ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ដំណើរ​ការ​​ជំរឿន​​សហ​​គ្រាស​នៅ​កម្ពុជា​ឆ្នាំ២០១១​លើកដំបូង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រតិ​បត្តិ​ការ​សំភាសន៍​​ជំរឿន​​សហ​គ្រាស​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​ឆ្នាំ​២០១១​បាន​ចាប់​ផ្តើម​នាព្រឹក​ថ្ងៃទី១ មីនា ​នៅ​​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន និង​សង្កាត់​ទឹក​ល្អក់​ ខណ្ឌ​ទួលគោក ​រាជ​ធានីភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ជា​កិត្តិ​យស​​​​​ពីលោកឆាយ ​ថន ទេស​រដ្ឋ​មន្ត្រី​​​​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​​ រួម​ជាមួយ​​លោក​ហ៊ី​រ៉ូ​ហ្ស៊ី កាវ៉ា​មូរ៉ា ​ភារធារី​ស្តី​ទីស្ថាន​ទូត​ជប៉ុន លោក​​​យូ​គីហារូ ​គូប៉ា​យា​ហ្ស៊ី ​​តំណាង​ជាន់​ខ្ពស់​នៃអង្គ​ការ JICA ​ប្រចាំ​កម្ពុជា​ និង​លោក​ស្រី​ជំនាញ​ការ JICA ​​រួម​ទាំង​មន្ត្រី​​ជាន់ខ្ពស់​ក្រសួង​​ផែន​ការ​ជាច្រើន​រូប​ទៀត​​ផង​ដែរ ។

​លោកឆាយ ថន ​ទេស​រដ្ឋ​មន្ត្រី​​​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ជំរឿន​បាន​មាន​ប្រសាសន៍​ថា ​នេះ​ជាលើក​ទី១ ​និង​ជា​លើក​ដំបូង​​បំផុត​ក្នុងការ​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​សំភាសន៍​​ជំរឿន​សហ​គ្រាស​នៅ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​ឆ្នាំ​២០១១ ​ដែល​ជា​ជំរឿន​​សហ​គ្រាស​លើក​ដំបូង​បំផុត​មិនធ្លាប់​មានពី​មុន​មក​​​ ។ ក្នុងនាម​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ ការ​ផ្តើម​ប្រតិ​បត្តិការ​សំភាសន៍​ជំរឿន​សហគ្រាស​នេះ គឺ​ដើម្បី​​ប្រកាស​ជា​ផ្លូវ​ការ​ដល់​សា​ធារណជន​ថា ការ​ធ្វើ​សំភាសន៍​ជំរឿន​សហគ្រាស​កំពុង​​តែ​ចាប់​​ផ្តើម​ប្រតិបត្តិ​ការ​ ហើយ​និង​ក៏​ដើម្បី​​អំពាវ​នាវ​រក​កិច្ច​សហប្រតិ​បត្តិការយ៉ាង​មុត​មាំ​ពីសំណាក់​សា​ធារ​ណជន ពិសេស​នោះពីម្ចាស់​​សហ​គ្រាស​ សហ​គ្រិន គ្រប់​ប្រភេទ ​ព្រម​ទាំង​​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់លំដាប់ថ្នាក់​ផង​ដែរ ។

ជំរឿន​​សហ​គ្រាស​មានគោលបំណង​​ប្រមូល​​ព័ត៌​មាន​សំខាន់ៗ​ស្តីពី​សហគ្រាស​សម្រាប់​បម្រើ​ការ​តាក់​តែង​គោលនយោ​បាយ​​ និងការ​កសាង​​​ផែន​ការ​ទាំង​ថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ ​ក៏​ដូច​ជា​សម្រាប់​ការស្រា​វជ្រាវ​នៅសាកលវិទ្យា​ល័យ​​​ និងវិទ្យា​ស្ថាន​ស្រាវជ្រាវ​​ផ្សេងៗ​ទៀត ​ក្នុង​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​​គ្រប​់គ្រង​ និងការស្រាវជ្រាវ​​​ទី​ផ្សារ​នៅ​ក្នុងផ្នែក​ឯក​ជន ។

លោក​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ ​បាន​មាន​ប្រសាសន៍​បន្តថា​ ការ​ធ្វើជំរឿន​សហ​គ្រាស ​នេះ មាន​រយៈ​ពេល១​ខែ​គត់ គឺគិត​ចាប់​ពី​ថ្ងៃទី១ មីនា ​​ដល់ថ្ងៃទី៣១ មីនា ឆ្នាំ​២០១១ ​ដើម្បីប្រមូល​ទិន្ន​ន័យ​តាមរយៈ​ប្រតិបត្តិការ​​នៅ មូលដ្ឋាន​ជាក់ស្តែង​ដែលមាន​មន្ត្រីសំភាសន៍​​ប្រមាណ​​៤.០០០​នាក់ និងមន្ត្រី​ត្រួតពិនិត្យ​​ប្រមាណ​៥០០នាក់​ត្រូវ​បាន​ចាត់តាំង​ឱ្យបំពេញ ​ភារកិច្ច​ក្នុង​ភូមិ​ចំនួន​ប្រមាណ​ជាង​១៤.០០​០​ភូមិ​​នៅ​ទូទាំង​រាជ​ធានី-ខេត្ត ស្ថិត​ក្នុង​ដែន​ដីនៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា ។ ជោគ​ជ័យ​នៃ​ការ​ធ្វើ​ជំរឿន​នេះ​នឹង​នាំ​មកនូវ​ការ​អភិវឌ្ឍ វិបុល​ភាព និង​សុភមង្គល​នៅក្នុងប្រទេស​កម្ពុជា​ផង​ដែរ ៕