ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រីចំនួន៣៦នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃចាប់ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ស្រុកអូរជ្រៅ និងស្រុកស្វាយចេក កាលពីថ្ងៃទី២០និង២១ មិថុនា ឆ្នាំ២០២០ ។
ពលករទាំង៣៦នាក់ (ប្រុស២២នាក់) ក្នុងចំណោមនេះពលករចំនួន៣១នាក់ (ប្រុស១៨នាក់) សមត្ថកិច្ចថៃចាប់កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២០ តែគេមិនស្គាល់អត្តសញ្ញាណនោះទេ។ បើតាមប្រភពថា មេខ្យល់ចំនួន៣នាក់ ជាជនជាតិខ្មែរ ត្រូវភាគីថៃក្របួចបានហើយ ។ ជាមួយគ្នានេះដែរ រថយន្ត៣គ្រឿងពាក់ស្លាកលេខថៃ ដែលដឹកពលករនិងអ្នកបើកបរជាជនជាតិថៃ៣នាក់ក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនដូចគ្នា។
ពលករទាំងអស់ខាងលើ ក្រោយធ្វើការសួរនាំ ពួកគេអះអាងថា ធ្វើដំណើរឆ្លងព្រំដែនដោយថ្មើជើងតាមច្រករបៀងចូលភូមិណងយ៉ាកែវឈមទឹកដីកម្ពុជាក្នុងស្រុកស្វាយចេក ។ ពួកគេបន្តថា ប្រុងទៅធ្វើការនៅក្រុងបាងកក និងខេត្តក្បែរៗនោះ ដោយចំណាយប្រាក់លើមេខ្យល់ម្នាក់៣០០០បាត។
ដោយឡែកថ្ងៃទី២១ មិថុនា សមត្ថកិច្ចថៃចាប់ពលករ៥នាក់នៅឃុំស្រុកគោកធ្យូង ក្រោយពួកគេឆ្លងព្រំដែនចូលដល់ដីថៃ ។ ពលករទាំង៥នាក់នេះ ៤នាក់រស់នៅខេត្តបន្ទាយមានជ័យ និងម្នាក់រស់នៅខេត្តសៀមរាប ហើយពួកគេអះអាងថា ចំណាយប្រាក់ក្នុងម្នាក់ៗ៣០០០បាត ខ្លះ៣៥០០បាតលើមេខ្យល់ប្រុងនាំទៅធ្វើការសំណង់នៅខេត្តឈុនបូរី ។
ក្រោយឃាត់ខ្លួន ពលករទាំង៣៦នាក់ ត្រូវបានភាគីថៃប្រគល់ឲ្យនគរបាលស្រុកគោកធ្យូងចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗថ្នាក់ដឹកនាំតំណាងក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិបានជួបប្រជុំគ្នាមួយជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បីក្រើនរំលឹកដល់កម្លាំងជួរមុខធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសឆ្លងដែន ស្របពេលប្រទេសថៃបិទព្រំដែនការពារមេរោគថ្មីកូវីត១៩ ប៉ុន្តែពលករខ្មែរនៅតែលួចឆ្លងព្រំដែនទៅដល់ដីថៃហើយទាល់តែខាងថៃចាប់បាន ទើបខាងកម្ពុជាដឹង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ