រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ កំលាំងប៉ុស្តិ៍ និងផ្នែកយុត្តិធម៌នៃអធិការដ្ឋានខណ្ឌដូនពេញ បានសហការជាមួយកំលាំងការិយានគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វេីការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទហិង្សាដោយចេតនា និងធ្វេីអោយខូចខាតដោយចេតនា បន្ទាប់ពីបេីកទូកបំបុកទូកអ្នកដទៃ និងយកពូថៅ ព្រមទាំងដែកចង្អេីរវាយបំផ្លាញសំភារៈគេទៀត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៨ មិថុនា ឆ្នាំ២០២០ នៅចំណុចលេីទូកទេសចរណ៍លេីផ្ទៃទឹកទន្លេ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវ១៧៨ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះ ហ៊ុន ចាន់លក្ខ ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ទូកទេសចរណ៍ ស្នាក់ នៅផ្ទះលេខ៥ ផ្លូវលេខ១៧ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វេីការឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ