ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​ជោគជ័យ​ដូច​សព្វថ្ងៃ ឧក​ញ៉ា ​លី ហួរ ធ្លាប់​ដួល​ និង​បរាជ័យ​ជា​ច្រើន​ដង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កន្លង​មក​ប្រិ​យ​មិត្ត​អ្នក​អាន​បានដឹង​អំពី​គន្លឹះ​និង​ការ​ដឹកនាំ​រហូត​សម្រេច​បាន​នូវ​ភាព​ជោគជ័យ ភាព​ស្តុកស្តម្ភ​នៃ​ជីវិត​ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ល្បីល្បាញ​និង​លេចធ្លោ​របស់​លោក ឧកញ៉ា លី ហួរ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័​ន្ឋ​ចំនួន​៨ ។ សម្រាប់​អត្ថបទ​មួយ​នេះ…

រាជធានី​ភ្នំពេញ​៖ កន្លង​មក​ប្រិ​យ​មិត្ត​អ្នក​អាន​បានដឹង​អំពី​គន្លឹះ​និង​ការ​ដឹកនាំ​រហូត​សម្រេច​បាន​នូវ​ភាព​ជោគជ័យ ភាព​ស្តុកស្តម្ភ​នៃ​ជីវិត​ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ល្បីល្បាញ​និង​លេចធ្លោ​របស់​លោក ឧកញ៉ា លី ហួរ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័​ន្ឋ​ចំនួន​៨ ។

សម្រាប់​អត្ថបទ​មួយ​នេះ លោក​ឧកញ៉ា លី ហួរ នឹង​ចែករំលែក​នូវ​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​បាន​ដួល​ជា​ច្រើន​សារ​និង​វិធីសាស្ត្រ​ដែល​លោក​ឧកញ៉ា អាច​យកឈ្នះ​លើ​វា​បាន​ដើម្បី​ចែករំលែក​ដល់​បងប្អូន​ពាណិជ្ជករ​និង​សហគ្រិន​ជំនាន់​ក្រោយ ។

លោក​ឧក​ញ្ញ៉ា លី ហួរ នា​ឱកាស​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទសួរ​ថា តើ​លោក​ឧកញ៉ា​ធ្លាប់​បរាជ័យ​មុខ​ជំនួញ ឬ​មាន​ដំណោះស្រាយ​យ៉ាងណា​ពេល​ជួប​បញ្ហា​លំបាក​ក្នុង​មុខ​ជំនួញ នោះ លោក​ឧកញ៉ា លី ហួរ បាន​និយាយ​ថា «​សម្រាប់​ខ្ញុំ មាន​ឧបសគ្គ​ដែរ មិនមែន​ថា​អត់​នោះ​ទេ ។ ឧបសគ្គ​ដែល​កើត​មាន​គឺ​នៅ​ពេល​ដែល​ខ្ញុំ​មិន​ទាន់​មានអី​ក្នុង​ដៃ​សោះ ។ កាលនោះ គឺ​មិន​ចង់​និយាយ​រឿង​នេះ​ប៉ុន្មាន​ទេ តែ​កាលនោះ​រឿង​គឺ​ពេល​មួយ​ដែល​ខ្ញុំ​មាន​ដើមទុន មួយ​តម្លឹង​កន្លះ សម្រាប់​យក​ទំនិញ​ពី​ថៃ​មក​លក់ គឺ​មាន​បញ្ហា សាច់ញាតិ​នៅ​កំពង់ចាម ផ្ទះ​យើង​នៅ​ទួល​ទ្រា​នៅឡើយ ដែល​ព្រៃ​ឬ​ស្សី​មាន​ចោរ​ច្រើន​ពេក អ​ញ្ចឹ​ង​ក៏​ផ្ញើ​មាស​ទុក​នៅ​ប្អូ​បងប្អូន​ថ្លៃ​ស្រាប់តែ​ស្អែក​ឡើង​គាត់​ប្រាប់​ថា​មាស​នោះ​គាត់​ភ្លេច​នៅ​មាត់ទន្លេ គេ​យក​បាត់​ទៅ​ហើយ​» ។ ឧបសគ្គ​ពេល​នោះ​មិនមែន​កើតឡើង​ដោយ​យើង​ជា​អ្នក​បង្ក​នោះ​ទេ តែ​ដោយសារ​តែ​កត្តា​ផ្សេង​ៗ ។ លោក​ឧក​ញ្ញ៉ា​បាន​បញ្ជាក់​។

ឧកញ៉ា លី ហួរ ដែល​អង្គុយ​ធ្វើការ​គ្មាន​ពេលទំនេរ​សោះ​នោះ បាន​ឆ្លៀត​បន្ត​សម្តី​បន្ថែម​ថា «​ពេល​នោះ​ពិបាកចិត្ត​ខ្លាំង​ណាស់ ព្រោះ​មាន​តែ​ប៉ុណ្ណឹង ក៏​ស្រាប់តែ​បាត់បង់​ទៅ គឺ​ពិតជា​ពិបាកចិត្ត​ខ្លាំង​ណាស់ ព្រោះ​អ្វី​ដែល​ខំប្រឹង​រក​ប៉ុន្មាន​ឆ្នាំ​មក​ក៏​អស់ ។ តែ​មិនដឹង​ធ្វើ​ម៉េច គឺ​មាន​តែ​ប្រឹង​ហើយ​ប្រឹង​ទៀត​ដើម្បី​ចាប់ផ្តើម​ជា​ថ្មី ទាំង​ប្តី​និង​ប្រពន្ធ ។ គ្រាន់តែ​មិនដឹង​ធ្វើ​ម៉េច​គ្នា​ក៏​អត់ ។ អ៊ីចឹង​យើង​ត្រូវ​ចាប់ផ្តើម​ពី​ដៃទទេរ​មក​ម្តងទៀត​ហើយ ។ កាលនោះ​យើង​សម្រាក​បាន​មួយ​រយៈពេល​ខ្លី ហើយ​ក៏​ចង់​មក​ជួយ​គេ​លក់ដូរ​នៅ​ផ្សារ​កំពង់ចាម​ដែរ ។ កាលនោះ​គិត​ច្រើន​ណាស់ ដំបូង​ៗ​ថា​ចង់​លក់​អង្ករ តែ​ដើមទុន​តិចអ៊ីចឹង​ចេះ​តែ​ខ្ចី​គេ​ខ្ចី​ឯង​ទៅ ។ តែ​ពេល​នោះ បាន​ត្រឹមតែ​គិត​យើង​អត់​មាន​លទ្ធភាព​ចាប់ផ្តើម​។ អ៊ីចឹង​ក៏​ខំ​ដើរ​ខ្ចី​គេ​ខ្ចី​ឯង ហើយ​ក៏​អាច ក​វែក ក​ឆ្នាំង​ម្តងទៀត​។ អ៊ីចឹង ឧបសគ្គ​ធំ​សម្រាប់​ខ្ញុំ​ជំនាន់​នោះ គឺជា​ឧបសគ្គ​ធំ​ណាស់​។

លោក​ឧកញ៉ា លី ហួរ បាន​បញ្ជាក់​បន្ថែម​ថា «​តែ​នៅ​ពេល​យើង​មក​រស់នៅ​ភ្នំពេញ ការ​គិត​របស់​យើង​គឺ​មានការ​អភិវឌ្ឍន៍​ច្រើន សម្រាប់​គំនិត​ខ្ញុំ​គឺ​អត់​នៅ​នឹង​ថ្កល់​ទេ គឺ​ផ្លាស់​មុខ​ជំនួញ​មួយ​ទៅ​មុខ​ជំនួញ​មួយទៀត ធ្វើ​ឲ្យ​គំនិត​យើង​រស់​រវើក​។ ប៉ុន្តែ​ការ​ចំនេញ​គឺ​តិច​ណាស់ ព្រោះ​យើង​ប្រកាន់ខ្ជាប់​នូវ​ក្រិត​ក្រម​មួយ គឺ​យើង​ធ្វើ​ជំនួញ​មួយ​ដើម្បី​ឲ្យ​គេ​ជឿជាក់​បាន គឺ​យើង​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​។ ការ​លក់​-​ការ​ទិញ​តថ្លៃ​គ្នា​ត្រឹមត្រូវ ប៉ុន្តែ​របស់ (​ទំនិញ​) គឺ​ត្រូវ​តែ​គ្រប់​ឲ្យ​គេ របស់ (​ទំនិញ​) គឺ​ត្រូវ​តែ​ល្អ អ៊ីចឹង​ទៅ​យើង​ចេះ​តែ​សន្សំ ។ និយាយ​ទៅ​ជំនាន់​នោះ​អ្វី​ដែល​មិន​ចាំបាច់​គឺ​យើង​អត់​ហ៊ាន​ទេ គឺ​មិន​ហ៊ាន​ចំណាយ​តែ​ម្តង​។

មាន​ន័យ​ថា​របស់​ណា​អាច​កាត់​បន្ថយ​បាន​គឺ​ត្រូវ​តែ​កាត់​បន្ថយ សូ​ម្បី​តែ​បារី​មួយ​ថ្ងៃ​ត្រូវ​អស់​មួយ​កញ្ចប់​ក៏​ត្រូវ​កាត់​បន្ថយ សម្លៀក​បំពាក់​សម្រាប់​ខ្ញុំ​ផ្ទាល់​និង​គ្រួសារ​ខ្ញុំ​គឺ​អត់​ទិញ​តែ​ម្តង គឺ​បើ​មាន​អា​ចាស់​ប្រើ​អាចា​ស់បាន​ហើយ​។ គឺ​នាំ​គ្នា​ខំ​សន្សំ​លុយ​ដើម្បី​ធ្វើ​ដើមទុន​បន្ត អ​ញ្ចឹ​ង​អត់​មានអី​បាន​ចំនេញ​ធំដុំ​ទេ​ពេល​នោះ គឺ​អត់​តែ​ម្តង​។ រហូត​យើង​ចាប់ផ្តើម​ជំនួញ​ប្តូរ​ប្រាក់ យើង​អត់​ហ៊ាន​ធ្វើ​អី​ទេ ។ អ៊ីចឹង​បានជា​ខ្ញុំ​មានមុខ​របរ​រហូត គឺ​ប្តូរ​ប្រាក់​និង​លក់​មាស រហូត​មក សូ​ម្បី​តែ​សាខា ក៏​យើង​អត់​ហ៊ាន​ពង្រីក​ភ្លាម​ៗ​ដែរ ដោយសារ​តែ​យើង​ត្រូវ​គិត​អំពី​ការ​គ្រប់គ្រង​ឲ្យ​បាន​រឹង​មាំ​សិន ។ បាន​យើង​ចាប់ផ្តើម​មាន​លទ្ធភាព​ធ្វើ​អី​បាន​ទៀត ដូច​ជា​ការ​បង្កើត​ក្រុមហ៊ុន​គឺ​យើង​ត្រូវធ្វើ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ រហូត​មក​ដល់​ថ្ងៃនេះ​បានជា​យើង​មិន​មាន​បញ្ហា ឬ​ឧបសគ្គ​ណាមួយ​សម្រាប់​ការ​ធ្វើ​ជំនួញ​» ។

លោក​ឧក​ញ្ញ៉ា​បាន​លាតត្រដាង​នូវ​គន្លឹះ​ពិសេស​ៗ​ដើម្បី​កុំ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​បរាជ័យ​យ៉ាង​ដូច្នេះ​ថា «​អ្វី​ដែល​យើង​បាន​គិត​ល្អិតល្អន់​និង​គូសវាស់​វា​បាន​ច្បាស់​នៅ​ពេល​យើង​ធ្វើ​វា​ទៅ​យើង​ជោគជ័យ​បន្តបន្ទាប់ ។ បាទ​! យើង​មាន​កំណើន​ដើមទុន​ម្តង​បន្តិច​ៗ​រហូត​មក ។

សំខាន់​គឺ​យើង និយាយ​ទៅ​ការ​ខំប្រឹង​របស់​យើង​គឺ​តក់​ៗ​រហូត​មក​។ ជំនាន់​នោះ យើង​មិន​មាន​អ្នក​ណា​ជួយ​យើង​ពីក្រោយ​ខ្នង​ដើម្បី​ធ្វើ​ឲ្យ​ការ​ជោគជ័យ​របស់​ក្រុមហ៊ុន​យើង​។ ហើយ​ក៏​អត់​មានគំនិត​ថា​ទៅ​ខ្ចី​លុយ​ធនាគារ​ដែរ ពេល​នោះ គឺ​មាន​តែ​គំនិត​ខិតខំ​សន្សំ​បន្តិច​ម្តង​ៗ​រហូត​មក ។ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ន័យ​ថា មុខ​ជំនួញ​អាជីវកម្ម​របស់​យើង​គ្រប់មុខ​ទទួល​បាន​ជោគជ័យ មិនមែន​ជា​ការ​ងាយស្រួល​ទេ គឺ​ពិបាក​ខ្លាំង​ណាស់​។

ដោយសារ​ខ្ញុំ ទាំង​ប្រពន្ធ​ខ្ញុំ​និង​ក្រុម​គ្រួសារ​ទាំង​សងខាង​ហ្នឹង អត់​មាន​អ្នក​ណាមួយ​ចេញ​មុខ​មក​មាន​លទ្ធភាព​ជួយ​យើង ដូច​ជា​យើង​មានគំនិត គេ​មាន​ដើមទុន​អី​នោះ​ទេ គឺ​មាន​ន័យ​ថា​ទាំង​សងខាង (​គ្រួសារ​ខ្ញុំ​និង​គ្រួសារ​ប្រពន្ធ​ខ្ញុំ គឺ​អត់​តែ​ម្តង គឺ​ពិបាក​ដូច​គ្នា​)​។

អ៊ីចឹង ជា​ការ​ចាប់ផ្តើម​រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​តែ​ហត់នឿយ នៅ​តែ​ពិបាក មិន​ទាន់​បាន​ស្រួល ថា​ជីវិត​បែងចែក​គ្រួសារ​យ៉ាងម៉េច ហើយ​រៀបចំ​ចែក​ឲ្យ​ដាច់​ពី​គ្នា គឺ​នៅ​ខំប្រឹង​នៅឡើយ​ទេ ទោះ​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​កាន់តែ​ខំ​ជាង​មុន​ទៅ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ