ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំអាតក្រុង​កែប​លើ​ទឹកដី​ជាប់មាត់​សមុទ្រ​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ កែប សំអាត កែប (Kep Kep Clean) លើក​ទី​២ នៅ​ខេត្ត​កែប​នឹង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ក្រោម​គំនិត​ផ្តួចផ្តើម​ពី​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី ដើម្បី​បង្កើន​សោភ័ណ​ភាព និង​ភាព​ទាក់ទាញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ កែប សំអាត កែប (Kep Kep Clean) លើក​ទី​២ នៅ​ខេត្ត​កែប​នឹង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ក្រោម​គំនិត​ផ្តួចផ្តើម​ពី​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី ដើម្បី​បង្កើន​សោភ័ណ​ភាព និង​ភាព​ទាក់ទាញ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​តំបន់​ខេត្ត​កែប​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

ដោយ​ធ្លាប់​មានបទពិសោធន៍ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កម្មវិធី Kep Kep Clean លើក​ទី​១ កាលពី​ឆ្នាំ ២០១៣​កន្លង​ទៅ​នោះ អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា រៀបចំ​គម្រោង​នេះ​ជា​លើក​ទី​២ ដើម្បី​បំផុស​ស្រទាប់​យុវជន ក៏​ដូច​ជា​មហាជន​ទូ​ទាំង​ប្រទេស​ឱ្យ​ចូលរួម​លើកកម្ពស់​សុខភាព និង​ការ​ថែទាំ​បរិស្ថាន​ឱ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ធ្នូ កញ្ញា Hisae Arai អតីត​បវរកញ្ញា​ជ​បុ​៉​ន​ឆ្នាំ​២០១១ ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ និង​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ផង​នោះ បាន​លើក​ឡើង​ថា នេះ​គឺជា​សកម្មភាព​គំរូ​ដ៏​ល្អ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ចូលរួម​អនុវត្ត​ដើម្បី​យល់​ដឹង​អំពី​ការ​ថែរក្សា​ទីក្រុង​ស្អាត និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រទេស​កម្ពុជា​ឱ្យ​មាន​សក្តានុពល​ថែម​មួយ​កម្រិត​ទៀត ជា​ពិសេស​គឺ​ការ​កែ​លម្អ​បរិស្ថាន​ខេត្ត​កែប​តែ​ម្តង ។ អតីត​បវរកញ្ញា​ជ​បុ​៉​នរូ​ប​នេះ​បាន​បន្ត​ថា ក្នុង​កម្មវិធី​នេះ តាម​គម្រោង​នឹង​មាន​ប្រជាពលរដ្ឋ និង​យុវជន​ប្រមាណ​២.០០០​នាក់​ចូលរួម​សម្អាត​សំរាម​នៅ​ក្រុងកែប និង​តំបន់ឆ្នេរ​ដើម្បី​បង្កើន​សោភ័ណ​ភាព​នៅ​ទីនោះ​ឱ្យ​កាន់តែ​មាន​បរិស្ថាន​ល្អ​ស្អាត​។ កញ្ញា Hisae Arai បាន​បញ្ជាក់​ថា ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា​-​ជ​បុ​៉​ន នៅ​ក្នុង​កម្មវិធី Kep Kep Clean នោះ យើង​ក៏​នឹង​មាន​រៀបចំ​កម្មវិធី​បង្ហោះ​ខ្លែង​មិត្តភាព ដែល​ក្នុង​ឱកាស​នោះ​បវរ​កញ្ញាឯក​ជ​បុ​៉​ន​ឆ្នាំ​២០១៤ ក៏​ចូលរួម​ដែរ ។

លោក​ទេព រិ​ទ្ធី​វិ​ទ្ធ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​លើក​ទី​២​នេះ យើង​នឹង​សម្អាត​ខេត្ត​កែប​លើ​ទំហំ​ដី​ប្រមាណ​១៥​គីឡូ​ម៉ែត្រការ៉េ​ឯណោះ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ធំ​ៗ​ដូច​ជា លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប និង​លោក​ចម ប្រសិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ផង​ដែរ ។

លោក​ឃី​ត ស៊ី​ពី​ន នាយក​រដ្ឋបាល​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សំខាន់​ៗ​ដែល​មាន​វត្តមាន​នោះ ក៏​មានការ​ចូលរួម​ពី​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ល្បី​ៗ និង​អ្នក​វាយ​កូន​បាល់​វ័យក្មេង​នៅ​ខេត្ត​កែប ក៏​នឹង​ចូលរួម​ក្នុង​ការ​រើស​សំរាម​នៅ​ខេត្ត​កែប​នោះ​ដែរ ៕