ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ មេរៀន​ពី​លុយ និង​ជីវិត​ដែល​មនុស្ស​មិនដឹង​រហូត​ដល់​យឺត​ពេល

3 ឆ្នាំ មុន

លោក ម៉ូ​ហ្គេ​ន ហោ​សល (Morgan Housel) ដែល​មក​ពី The Collaborative Fund និង​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចែករំលែក​មេរៀន​សំខាន់​ៗ​ទាក់ទង​នឹង​លុយ…

លោក ម៉ូ​ហ្គេ​ន ហោ​សល (Morgan Housel) ដែល​មក​ពី The Collaborative Fund និង​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចែករំលែក​មេរៀន​សំខាន់​ៗ​ទាក់ទង​នឹង​លុយ និង​ជីវិត​ដែល​លោក​ចង់​បង្រៀន​ដល់​កូនស្រី​លោក​ដោយ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ខាងក្រោម​នេះ គឺជា​មេរៀន​មួយ​ចំនួន​ដែល​ដកស្រង់​ចេញពី​មេរៀន​ទាំងអស់​ដែល​លោក​បាន​លើក​ឡើង ៖

១. កុំ​មើលងាយ​តួនាទី​របស់​ឱកាស
មនុស្ស​ជា​ច្រើន​សន្មត់​ថា​ទ្រព្យសម្បត្តិ និង​ភាព​ក្រីក្រ​កើត​មាន​ឡើង​ព្រោះតែ​ជម្រើស​របស់​មនុស្ស តែ​ពេល​ខ្លះ​ក៏​វា​មក​ពី​ឱកាស​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ដែរ ។ ក្រុម​គ្រួសារ គោលការណ៍ ប្រទេស និង​ជំនាន់​ដែល​មនុស្ស​បាន​ចាប់កំណើត​ក្នុង​ដើរតួ​យ៉ាង​សំខាន់​ណាស់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​លទ្ធផល​មនុស្ស​ម្នាក់​ៗ ។

ជាក់ស្តែង ការ​ជឿជាក់​លើ​ការ​ខិតខំ​ប្រឹងប្រែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​មិន​អាច​នាំ​យក​ភាព​ជោគជ័យ​បាន​គ្រប់ពេល​ទាំងស្រុង​ទេ ហើយ​ភាព​ក្រីក្រ​ក៏​មិន​តែងតែ​កើត​មាន​ឡើង​ព្រោះតែ​ភាព​ខ្ជិលច្រអូស​ដែរ ។

២. សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​នាំ​យក​ផល​ចំណេញ​ច្រើន​ជាងគេ
ការ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ រាល់ពេល​ដែល​ខ្លួន​ចង់​ធ្វើ ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​ឲ្យ​តែ​អ្នក​ទទួល​បាន​សុភមង្គល​មាន​តម្លៃ​ច្រើន​ជាង​អ្វី​ដែល​លុយ​អាច​ទិញ​បាន​ទាំងអស់ ។

អារម្មណ៍​សប្បាយ​រីករាយ​បាន​ពី​ការ​ទិញ​សម្ភារៈ​ថ្មី​នឹង​បាត់បង់​ទៅ​វិញ​យ៉ាង​លឿន ប៉ុន្តែ​ការ​មានការ​ងារ​ដែល​មាន​ម៉ោង​ធ្វើការ​អាច​បត់បែន​បាន និង​មិន​ចាំបាច់​ត្រូវការ​ការ​ធ្វើ​ដំណើរ​យូរ​អាច​នាំ​យក​សុភមង្គល​ឲ្យ​អ្នក​បាន​រយៈពេល​វែង​ជាង ។ ការ​សម្រេច​បាន​ឯករាជ្យ​ភាព​គឺជា​គោលដៅ​ធំ​ជាងគេ​ក្នុង​ជីវិត ហើយ​ចំនួន​លុយ​ដែល​អ្នក​សន្សំទុក​ថ្ងៃ​អនាគត​គឺ​កំពុង​តែ​ជួយ​ឲ្យ​អ្នកទិញ​យក​ភាព​ឯករាជ្យ​នោះ​មក​បាន​ហើយ ។

៣. មនុស្ស​មិន​តែងតែ​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ទេ
មិន​មាន​នរណា​អាច​យល់​ពី​តម្លៃ​លុយ​ប្រសិនបើ​ពួក​គេ​មិន​ធ្លាប់​គ្មាន​លុយ​ចាយ​ទេ ។ ការ​រៀនសូត្រ​ពី​ការ​ដែល​មនុស្ស​ម្នាក់​មិន​តែងតែ​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ជួយ​ឲ្យ​មនុស្ស​យល់​ដឹង​ពី​តម្រូវការ និង​ការ​ចង់បាន ។ ជា​លទ្ធផល វា​នឹង​ជួយ​ឲ្យ​មនុស្ស​រៀន​ចេញពី​ការ​រៀបចំ​ការ​ចាយវាយ ការ​សន្សំ និង​ការ​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​ខ្លួន​កំពុង​តែ​មាន​ស្រាប់ ។

៤. កុំ​តែងតែ​ទទួលយក​ដំបូន្មាន​ដោយ​មិន​បាន​គិតគូរ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន
មេរៀន​ទាំងនេះ​សុទ្ធតែ​ជា​មេរៀន​ដែល​មនុស្ស​រៀនសូត្រ​ពេល​ដែល​ធំ​ដឹងក្តី ឬ​ពេល​ដែល​យឺត​ពេល​ទៅ​ហើយ ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្តាប់​តាម​អ្នក​ដទៃ​គ្រប់ពេល​ទេ​មិន​ថា​ពួក​គេ​មានបទពិសោធន៍​ច្រើន​ជាង​អ្នក​ប៉ុនណា​ក៏​ដោយ ។

ពិភពលោក​របស់​អ្នកមាន​ភាព​ខុស​គ្នា​ពី​ពិភពលោក​របស់​អ្នក​ដទៃ និង​ពិភពលោក​របស់​ឪពុក​ម្តាយ​របស់​អ្នក ។ មាន​ន័យ​ថា​មិន​មាន​នរណា​ដែល​មាន​ចម្លើយ​ត្រឹមត្រូវ​សម្រាប់​អ្វី​គ្រប់យ៉ាង​ទេ ។ ដូច្នេះ​មុន​ពេល​ស្តាប់​តាម​ដំបូន្មាន​របស់​មនុស្ស​ណា​ម្នាក់ ចូរ​គិត​ពី​ស្ថាន​ការ​របស់​អ្នក គោលការណ៍​របស់​អ្នក និង​គោលដៅ​ក្នុង​ជីវិត​របស់​អ្នកជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ