រាជធានីភ្នំពេញ៖ ទន្ទឹមនិងការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន មានបរិមាណនាំមុខគេធៀបទៅនឹងទីផ្សារនៅតាមបណ្តាប្រទេសផ្សេងៗទៀត កម្ពុជាចាប់ផ្តើមពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ប្រាក់រៀល និងពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ័ន ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន ខណៈការនាំចេញទៅចិនមានទំហំទឹកប្រាក់ជាង៧១លានដុល្លារអាមេរិក។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានការចាប់អារម្មណ៍ និងគាំទ្រពេញទំហឹង លើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ពោលគឺជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអង្ករ។
លោកឧកញ៉ា បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២០ នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មអង្ករ នាំចេញទៅប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាជាង ៧១លានដុល្លារអាមេរិក ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់។ ដូច្នេះ ការជំរុញការទូទាត់ជាប្រាក់យ័នចិនដោយផ្ទាល់នេះ នឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញនិងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសចិនបន្ថែមទៀត។
ចំពោះការជំរុញការទូទាត់ជាប្រាក់រៀល គឺជាយន្តការបន្ទាប់សម្រាប់ទូទាត់ការទិញលក់ស្រូវអង្ករក្នុងស្រុក ជាពិសេសជាមួយកសិករ»។
លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់នៃធនាគារជាតិនៃកម្ពុជាបានសម្តែងនូវការអរគុណចំពោះការគាំទ្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា លើការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេស ជាមួយប្រទេសចិន ជាប្រាក់យ័ននេះ តបតាមការស្នើពីធនាគារកណ្តាលរបស់ប្រទេសចិន ម្តងហើយម្តងទៀត លើការស្នើឱ្យកម្ពុជាសហការលើការទូទាត់រូបីយប័ណ្ណជាប្រាក់យ័នលើពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រួលដល់ប្រតិបត្តិការ និងចំណេញដល់សេដ្ឋកិច្ច។
ពាក់ព័ន្ធនិងកិច្ចពិភាក្សានេះ បើតាមលោក លន់យ៉េង ចំពោះយន្តការនេះថា គួររៀបចំព្រឹត្តិការណ៍ចុះអនុស្សរណៈយោគយល់គ្នា ឬព្រឹត្តិការណ៍ប្រកាសនៃការចាប់ផ្តើមទូទាត់ប្រាក់យ័ន ដោយចាប់ផ្តើមពីពាណិជ្ជកម្មអង្ករមុនគេ ដែលអាចអញ្ជើញធនាគារកណ្តាលទាំងពីរ (កម្ពុជា និងចិន) និងធនាគារពាណិជ្ជដែលជាអ្នកអនុវត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តបតាមការលើកឡើងនេះ ខាងធនាគារជាតិកម្ពុជាបានបង្ហាញថា ប្រហែលនឹងអាចមានពិធី នៅពេលដែលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ខាងមុខដែលអាចមានការចូលរួមដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ