ខេត្តស្វាយរៀង ៖ ប្រតិបត្តិការតាមប្រមាញ់ក្រុមចោរលួចម៉ូតូពីខេត្តកំពង់ចាម យកមកលាក់ទុកនៅខេត្ត ស្វាយរៀង ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន ដកហូតម៉ូតូបានចំនួន១០គ្រឿង និងរថយន្ត១គ្រឿង ។ ប្រតិបត្តិការតាមប្រមាញ់ដល់សំបុកលាក់ម៉ូតូនិងរថយន្តនេះ បានរកឃើញនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិវត្តឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនការបង្ក្រាបនេះ គឺស្នងការដ្នានគរបាលខេត្តកំពង់ចាមបានសុំកិច្ចប្រតិបត្តិ ការ ជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងនោះការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការិយាល័យជំនាញធ្ងន់និងស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង អធិការដ្ឋាននគរបាលស្រុករមាសហែក និងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រស់ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយ រៀងផងដែរ ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ សៅ ស៊ីដាត ហៅឆោះ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងម្នាក់ទៀតឈ្មោះ សៅ ប៊ុន្នី ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ)នៅខេត្តកំពង់ចាម ហើយបាននាំយកមកលាក់ទុកនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការឆែកឆេរជាលទ្ធផល ដកហូតបានម៉ូតូចំនួន១០គ្រឿង លាក់ទុកពេញក្នុងផ្ទះ ក្នុងនោះម៉ាកហុងដាសេ១២៥ចំនួន៩គ្រឿង ម៉ាកស៊ូម័រអុិច មួយគ្រឿង ក្នុងនោះម៉ូតូរបស់ជនរងគ្រោះដែលលួចពីខេត្តកំពង់ចាមចុងក្រោយ១គ្រឿងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ និងដកហូតបានរថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស៣៣០ ពណ៌ស ពាក់ផ្លាកលេខភ្មំពេញ 2AP-៣៨៩០ គ្មានលិខិតស្នាមជារបស់ជនសង្ស័យសម្រាប់ជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ។
រថយន្ដនិងម៉ូតូដែលបានដកហូតត្រូវបាននាំមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់ ។ ប្រភពដដែលបានបន្តថា ចំពោះជនសង្ស័យ២នាក់និងម្ដាយរបស់ជនសង្ស័យត្រូវបាននាំខ្លួនទៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរបន្តហើយ ។ នៅត្រឹមព្រឹកថ្ងៃទី១៦ មិថុនា ក៏កំពុងសាកសួរបន្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ