កូវីដ-១៩ ៖ វិធានការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដែលអាជ្ញាធរតែងតែដាស់តឿនពលរដ្ឋឲ្យប្រុងប្រយ័ត្ន ដូចជារក្សាគម្លាតឆ្ងាយពីគ្នាពាក់ម៉ាស់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលជាដើមនោះ ហាក់មិនបានអនុវត្តឲ្យហ្មត់ចត់ឡើយនៅតំបន់ឆ្ងាយពីក្រុងភ្នំពេញ ឬមរណីដ្ឋានកម្សាន្តនានានៅក្នុងប្រទេសកម្ពុជា ។ ស្របពេលដែលប្រជាពលរដ្ឋបានវិលទៅរកសកម្មភាពប្រចាំថ្ងៃតាមទម្លាប់ចាស់ ធ្វើដំណើរចល័តពីកន្លែងមួយ ទៅកន្លែងមួយ ពិសេសដំណើរកម្សាន្តនោះ កន្លែងលក់អាហារ រមណីយដ្ឋាននានា នៅតំបន់ឆ្ងាយពីក្រុងភ្នំពេញ ពុំបានអនុវត្តវិធានការការពារដែលអាជ្ញាធរបានកំណត់ឡើយ។
នៅតាមភោជនីយដ្ឋាននៅតាមខេត្ត ពុំបានសម្អាតតុអង្គុយភ្លាមៗ ដោយអាកុល ឬដោយទឹកសម្លាប់មេរោគឡើយ។ គេសង្កេតឃើញច្រើនករណីណាស់ ក្រោយពីភ្ញៀវម្នាក់បានចាកចេញពីតុអាហារ ភ្ញៀវម្នាក់ទៀតបានចូលអង្គុយភ្លាម។ លោក សុធី ដែលបានធ្វើដំណើរ កម្សាន្តទៅកាន់ខេត្តកោះកុងកាលពីសប្តាហ៍មុន បានលើកឡើង៖ នៅជនបទប្រជាពលរដ្ឋមានការធ្វេសប្រហែស នៅក្នុងការការពារជំងឺកូវីដ-១៩។ លោកបានចូលទទួលទានអាហារនៅតាមផ្លូវ កន្លែងលក់ អាហារគ្មានអាល់កុល លាងដៃ បន្ទប់ទឹកមិនស្អាត គ្មានសាប៊ូសម្រាប់លាងដៃឡើយ។
«ទាំងអ្នកលក់ ទាំងពលរដ្ឋធ្វើដំណើរ ហាក់ភ្លេចខ្លួន ថាមានជំងឺកូវីដ-១៩»។ ចំណែកពលរដ្ឋម្នាក់ទៀត ដែលបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ឲ្យដឹងថា ការយល់ដឹងរបស់ពលរដ្ឋនៅជនបទពីជំងឺកូវីដ-១៩ នៅមានកម្រិត។ លោកថា ពលរដ្ឋនៅជនបទមិនបានប្រយ័ត្ន នៅពេលនិយាយស្តីពួកគាត់មិនបានរក្សាគម្លាតឆ្ងាយពីគ្នា មិនពាក់ម៉ាស់ ហើយកន្លែងលក់អាហារជាច្រើនមិន គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពលរដ្ឋបាននាំគ្នា ចេញកម្សាន្តក្រៅផ្ទះច្រើននៅចុងសប្តាហ៍ ក្រោយពីបានមើលឃើញថាការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានប្រសិទ្ធភាព។
មានប្រសិទ្ធភាពដោយសារចំនួនអ្នកកើតថ្មីមានតិច ហើយអ្នកជាសះស្បើយ មានជាបន្តបន្ទាប់ ក្នុងចំណោមអ្នកជំងឺ១២៩នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនោះ។ ជាការពិតការធ្វើដំណើរកម្សាន្តបានជួយដល់ដង្ហើមសេដ្ឋកិច្ច លើកស្ទូយវិស័យ ទេសចរណ៍ តែពលរដ្ឋមិនគួរធ្វេសប្រហែសនោះទេ។ មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំ នៅតែទទូចសូមឲ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថាកូវីដ-១៩នៅតែជាបញ្ហាប្រឈម។ ពិភពលោក និងប្រទេសជិតខាងកម្ពុជានៅតែបន្តរាតត្បាត ខ្លាំងក្លានៅឡើយ ហើយថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺនេះ មិនទាន់មាននោះទេ។
មន្ត្រីសុខាភិបាល ធ្លាប់លើកឡើងថា បើមានការចាំបាច់ត្រូវធ្វើដំណើរ ឬវិលទៅប្រកបការងារជាធម្មតានោះ ពលរដ្ឋគួរប្រកាន់នូវ របៀបរបបទម្លាប់រស់នៅថ្មី ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ការរស់នៅបែបថ្មីប្រឆាំងជំងឺកូវីដ គឺរក្សាគម្លាតពីគ្នា មិនជួបជុំមនុស្សច្រើន ឧស្សាហ៍លាងដៃ បើមិនដូច្នេះការឆ្លង ជំងឺដែលងាយឆ្លងនេះ អាចមានគ្រប់ពេល ហើយការឆ្លងដល់សហគមន៍ ដែលជាក្តីបារម្ភនោះនឹងអាចកើតមាន។ ក្នុងពេលដែលកម្ពុជានៅសល់ អ្នកជំងឺតែ២នាក់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ យ៉ាងណាក្តី នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាល នៅតែទទូចសុំពលរដ្ឋ បន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យជាប្រចាំ នៅឃ្លាតឆ្ងាយពីគ្នា មិនត្រូវចេញក្រៅផ្ទះបើមិនចាំបាច់។
ការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំសប្បាយ ពុំគួរធ្វើនៅពេលនេះឡើយ។ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរតាមខេត្ត ពិសេសតំបន់ទេសចរណ៍នានា គួរមានវិធានការតឹងរឹង ក្នុងការទប់ស្កាត់ការចំឡងជំងឺកូវីដ-១៩។ ចំណែកពលរដ្ឋអ្នក ដើរកម្សាន្តខ្លួនឯង គួរប្រកាន់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការបង្ការកុំឲ្យកូវីដ-១៩ឆ្លងមកខ្លួនគ្រួសារ និងសហគមន៍ខ្លួន៕ ដោយ ៖ អ. សួស្តី
ចែករំលែកព័តមាននេះ