រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ ដែលបានប្រឹងប្រែងរស់នៅ ដោយការរើសអេតចាយ នៅទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី ។
លោកបន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកបរបររកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញអោយឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អរស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថេរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួមក្នុងការរក្សាស្ថេរភាពសង្គមទេ សង្គមរបស់យើង ក៏មិនមានស្ថេរភាពល្អបានដែរ។
លោក ឃួង ស្រេង ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោទាំងអស់ ក្រោយបញ្ចប់ជម្ងឺកូវីដ១៩ បងប្អូនត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថាកូនចៅរបស់បងប្អូននេះហើយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ឲ្យមានចំណេះដឹងអោយបានខ្ពង់ខ្ពស់។
ការលេីកឡេីងរបស់លោក ឃួង ស្រេង បែបនេះ ក្នុងពេលលោក និងលោកស្រីជាភរិយា ជា ស៊ីណា ឃួង ស្រេង ចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋជាអ្នករើសអេតចាយចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
អំណោយដែលបានប្រគល់ជូនខាងលើនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខកំប៉ុង១យួរ ម៉ាស់១ប្រអប់ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀល ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ