ឆ្នាំនេះជាឆ្នាំល្អសម្រាប់ក្រុមហ៊ុនផលិតស្រោមដៃ ។ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសផ្គត់ផ្គង់ស្រោមដៃជ័រ ៦៥% នៃការផ្គត់ផ្គង់ទាំងអស់លើពិភពលោកបច្ចុប្បន្ននេះមើលឃើញមានមហាសេដ្ឋីចំនួន ៤អ្នកទៅហើយដែលកសាងទ្រព្យសម្បត្តិពីវិស័យនេះ ដែលរួមមានមហាសេដ្ឋីថ្មីៗ ២នាក់ក្នុងឆ្នាំនេះ ។
លោកថៃ គីមស៊ីម (Thai Kimsim) ដែលមកពី Supermax Corp ស្ថិតក្នុងចំណោមមហាសេដ្ឋីថ្មីៗទាំងពីររូប ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១ប៊ីលានដុល្លារបើយោងទៅតាម Bloomberg Billionaires Index ។
កំណើនតម្រូវការព្រោះតែការផ្ទុះជំងឺកូវីដ ១៩ បានជួយជំរុញដល់ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលផលិតឧបករណ៍ការពារ និងធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាទីតាំងដ៏ទាក់ទាញក្នុងការបង្កើតមហាសេដ្ឋីថ្មីៗ ។
យោងទៅតាមលោក វ៉លធើ អរ (Walter Aw) ដែលជាអ្នកវិភាគមកពី CGS-CIMB Research បានឲ្យដឹងថា បច្ចុប្បន្នវាជាទម្លាប់ថ្មីក្នុងការពាក់ស្រោមដៃមិនថាក្នុងវិស័យសុខាភិបាល ឬផ្នែកលក់ទេ ។
លោក ថៃ បានចាប់ផ្តើមក្រុមហ៊ុន Supermax ជាមួយភរិយានៅឆ្នាំ ១៩៨៧ ដែលពេលនោះគ្រាន់តែជាអាជីវកម្មលក់បន្តប៉ុណ្ណោះមុននឹងពង្រីកទៅផលិតស្រោមដៃដោយខ្លួនឯងក្នុងឆ្នាំ ១៩៨៩ ។ ពួកគេជាក្រុមហ៊ុនដំបូងដែលបានបោះឈ្មោះយីហោ Supermax លើស្រោមដៃរបស់ខ្លួន ហើយបច្ចុប្បន្ននេះក្រុមហ៊ុននាំចេញទៅប្រទេសច្រើនជាង ១៦០ប្រទេសទៅទៀតដែលស្មើ ១២% នៃតម្រូវការទាំងអស់ទូទាំងពិភពលោក ។
យោងទៅតាមសមាគមន៍ក្រុមហ៊ុនផលិតស្រោមដៃជ័ររបស់ម៉ាឡេស៊ីបានឲ្យដឹងថា តម្រូវការជុំវិញពិភពលោកអាចនឹងកើនឡើង ១១% មកស្មើ ៣៣០ប៊ីលានដុល្លារក្នុងឆ្នាំនេះ ដែល ២ ភាគ ៣ អាចនឹងមានប្រភពមកពីប្រទេសម៉ាឡេស៊ី ។
គួរបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ីបានក្លាយជាប្រទេសនាំមុខផ្នែកផលិតស្រោមដៃជ័រតាំងពីឆ្នាំ ១៩៨០ មក ពេលដែលតម្រូវការកើនឡើងព្រោះតែការផ្ទុះជំងឺអេដស៍ ។ ក្រៅពីកម្លាំងពលកម្មដែលធូរថ្លៃហើយ ការដាំដុះដើមកៅស៊ូដែលមានក្នុងប្រទេសតាំងពីការដាក់អាណានិគមដោយអង់គ្លេសបានជួយដល់ផលិតករក្នុងស្រុកដែរ ៕
ចែករំលែកព័តមាននេះ