ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រតិកម្ម​ឈុត​សម្តែង​មួយ​នៃ​កម្មវិធី «​បាន​មើល បាន​សើច​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​មិត្ត​នគរបាល​កម្ពុជា បាន​ចេញ​នូវ​លិខិត​មួយ​ផ្ញើ​ជូន​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ចាត់វិធានការ​ណ៍​ទៅ​លើ​ឈុត​ឆាក​សម្តែង​មួយ​នៅ​ក្នុង​កម្មវិធី «​បាន​មើល បាន​សើច​» របស់​ស្ថានីយទូរទស្សន៍ CTN ដែល​នគរបាល​ចាត់​ទុក​ថា…

រាជធានី​ភ្នំពេញ ៖ សមាគម​មិត្ត​នគរបាល​កម្ពុជា បាន​ចេញ​នូវ​លិខិត​មួយ​ផ្ញើ​ជូន​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ចាត់វិធានការ​ណ៍​ទៅ​លើ​ឈុត​ឆាក​សម្តែង​មួយ​នៅ​ក្នុង​កម្មវិធី «​បាន​មើល បាន​សើច​» របស់​ស្ថានីយទូរទស្សន៍ CTN ដែល​នគរបាល​ចាត់​ទុក​ថា សកម្មភាព​នោះ ហាក់​មិន​ត្រឹមត្រូវ និង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​មន្ត្រី​នគរបាល​ជាតិ​។

យោង​តាម​លិខិត​ដែល​បាន​ផ្ញើ​ទៅ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​មិត្ត​នគរបាល​កម្ពុជា សំណូមពរ​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ពិនិត្យ និង​កែក​ម្អ​ដល់​ស្ថានីយ​ទូរទស្សន៍ និង​សិល្បករ​មួយ​ចំនួន​ដែល​បាន​និពន្ធ និង​ដឹកនាំ​ការ​សម្តែង​ឈុត​វី​ដេ​អូ​កំប្លែង​ខ្លី​ៗ ដែល​មាន​ផល​ប៉ះពាល់​ពាក់ព័ន្ធ​ទៅ​នឹង​រូបភាព​ជា​មន្ត្រី​នគរបាល​ជាតិ​។

លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា មួយ​រយៈ​កន្លង​មកនេះ ក្រសួងមហាផ្ទៃ​បាន​និង​កំពុង​ធ្វើ​យុទ្ធនា​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ហើយ​ក្នុង​នោះ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា បាន​ពិនិត្យ​​ឃើញ​មាន​ស្ថានីយទូរទស្សន៍ ក៏​ដូច​សិល្បករ​មួយ​ចំនួន​បាន​ផលិត​ជា​ខ្សែ​វី​ដេ​អូ​កំប្លែង​ខ្លី ដោយ​ឈុត​ក្នុង​សាច់​រឿង​ខ្លះ​បាន​សម្តែង​ជា​តួអង្គ​មន្ត្រី​នគរបាល​ជាតិ ដោយ​មានការ​ស្លៀកពាក់ ឯកសណ្ឋាន​មិន​បាន​ត្រឹមត្រូវ និង​មិន​គ្រប់គ្រាន់​សញ្ញា​សម្គាល់​ផ្អែក​តាម​បទដ្ឋាន​ស្តី​ពី​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​មន្ត្រី​នគរបាល​ជាតិ​ដែល​បាន​កំណត់ ហើយ​តួអង្គ​នគរបាល​ជាតិ​សក់​វែង និង​បាន​ប្រើ​ពាក្យ​សម្តី​ខ្លះ​មិន​សមរម្យ​ទៅ​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​នគរបាល​ជាតិ​ទៀត​ផង​។

តាម​រយៈ​សកម្មភាព​ក្នុង​ខ្សែ​វី​ដេ​អូ ដូច​បាន​រៀបរាប់​ខាងលើ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា យល់​ឃើញ​ថា ពិតជា​មាន​ផល​ប៉ះពាល់ និង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កិត្យានុភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ ដែល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ថែរក្សា​សន្តិ​សុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​ស្ថេ​រ​ភាព​សង្គម ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​។

តាម​រយៈ​សេចក្តី​ប្រកាស​នេះ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ក៏​បាន​ស្នើ​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ពិនិត្យ និង​ជួយ​សម្រួល​ចាត់វិធានការ​កែ​លម្អ​ដល់​ស្ថានីយទូរទស្សន៍ ក៏​ដូច​ជា​ក្រុម​សិល្ប​ករ​ដែល​មាន​ចំណុច​ខ្វះខាត​ដូច​បាន​រៀងរាប់​ខាងលើ​នេះ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ប​ញ្ហ​ខាងលើ​នេះ តារា​កំ​ប្ហែ​ង និង​ជា​អ្នកដឹកនាំ​កម្មវិធី «​បាន​មើល បាន​សើច​» នាយ ពាក់​មី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា រឿង​នេះ គឺ​ចោរ​បន្លំ​ធ្វើ​ប៉ូលិស​ទេ មើល​ឱ្យ​ចប់​បានដឹង តែ​ខ្ញុំ​ទទួលស្គាល់​ខុស​រឿង​សក់​វែង ដោយសារ​គិត​ថា​តួកំប្លែង តែ​ខ្ញុំ​មិន​ហ៊ាន​ខម​មិន​អី​ទេ ខ្លាច​ខុស​។

ចំណែក​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​នៃ​ស្ថានីយទូរទស្សន៍ CTN និង​ជា​អ្នកដឹកនាំ​ថត​កំប្លែង «​បាន​មើល បាន​សើច​» លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ី​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១៧ មិថុនា នេះ​ថា លោក​មិន​មាន​យោល់​អ្វី​ច្រើន​ទេ ព្រោះ​តាម​ពិត​ក្នុង​សាច់​រឿង​បង្ហាញ​អស់ហើយ​។

លោក​បញ្ជាក់​ថា សម្រាប់​ការ​ដែល​ត្រូវ​កែ​លម្អ ឬ​ក៏​បញ្ឈប់​ការ​ចាក់​បញ្ចាំង​នូវ​ឈុត​ឆាក​មួយ​នេះ​ឬ​យ៉ាងណា​នោះ លោក​មិន​ហ៊ាន​សម្រេច​នោះ​ឡើយ ពោល​គឺ​ទាំង​អស់នេះ​ជា​សិទ្ធិ​របស់​ប្រធាន​ស្ថានីយទូរទស្សន៍​។

បើ​តាម​លោកតា វិច​ទ័​រ ឆ្លងកាត់​រឿងរ៉ាវ​មួយ​នេះ លោក​មិន​អាច​និយាយ​បាន​ទេ​ថា លោក​អាច​នឹង​មិន​ដឹកនាំ​សម្តែង​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ជាតិ ព្រោះ​ទាំងនេះ​គឺជា​ការងារ​សំដែង តែបើ​លេង​ត្រូវ​តែ​ពង្រឹង​ឱ្យ​បាន​ល្អ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ