រាជធានីភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋស្វះស្វែងរកការងារធ្វើ កុំពឹងផ្អែកទាំងស្រុងលើការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ព្រោះប្រាក់ឧបត្ថម្ភនេះ គឺជាជំនួយសង្គមដ៏ធំធេងរបស់រាជរដ្ឋាភិបាល តែវាមិនមែនជាកម្មវិធីអចិន្ត្រៃយ៍ឡើយ ។
ដូច្នេះអ្នកមានកម្លាំងពេញត្រូវចេញស្វែងរកការងារធ្វើ លើកលែងតែក្មេងតូចៗ និងចាស់ជរាដែលមិនអាចធ្វើការងាររកចំណូលអីបាន ព្រោះសូម្បីតែនៅកន្លែងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលនៅត្រូវការកម្លាំងពលកម្មច្រើនណាស់ ។
សម្តេចបានបញ្ជាក់ថាទឹកប្រាក់ចំនួន ២៥ លានដុល្លារត្រូវចំណាយក្នុងមួយខែសម្រាប់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ៥៦ម៉ឺនគ្រួសាររងគ្រោះអំឡុងកូវីដ១៩ តែចំនួនទឹកប្រាក់ចំណាយរបស់រដ្ឋជួយពលរដ្ឋក្រីក្រអាចនឹងហក់ឡើងដល់ ៣០ លានដុល្លារក្នុងមួយខែ ព្រោះរដ្ឋាភិបាលនៅបន្តស្រង់ស្ថិតិពលរដ្ឋក្រីក្រ មិនមែនបញ្ចប់ត្រឹម ៥៦ម៉ឺនគ្រួសារនេះឡើយ ។
ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ មិថុនានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា «យើងមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ជួយពលរដ្ឋរបស់យើង» ។
សម្តេចក៏បានបង្ហើបឲ្យដឹងត្រួសៗថា សម្រាប់គ្រួសារក្រីក្រប្រភេទ ក្រ១ ឬហៅថាក្រដុនដាប និងក្រ ២ ឬហៅថាក្រធម្យមនឹងទទួលបានការជួយពីរាជរដ្ឋាភិបាល ដែលក្នុងនោះប្រភេទ ក្រ១ គឺក្នុងមួយគ្រួសារនឹងទទួលសាច់ប្រាក់ឧបត្ថម្ភ ១២ម៉ឺនរៀលក្នុងមួយគ្រួសារ ក្នុងមួយខែ មិនថាគ្រួសារនោះមានសមាជិកតែម្នាក់ ឬច្រើននាក់នោះទេ ។
ក្នុងនោះផងដែរ សមាជិកគ្រួសារម្នាក់នឹងទទួលបាន ៤ ម៉ឺនរៀលក្នុងមួយខែ អញ្ចឹងបើសិនជាគ្រួសារនោះមានសមាជិក ៥រូបនឹងបានលុយ ២០ម៉ឺនរៀល បូកបន្ថែមពីលើក ១២ ម៉ឺនរៀល។ តែបើសិនជាគ្រួសារក្រីក្រ ប្រភេទក្រ ១ បើសិនគ្រួសារណាមានកូនតូចអាយុក្រោម ៥ ឆ្នាំ នោះកូនម្នាក់ៗទទួលបាន ៤ ម៉ឺនរៀលបន្ថែម ហើយបើមានម្តាយចាស់ ឪពុកចាស់ អាយុចាប់ពី ៦០ ឆ្នាំឡើងនឹងទទួលបានប្រាក់ ២៨០០០ រៀលក្នុងម្នាក់បន្ថែមទៀត ៕
ចែករំលែកព័តមាននេះ