ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​ក្បែរ​​សាលា​ក្រុង​​កើប​​មិន​​ចេះ​អស់ ពេល​​នេះ​ថត​ជាប់​អ្នក​យក​មក​​ចោល​​ហើយ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​លោក​អ្នក​ត្រូវការ​ស្អាត ហើយ​ទី​សាធារណៈ​ក៏​រឹតតែ​ត្រូវការ​ស្អាត​ទៀត ដែល​មិន​​គួរ​ណា​នាំ​គ្នា​យក​សំរាម​ពី​ផ្ទះ​ខ្លួនឯង​មក​បោះចោល​នៅ​ទី​សាធារណៈ ដោយ​មិន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​នោះ​ទេ ។ អ្នក​ចោល​សំរាម​ទាំងនេះ ត្រូវ​បាន​ក្រុមការងារ​សាលាក្រុង​ច្បារមន និង​អ្នក​យក​ព័ត៌មាន​ថតរូប​បាន​ទាំង​មនុស្ស…

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​លោក​អ្នក​ត្រូវការ​ស្អាត ហើយ​ទី​សាធារណៈ​ក៏​រឹតតែ​ត្រូវការ​ស្អាត​ទៀត ដែល​មិន​​គួរ​ណា​នាំ​គ្នា​យក​សំរាម​ពី​ផ្ទះ​ខ្លួនឯង​មក​បោះចោល​នៅ​ទី​សាធារណៈ ដោយ​មិន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​នោះ​ទេ ។ អ្នក​ចោល​សំរាម​ទាំងនេះ ត្រូវ​បាន​ក្រុមការងារ​សាលាក្រុង​ច្បារមន និង​អ្នក​យក​ព័ត៌មាន​ថតរូប​បាន​ទាំង​មនុស្ស ​និង​ផ្លា​ក​លេខ​ម៉ូតូ​ទៀត​ផង ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាក្រុង​ច្បារមន​ មួយ​រូប​បាន​ឲ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​នៅ​ជិត​​សួន​ច្បារ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​ស្វាយក្រវាន់ ក្រុង​ច្បារមន ជិត​សាលាខេត្ត ចេះ​តែ​មាន​គំនរ​សំរាម​មិន​ចេះ​អស់ បន្ទាប់​ពី​ក្រុម​អ្នកប្រមូល​សំរាម បាន​​ប្រមូល​យក​ទៅ​បោះចោល​អស់នោះ ​ថ្នាក់​ដឹកនាំ​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាលា​ក្រុង ឃ្លាំចាំ​មើល​ក្រុម​មនុស្ស​ដែល​មិន​ចេះ​គិត យក​សំរាម​យក​ទៅ​បោះចោល​នៅ​ជិត​សាលា​ក្រុង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព ជា​ពិសេស​ប៉ះពាល់​ដល់​បរិស្ថាន​តែ​ម្ដង ។

មន្ត្រី​រូប​នេះ​និយាយ​ថា មនុស្ស​ម្នាក់​ៗ​គួរតែ​មានគំនិត​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ ជា​ពិសេស​គឺ​រឿង​សំរាម​នេះ​តែ​ម្ដង ធ្វើ​ជា​មនុស្ស​កុំ​ចាំបាច់​តែគេ​ស្ដី​គេ​ថា ត្រូវ​ចេះ​មាន​សតិសម្បជញ្ញៈ​ត្រិះ​រិះ​ពិចា​រណា​​​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ស័ក្តិ​សមជា​មនុស្ស​រស់នៅ​ក្នុង​សង្គម​មួយ​ដ៏​ថ្លៃថ្នូរ ។

មានការ​លើក​ឡើង​ទៀត​ថា កុំ​ឃើញ​គេ​លួច​យក​ទៅ​ចោល​នៅ​ទី​សាធារណៈ ហើយ​យក​គំរូ​​អាក្រក់​​​តាម​គេ ត្រូវ​ចេះ​ពិចារណា​ផង ។ ជា​មួយ​នេះ ក៏​មានការ​សំណូមពរ​ទៅ​ដល់​ក្រុម​មនុស្ស​ដែល​តែងតែ​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីតាំង​ខាងលើ ដោយ​មន្ត្រី​រូប​នេះ​លើក​ឡើង​ថា «​សូម​អ្នក​រស់នៅ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ចំពោះ​សំរាម​ឬ​កាក​សំណល់​របស់​ខ្លួន កុំ​ចោល​តាម​ទី​សាធារណៈ​បែប​នេះ​បន្ត​ទៀត​» ។

មន្ត្រី​រូប​នេះ ក៏​បាន​សំណូមពរ​ដល់​ក្រុម​អ្នក​ដែល​តែងតែ​យក​សំរាម​ទៅ​បោះចោល​នៅ​ជិត​សួន​ច្បារ​វិមាន​ឯករាជ្យ និង​ជិត​សាលាខេត្ត​នោះ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​ការ​យក​សំរាម​ពី​ផ្ទះ ពី​កន្លែង​អាជីវកម្ម​របស់​ខ្លួន យក​មក​ចោល​នៅ​ទី​បរិវេណ​សួន​សាធារណៈ និង​កន្លែង​សាធារណៈ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ។

ចាប់ពី​ថ្ងៃនេះ​ទៅ ក្រុមការងារ​នឹង​នៅ​ឃ្លាំមើល​គ្រប់ពេល​តែ​ម្ដង បើ​មាន​បន្ត​ទៀត រូបភាព​នឹង​កាន់តែ​ច្បាស់ ព្រោះ​ជាប់​ទាំង​ផ្លា​ក​លេខ​ម៉ូតូ​របស់​អ្នក​ដែល​ចោល​សំរាម​ផ្តេសផ្តាស ។

បើ​ថ្ងៃក្រោយ​ក្រុមការងារ​បានឃើញ​ជាក់​ស្ដែង នៅ​ពេល​យក​សំរាម​ទៅ​បោះចោល​នៅ​កន្លែង​ខាង​លើ​ទៀត​នោះ នឹង​ថតរូប​ភាព​អ្នក​ដែល​យក​សំរាម​ទៅ​បោះចោល​ទាំងនេះ​ឱ្យ​ច្បាស់ ហើយធ្វើការ​​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​មហាជន​ដែល​ស្រឡាញ់​បរិស្ថាន​បានឃើញ​មុខមាត់​ពិត​របស់​ក្រុម​មនុស្ស​ដែល​តែងតែ​យក​សំរាម​ទៅ​បោះ​ចោល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ