ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទើរតែ​ដល់​កម្រិត​សូន្យហើយ សម្រាប់​អ្នក​​លក់​ដូរ​​ក្បែរសាលារៀនសព្វថ្ងៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​លក់ដូរ​តាម​សាលារៀន​ត្អូញត្អែរ​ពី​ការ​លក់ដូរ​ធ្លាក់​ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​កើតឡើង ស្រប​ពេល​ដែល​តាម​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​របស់​យើង​ត្រូវ​បាន​ផ្អាក​មួយ​រយះ ក្នុងអំឡុងពេល​ផ្ទុះ​កើត​មានឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ។ ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ជាង​៣​ខែ​មក​ហើយ​ដែល​សាលារៀន​បិទទ្វារ ធ្វើ​ឱ្យ​អ្នកមាន​មុខរបរ​លក់ដូរ​នៅ​តាម​សាលារៀន​លក់​មិន​ដាច់ មិន​មាន​សិស្សសាលា​មក​ទិញ​ដូច​កាលពី​ពេល​មុន​ឡើយ…

រាជធានី​ភ្នំពេញ ៖ អ្នក​លក់ដូរ​តាម​សាលារៀន​ត្អូញត្អែរ​ពី​ការ​លក់ដូរ​ធ្លាក់​ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​កើតឡើង ស្រប​ពេល​ដែល​តាម​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​របស់​យើង​ត្រូវ​បាន​ផ្អាក​មួយ​រយះ ក្នុងអំឡុងពេល​ផ្ទុះ​កើត​មានឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ។ ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ជាង​៣​ខែ​មក​ហើយ​ដែល​សាលារៀន​បិទទ្វារ ធ្វើ​ឱ្យ​អ្នកមាន​មុខរបរ​លក់ដូរ​នៅ​តាម​សាលារៀន​លក់​មិន​ដាច់ មិន​មាន​សិស្សសាលា​មក​ទិញ​ដូច​កាលពី​ពេល​មុន​ឡើយ ។

ជាក់ស្តែង​សម្រាប់​អ្នកលក់​សៀវភៅ ប៊ិ​ច និង​ឧបករណ៍​សិក្សា​ផ្សេង​ៗ អ្នកលក់​ភេសជ្ជៈ ប្រហិត​ចៀន នំចំណី​ផ្សេង​ៗ នៅ​ខាង​មុខ​សាលា​វិទ្យាល័យ ទួល​ទំពូង បាន ត្អូញត្អែរ​ថា «​តាំងពី​សាលារៀន​បិទទ្វារ​ផ្អាក​រៀន ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​មក ក្នុង​រយះ​ពេល​ជាង​៣​ខែ​មកនេះ ការ​លក់ដូរ​របស់​ពួក​គាត់​គ្មាន​អ្នកទិញ លក់​មិន​ដាច់​សោះ និង​ស្ទើរតែ​ធ្លាក់​ចុះ​ដល់ក​ម្រឹត​សូន្យ​ទៅ​ហើយ ហើយ​ធ្វើ​ឱ្យ​ជីវភាព​ក៏​កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​» ដាច់​បាយ​ហើយ ។

ស្ត្រី​វ័យ​៥៧​ឆ្នាំ ជា​អ្នកលក់​ភេសជ្ជៈ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​សាលា​បិទទ្វារ​ផ្អាក​រៀន​ក្នុង​រយះ​ពេល​ជាង​៣​ខែ​មកនេះ ដោយសារ​តែ​ភ័យ​ខ្លាច​រឿង​ជំងឺ​កូ​វី​ដ​១៩​នោះ ឃើញ​ថា ការ​លក់ដូរ​របស់​គាត់​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ គាត់​ថា កាលពីមុន​ធ្លាប់​លក់​បាន​លុយ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​១០​ទៅ​២០​ម៉ឺន​រៀល តែ​មួយ​រយះ​នេះ​ក្នុង​មួយ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​ខ្លាំង មក​នៅ​ត្រឹមតែ​មួយ​ថ្ងៃ​ពី​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ កាលពី​សាលារៀន​នៅ​បើក​សិស្ស​នៅ​រៀន គឺ​ការ​លក់ដូរ​មានការ​លក់ដាច់​ខ្លាំង​ទាំង​ខ្ញុំ និង​អ្នក​លក់ដូរ​ដទៃ​ផ្សេង​ៗ​ទៀត ។ លុះដល់​ក្នុង​មួយ​រយះ​នេះ ខុស​ប្លែក​ពី​ពេល​មុន​ៗ​ឆ្ងាយ​ណាស់ តាំងពី​មាន​ជំងឺ នេះ​កើតឡើង​មក ។

ស្ត្រី​វ័យ​ចំណាស់​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ដូរ​របស់​គាត់​នេះ គឺ​មិន​ដែល​មាន​ទេ​កាលពី​ពេល​មុន ហើយ​ក្នុង​ពេល​នេះ​គ្រួសារ​របស់​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​គ្មាន​ប្តីសី​និង​គេ​ជួយ ម្យ៉ាងទៀត​ក៏​កំពុង​តែ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ចំនួន​២​នាក់​តែ​ម្នាក់ឯង​ទៀត និង​គ្មាន​មុខរបរ​ផ្សេង ម្លោះ​ហើយ​ចេះ​តែ​ទ្រាំ​ទៅ ។

កញ្ញា ស៊ុ​យ ស្រី​ខួច ជា​អ្នកលក់​សៀវភៅ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​ដែល​ផ្ទុះ​កើត​មាននូវ​ជំងឺ​កូ​វី​ដ​១៩​នេះ សាលា​បាន​បិទទ្វារ​ផ្អាក​អត់​រៀន ។ ក៏​គ្មាន​កូនសិស្ស​មក​រក​ទិញ​សៀវភៅ ប៊ិ​ច ឬ​ក៏​ឧបករណ៍​រៀនសូត្រ​ផ្សេង​ៗ ទៀត​ដូច​មុន​ដែរ ដោយ​មាន​តែ​អ្នកដំណើរ​តាម​ផ្លូវ​រក​ទិញ​នេះ​ទិញ​នោះ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។ ការ​លក់ដូរ​ឧបករណ៍​សិក្សា​របស់​នាង​នេះ​ដែរ គឺ​សង្ឃឹម​លក់ដូរ​ទៅ​លើ​តែ​កូនសិស្ស​មក​ទិញ ។ បើ​មិន​មាន​សិស្ស​មក​ទិញ តើ​មាន​អ្នក​ណា​មក​ទិញ​របស់របរ​សិស្ស​ទៀត?

កញ្ញា​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​នាង​បាន​ចាប់​យកមុខ​របរ​លក់​សៀវភៅ ប៊ិ​ច និង​ឧបករណ៍​សិក្សា​ផ្សេង​ៗ​ទៀត នៅ​ខាង​មុខ​សាលា​វិទ្យាល័យ ទួល​ទំពូង​នេះ អស់​រយះ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ម្តាយ​របស់​នាង​មក​ម​ម្ល៉េះ ។ នាង​ថា គឺ​អា​ចរក​កម្រៃ​បាន​គ្រាន់​ដោះស្រាយ​ក្នុង​ជីវភាព​បាន ។ តែ​ក្នុង​មួយ​រយះ​ពេល​ដែល​កើត​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ ការ​លក់ដូរ​របស់​នាង​លក់​មិន​ដាច់​ទាល់តែ​សោះ​។

នាង​ថា ស្ទើរតែ​ធ្លាក់​ដល់​កម្រិត​សូន្យ​ទៅ​ហើយ​។ នាង​ថា ដោយ​កាលពីមុន​អាច​លក់​ក្នុង​មួយ​ថ្ងៃ​បាន​ប្រាក់​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ដែរ លុះដល់​ឥឡូវ​មក​នៅ​ត្រឹមតែ​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​បិទ​សាលា​មិន​រៀន ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​ជីវភាព​ប្រចាំ​ថ្ងៃ​គ្រួសារ​របស់​នាង​មានការ​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។ ម្យ៉ាង​ធ្ងន់​ក​រឿង​ជំពាក់ និង​រក​លុយ​សង​ធនាគារ​ស្ទើរតែ​មិន​គ្រប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ