នុងកន្លែងការងារអាចប៉ះពាល់ដល់ក្រុមការងារបាន ។ សមាជិកក្រុមនឹងជៀសវាងអ្នកគ្រប់គ្រងដែលឧស្សាហ៍ខឹងឆោត និងព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯងទៅវិញ ៕
ចែករំលែកព័តមាននេះ