អង់គ្លេស ៖ សាស្ត្រាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្រនៃចក្រភពអង់គ្លេសមានប្រសាសន៍ថា គាត់រំពឹងថាករណីជំងឺកូវីដ១៩ ជាច្រើនអាចនឹងនៅតែមានរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២១។
លោកបាននិយាយកាលពីថ្ងៃអង្គារ៍នៅក្នុងសន្និសីទកាសែតមួយ នៅ Downing Street ថា៖ «ខ្ញុំនឹងមានការភ្ញាក់ផ្អើល និងរីករាយខុសធម្មតា ប្រសិនបើយើងចាកចេញពីស្ថានភាពបែបនេះនៅរដូវរងារ និងរដូវផ្ការីកនាពេលខាងមុខ។ ប៉ុន្តែខ្ញុំរំពឹងថា វានឹងមានករណីកូវីដ១៩ ជាច្រើនរាលដាលយ៉ាងហោចណាស់ដល់ពេលនោះ ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិទ្យាសាស្ត្រអាចជួយសង្គ្រោះបានគ្រប់ពេលវេលា»។
នៅថ្ងៃនេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា នៅអង់គ្លេសមានវិធានការណ៍រក្សាគម្លាតសង្គមកាត់មកត្រឹមតែ១ម៉ែត្រ ដែលកាលពីមុនទាមទារឱ្យមានចម្ងាយ២ម៉ែត្រ។ ទោះយ៉ាងណា សាស្ត្រាចារ្យ Whitty មានប្រសាសន៍ថា ប្រជាជនគួរតែរក្សាចម្ងាយ ២ម៉ែត្រ បើអាចធ្វើទៅបាន។
ដោយសំដៅទៅលើយុទ្ធសាស្ត្រទប់ស្កាត់ការរាលដាលដូចជា ការជៀសវាងការអង្គុយទល់មុខគ្នា លោកបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរជាច្រើន គឺផ្តោតលើអ្វីដែលយើងអាចធ្វើបាន ហើយវាពិតជាមានសារៈសំខាន់ ដែលបុគ្គល និងក្រុមហ៊ុនត្រូវយកចិត្តទុកដាក់»៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ