ប៉ុន្មានសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបានបិទសេដ្ឋកិច្ច និងចេញបទបញ្ជាឲ្យប្រជាពលរដ្ឋកុំចាកចេញពីផ្ទះព្រោះតែកូវីដ ១៩ លោក ភីធើ វេបស្ទើ ដែលជាសហស្ថាបនិក និងប្រធានក្រុមហ៊ុនលក់គ្រឿងអលង្ការ Roberto Coin ទទួលទូរស័ព្ទពីអតិថិជនម្នាក់ដែលចង់ទិញអំណោយគំរប់ខួប ២៥ឆ្នាំឲ្យភរិយា ។
លោកបានប្រាប់ថា អតិថិជននោះបានពិចារណាទិញខ្សែករពេជ្រ ១២០ការ៉ាត់ ដែលមានតម្លៃប្រមាណ ១.៥លានដុល្លារ ។ ក្រៅពីនេះហើយ លោកបានប្រាប់ថា ក្រុមហ៊ុនលោកបានលក់គ្រឿងអលង្ការដែលមានតម្លៃរវាង ៥ ទៅ ១០ម៉ឺនផងដែរ ព្រោះអ្នកមានជុំវិញពិភពលោកចាយលុយបញ្ចេញកំហឹងខណៈដែលពួកគេមិនអាចធ្វើដំណើរបានដោយសេរីដូចធម្មតា ។
គួរបញ្ជាក់ដែរថា អ្នកមានភាគច្រើនមិនទទួលរងការប៉ះពាល់ច្រើនទេព្រោះតែកូវីដ ១៩ ទោះជាមនុស្សជាច្រើនបានបាត់បង់ការងារពិតមែនក្តី ។ ក្នុងពេលដែលពួកគេត្រូវបានឃុំខ្លួនក្នុងផ្ទះនេះ ពួកគេក៏បានចាប់ផ្តើមចាយវាយរាប់ពាន់ដុល្លារផងដែរ ។
អ្នកលក់គ្រឿងអលង្ការគិតថា វាមកពីពួកគេធុញទ្រាន់ ចង់រកអ្វីធ្វើ ឬចង់វិនិយោគលើអ្វីដែលនឹងមានតម្លៃខ្ពស់ជាងមុនជាដើម ។
ឡូរី រ៉ដឃីន (Loree Rodkin) ដែលជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម្នាក់បាននិយាយថា វត្ថុដែលស្អាតចែងចាំងជួយនាំចេញនូវរឿងអាក្រក់ៗដែលមនុស្សកំពុងតែឆ្លងកាត់ និងនាំយកភាពធម្មតាមកកាន់ជីវិតរបស់ពួកគេវិញ ។
លោក ថម ប្ល៊ូមេនថល (Tom Blumenthal) ដែលជាប្រធាន At Gearys បានប្រទះឃើញនៅមានតម្រូវការសម្រាប់នាឡិកា Rolex ផងដែរ ហើយទោះជាហាងលក់ទំនិញបានបិទដំណើរការពិតមែនក្តី មានបុគ្គលិកម្នាក់ពីរនៅបន្តមកធ្វើការដើម្បីទទួលការកម្ម៉ង់ពីអតិថិជនតាមទូរស័ព្ទ និងអនឡាញ ។ ក្រៅពីនេះហើយ លោកក៏មើលឃើញមានកំណើនតម្រូវការឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលថ្លៃៗដែរ ។
លោក ប្ល៊ូមេនថល បានប្រាប់មកថា ព្រោះតែមនុស្សចំណាយពេលច្រើនជាងមុននៅផ្ទះ ដូច្នេះពួកគេចាប់ផ្តើមវាយតម្លៃលើអ្វីដែលខ្លួនមាន និងប្តូរសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ៕
ចែករំលែកព័តមាននេះ