ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​លើក​ទី​៣៦ នឹង​ផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​សារព័ត៌មាន Viet Nam News ចេញ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នេះ​បានឱ្យ​ដឹង​ថា…

ប្រទេស​វៀតណាម ៖ យោង​តាម​សារព័ត៌មាន Viet Nam News ចេញ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នេះ​បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នឹង​ធ្វើ​ជា​អធិ​បតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពេញអង្គ និង​កម្មវិធី​ពិសេស​ៗ ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។

ក្រសួងការបរទេស​វៀតណាម​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ខាង​មុខ​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម នឹង​ធ្វើ​ជា​​ប្រធាន​នៃ​កិច្ច​សន្ទនា​រវាង​មេដឹកនាំ​អាស៊ាន និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) តំណាង​​យុវជន​អាស៊ាន និង​ក្រុមប្រឹក្សាភិបាល​ធុរកិច្ច​អាស៊ាន (ASEAN-BAC) ផង​ដែរ ។

លោកស្រី Nguyen Thi Kim Ngan ដែល​ជា​ប្រធានរដ្ឋសភា​វៀតណាម នឹង​ធ្វើ​ជា​តំណាង​ឱ្យ​ប្រទេស​​វៀតណាម ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សម័យប្រជុំ​ពិសេស ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ហើយ​អនុប្រធាន​រដ្ឋសភា លោកស្រី Tong Thi Phong ប្រធាន​​គណៈប្រតិភូ​វៀតណាម​ប្រចាំ​នៅ AIPA នឹង​ចូលរួម​កិច្ច​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង AIPA ។

សារព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ពី លោក Pham Binh Minh ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រទេស​វៀតណាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Pham Binh Minh នឹង​ធ្វើ​ជា​ប្រធាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្រៅផ្លូវការ កិច្ចប្រជុំ​លើក​ទី​២៦ នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​២១ នៃ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន​។

សារព័ត៌​មានបាន​បន្ថែម​ថា រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀ​ណា​ម លោក Tran Tuan Anh នឹង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី នៃ​ប្រទេស​ដែល​ចូលរួម ក្នុង​ការ​ចរចា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់ (RCEP) ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ យុទ្ធ​ជន​ពិការ និង​​សង្គមកិច្ច លោក Dao Ngoc Dung នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី ២៣ នៃ​ក្រុមប្រឹក្សា​សហគមន៍​វប្បធម៌​-​សង្គម​អាស៊ាន​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ