ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអះអាងថា ក្រសួងនឹងធ្វើការអភិវឌ្ឍសហគមន៍ទឹកជប់ខ្នារពោធិ៍ឲ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេស នៅថ្ងៃទី២១ ខែមិថុនា កន្លងទៅបានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះ ឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប ។
លោក ថោង ខុន បាននិយាយថា «កន្លងមកក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍បានមួយចំនួនហើយ ។
សហគមន៍ទេសចរណ៍ទាំងនោះ បានក្លាយជាសហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកពិភពលោកផងដែរ»។ សូមបញ្ជាក់ថា ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប ។
លោក ថោង ខុន បានបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ គឺមានច្រើនក្នុងនោះមានដូចជា៖ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ឆាយអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងសហគមន៍ទេសចរណ៍កោះទ្រង់ខេត្តក្រចេះ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាម សហគមន៍ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍អេកូទេសចរណ៍ម្លប់បៃតង ខេត្តកំពង់ស្ពី ។
លោកបានបញ្ជាក់ទៀតថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ ។ លោកបន្តដូចនេះថា «គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះនៅខេត្តសៀមរាបក៏មានដើមកោងកាងបានដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អដែលនេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំន់បន់សៀមរាបអង្គរនេះ» ។
លោក ថោង ខុន បានបន្ថែមទៀត ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវវាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ ។
លោក ថោង ខុន បានបន្ថែមទៀតថា «សម្រាប់បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍នេះ ដូចមានការលំបាកខ្លាំងទៅលើបញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អ៊ិនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាមជាដើម ។ លោកនឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង ៣គីឡូម៉ែត្រ ក្រសួង ទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន»។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន ៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ