ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​សុំ​ទោស រឿង​ហៅ ប៉ូលិស​ចរាចរណ៍ ជា​សត្វ​ចម្លែក នៅ​ចាំ​កាក់​ផ្លូវ នៅបាត់ដំបង

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ ២០២០ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MeyMey…

ខេត្តបាត់ដំបង ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ ២០២០ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MeyMey បាន​ចូលខ្លួន​មក​បំភ្លឺ ជុំវិញ​ការ​សរសេរ​ខ្លឹមសារ​បង្ហោះ ដោយ​ភ្ជាប់​រូបភាព​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ក​ណី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ។

នៅ​ចំពោះ​មុខការ​សាកសួរ​បំភ្លឺ​នេះ ម្ចាស់​គណនី​ខាងលើ​ដែល​មានឈ្មោះ​ពិត​ថា ហេង រស្មី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​សារភាព​ទទួលស្គាល់​កំហុស​ថា គាត់​ពិតជា​បាន​សរសេរ​ខ្លឹមសារ​ថា (​ទៅ​មិន​ទាន់​ដល់​ផង​មាន​សត្វ​ចម្លែក​នៅ​ខាង​មុខ​កាក់​ផ្លូវ​បើ​បងប្អូន​ណា​ចង់​មក​លេង​ប្រាសាទ​បាណ​ន់​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ផង​) ។ ការ​សរសេរ​ខ្លឹមសារ​នេះ គាត់​មាន​ចេតនា​សរសេរ​សំដៅ ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​កំពុង​ឈរ​បំពេញភារកិច្ច​តាម​ដងផ្លូវ​នោះ​ថា (​ជា​សត្វ​ចម្លែក​) ប្រាកដ​មែន ។

ការ​សរសេរ​ខ្លឹមសារ​បែប​នេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MeyMey បាន​បញ្ជាក់​ថា ជា​ការ​សរសេរ​លេងសើច​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វី​ដែល​បាន​កើតឡើង​នៅ​ពេល​នោះ គឺ​រូប​គាត់​និង​មិត្ត​ភ័ក្ត្រ​ម្នាក់​ទៀត ជិះ​ម៉ូតូ​ទៅ​លេង​ប្រាសាទ​បាណ​ន់ ហើយ​ក្នុង​ចំណោម​គ្នា​គាត់​ពីរ​នាក់​នេះ គឺ​រូប​គាត់ (​មិន​មាន​ពាក់មួក​សុវត្ថិភាព​)​ទេ ហើយ​ការ​ធ្វើ​ដំណើរ​របស់​គាត់​នៅ​ពេល​នោះ ក៏​មិន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ធ្វើការ​ផាកពិន័យ​ចំពោះ​គាត់​ឡើយ ប៉ុន្តែ​ចុង​ក្រោយ ត្រូវ​បាន​រូប​គាត់ ថតរូប​ភាព​ភ្ជាប់​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​ខាងក្រោយ រួច​សរសេរ​បង្ហោះ ដោយ​មាន​ខ្លឹមសារ​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​សាកសួរ​រួច ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​MeyMey បាន​ទទួលស្គាល់​កំហុស ដែល​គាត់​បាន​ធ្វើ ជាមួយ​នេះ​ដែរ​គាត់​បាន​ធ្វើ​លិខិត​សុំ​ការ​អភ័យទោស ចំពោះ​កំហុសឆ្គង​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ទូទៅ ពិសេស​នគរបាល​ចរាចរណ៍ ម្យ៉ាងវិញទៀត គាត់​បាន​អំពាវនាវ​សូមកុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​យក​គំរូ​តាម​គាត់​ឱ្យ​សោះ ហើយ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា ។

ទោះជា​យ៉ាងណា​ក៏​ដោយ សិទ្ធិ​ក្នុង​ការ​សម្រេច ចំពោះ​ចំណាត់ការ​លើ​ករណី​នេះ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នឹង​ពិនិត្យ​ពិចារណា សម្រេច​នៅ​ពេល​បន្ទាប់ ។ និង​សូម​បន្ត​ចូលរួម​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឱ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ