រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលលួចលាក់មានស្រីថ្មី ត្រូវប្រពន្ធតាមទាន់ដល់បន្ទប់ជួលក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង២០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បុរសរូបនេះឈ្មោះ សួន ភា អាយុ៣៩ឆ្នាំជាមន្ត្រីនគរបាលនៅមន្ទីរប្រឆាំងគ្រឿងញៀន មានទីលំនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣។ចំណែកប្រពន្ធឈ្មោះ នាក់ ចាន់រស្មី មានកូន២នាក់ ។ ឯស្រីស្នេហ៍មិនត្រូវបានស្គាល់ឈ្មោះទេ ស្នាក់នៅបន្ទប់ជួលខាងលើ និងមានកូនម្នាក់ ។
ប្រភពព័ត៌មានពីប្រពន្ធឲ្យដឹងថា ប្តីប្រពន្ធគាត់បានរៀបការជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នមានកូន២នាក់ ដែលកូនច្បងមានអាយុ១៥ឆ្នាំនិងកូនប្អូនមានអាយុជាង៤ឆ្នាំ ។ ប្តីគាត់បានលួចលាក់មានស្រីថ្មីអស់រយៈពេលជាង៥ឆ្នាំមកហើយ តែមិនដែលទាន់ជាក់ស្ដែងដូចពេលនេះ ។ ទោះបីជាបែបណា គាត់បានរិះរកវិធីតាមឲ្យទាន់ជាក់ស្ដែង ដោយបានលួចដាក់ជីភីអេសនៅម៉ូតូរបស់ប្តី ដែលអាចដឹងដានថា ទៅណាមកណា ។
លុះពេលប្តីជិះម៉ូតូមកនៅជាមួយស្រីស្នេហ៍ រូបគាត់រួមជាមួយបងប្អូនក៏នាំគ្នាតាមរកឃើញនៅក្នុងបន្ទប់ខាងលើ ទើបយកសោមកចាក់ពីខាងក្រៅ រួចប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ ប៉ុន្តែពេលនោះ ម្ចាស់ផ្ទះមិនឲ្យស្ត្រីជាប្រពន្ធចាក់សោពីខាងក្រៅ និងមិនឲ្យធាក់ទ្វារបន្ទប់ជួលខាងលើទេ រង់ចាំសមត្ថកិច្ចមកចាត់ការតាមនីតិវិធី ចៀសវាងកុំឱ្យមានការភ្ញាក់ផ្អើល ។
ប្រភពព័ត៌មានឲ្យដឹងថា នៅពេលនគរបាលប៉ុស្តិ៍ចោមចៅទី៣មកដល់ បានណែនាំឲ្យទាំងប្រពន្ធនិងប្តីឲ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍ តែប្រពន្ធមិនអស់ចិត្ត ចង់ឲ្យសមត្ថកិច្ចនាំស្ត្រីស្នេហ៍នោះទៅណែនាំនៅប៉ុស្តិ៍ជាមួយគ្នា តែសមត្ថកិច្ចមិនបាននាំទៅទេ ។ បន្ទាប់ពីការណែនាំម្តងជាពីរដង ទាំង២នាក់ប្តីប្រពន្ធក៏បានទៅប៉ុស្តិ៍ ហើយសមត្ថកិច្ចណែនាំថា ករណីប្តីលួចលាក់មានស្រីថ្មី បើប្រពន្ធតាមទាន់ជាក់ស្តែង ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យឃាត់ប្តី មិនមែនឃាត់ស្រីស្នេហ៍ទេ ។ បើកាលណាប្រពន្ធលួចមានប្រុសថ្មី ហើយប្តីប្តឹង សមត្ថកិច្ចឃាត់ប្រពន្ធ មិនមែនឃាត់ប្រុស ដែលលួចមានសហាយស្មន់ជាមួយប្រពន្ធនោះឡើយ ។
នៅពេលសមត្ថកិច្ចសាកសួរ បុរសជាប្តីឆ្លើយថា ប្រពន្ធលួចលាក់នេះគឺមានទំនាក់ទំនងស្នេហាជាមួយ
គ្នាអស់រយៈពេល១០ឆ្នាំមកហើយ មិនមែន៥ឆ្នាំទេ ថែមទាំងមានកូនស្រីម្នាក់បច្ចុប្បន្នអាយុ៧ឆ្នាំហើយ ។ បន្ទាប់ពីសមត្ថកិច្ចណែនាំហើយរឿងរ៉ាវបានបែកធ្លាយ បុរសជាប្តីសម្រេចដោះស្រាយជាមួយប្រពន្ធដោយការលែងលះគ្នានៅត្រឹមសាលាសង្កាត់ ដោយខ្លួនសុំចុះចេញតែខ្លួនទទេ និងទៅរស់ជាមួយស្រីថ្មីវិញ ។ នេះមិនខុសពីបទចម្រៀងរបស់លោក សុីន សុីសាមុត ដែលថាសង្សារបងមិនលែង សូ៊លែងប្រពន្ធនោះឡើយ ៕
ចែករំលែកព័តមាននេះ