ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរខេត្ត គ្រោងបង្កើតផ្ទះស្នាក់កម្សាន្ត នៅរមណីយដ្ឋានទេទឹកពុះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកម្សាន្ត នៅតំបន់នេះ ឲ្យកាន់តែច្រើនឡើង តាមរយៈមានសេវាកម្មផ្ទះស្នាក់នៅត្រឹមត្រូវ ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការរៀបចំឲ្យមានផ្ទះស្នាក់នៅនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ ដែលមានបំណងចង់ស្នាក់នៅកម្សាន្ត ក្នុងរមណីយដ្ឋាននេះ ដោយសាររមណីយដ្ឋានទេទឹកពុះ មានទឹកក្តៅបែបធម្មជាតិ ដោយគ្រាន់តែត្រាំទឹក អាចព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺសើស្បែក កន្តួលរមាស់ ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម ដែលនេះ ជាជំនឿមានតាំងពីបុរាណមកម្លេះ ។
លោក សៅ សារ៉ន បានបន្តថា បច្ចុប្បន្ននេះ រមណីយដ្ឋានទេទឹកពុះ មានត្រឹមតែកញ្ចុះ សម្រាប់អង្គុយលេងបរិភោគអាហារ និងទីតាំងទឹកក្តៅធម្មជាតិតែប៉ុណ្ណោះ ដែលធ្វើឲ្យចំនួន ភ្ញៀវទេសចរណ៍ នៅមានកម្រិតនៅឡើយ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានដបន្ថែមថា គម្រោងនេះ មានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដោយមានបែបចែកទៅមានជំនាញនីមួយៗ ។
លោក សៅ សារ៉ន ថ្លែងយ៉ាងដូច្នេះថា ៖ «មន្ទីរមានគម្រោងរៀបចំសហគមន៍នេះធ្វើឲ្យមាន Home stay ដែលហៅថា ផ្ទះស្នាក់នៅ និងមានកន្លែងហូបឆ្ងាញ់ៗ ហើយការរៀបចំនេះ គឺយើងមានការសហការជាមួយមន្ទីរជាច្រើន ពាក់ព័ន្ធជាមួយនឹងមន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ ដោយមន្ទីរអភិវឌ្ឍន៍ជនបទ គាត់ស្ថាបនាផ្នែកបន្ទប់ទឹកអនាម័យ កុំឲ្យមានការបន្ទោរបង់ពាសវាលពាសកាល ហើយអាជ្ញាធរស្រុកអាជ្ញាធរខេត្តនេះ ក៏មានភារកិច្ចមួយ ដែលគេហៅថា អភិវឌ្ឍន៍ផ្លូវ ហើយផ្លូវឥឡូវនេះធំហើយ ប៉ុន្តែនៅហុយនៅឡើយ ។
សូមបញ្ជាក់ថា រមណីយដ្ឋាន «ទេទឹកពុះ» មានទីតាំងស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបើសិនធ្វើដំណើរនៅរមណីយដ្ឋាននេះ យើងត្រូវចេញពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ចម្ងាយប្រហែល៤៨គីឡូម៉ែត្រ យើងនឹងទៅដល់ផ្សារកំពង់ស្ពឺឆ្លងកាត់ក្រោមស្ពានអាកាសថ្មើរជើងទៅខាងលិចប្រហែល២០០ម៉ែត្រ ទៅដល់ស្ថានីយប្រេងតេលា រួចបត់ស្តាំទៅផ្លូវជាតិលេខ៤៤ ជាង១គីឡូម៉ែត្របត់ទៅឆ្វេងដៃ តាមបណ្តោយផ្លូវជាតិលេខ៤៤ ដដែល ឆ្ពោះទិសខាងលិចចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់ផ្សារកន្តួត (ទីរួមស្រុកឱរ៉ាល់)។
បន្ទាប់មកបន្តដំណើរតាមផ្លូវលំទៅទិសខាងលិចចម្ងាយប្រហែល២៦គីឡូម៉ែត្រ និងទៅដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ «ទេ ទឹកពុះ» ដែលជាកន្លែងទឹកពុះ ស្ថិតនៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយ «ទេ ទឹកពុះ» នេះ ជាកន្លែងរមណីយដ្ឋានមានប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកភ្នំពេញទៅលេងកំសាន្ត មិនតែប៉ុណ្ណោះទឹកពុះនៅតំបន់តេនេះ តាមជំនឿបុគ្គលអាចព្យាបាលជំងឺជាសះស្បើយជាច្រើនមុខថែមទៀតផង។
ពាក់ព័ន្ធប្រវត្តិ «ទេ ទឹកពុះ» ខ្លាចបែកទ្រព្យឱ្យកូនបង្កើតយកគ្នាជាប្តីប្រពន្ធ មានប្រវត្តិ និងដំណាលរឿងព្រេងរបស់សេដ្ឋីម្នាក់ មានទ្រព្យស្តុកស្តុម្ភ តែបែរជាខ្លាចបែកទ្រព្យសម្បត្តិរបស់ខ្លួន ដោយបានឱ្យកូនបង្កើត យកគ្នាជាប្តីប្រពន្ធ ហើយក៏ត្រូវព្រះធរណីស្រូបយក ហើយក្រោយមកទីនោះ ក៏ក្លាយជាទឹកពុះ រហូតមកដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ