ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បញ្ជាក់​តប​បណ្តឹង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រង​បណ្តឹង​ទី​២ ដែល​ម្ចាស់​បណ្តឹង គឺ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្ត​ច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រង​បណ្តឹង​ទី​២ ដែល​ម្ចាស់​បណ្តឹង គឺ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្ត​ច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​នោះ ពេល​នេះ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អ្នក​នាង ដោយ​បាន​បញ្ជាក់​ថា ការ​ពិត​តាំងពី​ដំបូង​អ្នក​នាង​មិន​ដែល​បាន​យកឈ្មោះ​លោក​ជំទាវ​មក​និយាយ​សូ​ម្បី​បន្តិច​ទោះ បី​ដឹង​ថា គាត់​ធ្លាប់​គិត​ខុស​មក​លើ​ខ្លួន​អ្នក​នាង​ក៏​ដោយ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ្ជ​ជតា តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពិ​រោះ​ស្រទន់​បាន​បង្ហោះ​សារ​កាលពី​រាត្រី​ថ្ងៃ​ទី​១៦ មិថុនា អម​នឹង​ពាក្យបណ្តឹង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ប្តឹង​ចោទ​តារាចម្រៀង​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​អោយ​មានការ​រើសអើង​» តាម​រយៈ​ខ្លឹមសារ​ទាំងស្រុង​ថា «​ក្មួយ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​មីង​ធ្វើ​បែប​នេះ អរគុណ​មីង ។ ការ​ពិត តាំងពី​ដំបូង​ខ្ញុំ​មិន​ដែល​បាន​យកឈ្មោះ​គាត់​មក​និយាយ​សូ​ម្បី​បន្តិច​ទោះបី​ដឹង​ថា គាត់​ធ្លាប់​គិត​ខុស​មក​លើ​ខ្ញុំ​ក៏​ដោយ ព្រោះ​ខ្ញុំ​នៅ​ផ្តល់​កិត្តិយស​អោយ​គាត់ និង​ពិសេស​មិន​ចង់អោយ​ឈ្មោះ​គាត់​នេះ​ទៅ​ប៉ះពាល់​ដល់​ចាស់ទុំ​សាច់ញាតិ​ល្អ​ៗ​ផ្សេង​ទៀត​ដែល​លោក​មិន​ពាក់ព័ន្ធ ។ ប៉ុន្តែ​បែរជា គាត់​លោតកញ្ឆេង​បែប​នេះ​ទៅ​វិញ ។ តើ​គាត់​សំអាង​អ្វី​មក​ប្តឹងផ្តល់ ? ត្រឹម​ហេតុផល​ប៉ុណ្ណេះ​ឬ ? តើ​សម​នឹង​ប្តឹង​ដែរ​ទេ ?​» ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​លើក​បញ្ជាក់​បន្ថែម​ថា «​សូម​មើល​សំណៅ​ដើម​របស់ខ្ញុំ ដែល​ភ្ជាប់​មក​ជាមួយ​ខាងក្រោម​នេះ ។

សូម​បញ្ជាក់​ថា ខ្ញុំ​ចាប់​បាន​ភស្តុ​តាង​ដែល​យាយ ហង្ស បូ​រី និង​នាង​ប្រធាន​សមាគម​សិល្បៈ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អា​រាជបុត្រ​អា​សូរ្យ​កាយ និង​បាន​ខ្ចីដៃ​អា​សូរ្យ​កាយ​នេះ​មក​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​កប់​ៗ​មាត់​ជំនួស​ពួក​គេ​វិញ ហើយ​គេ​ចាំ​សើច និង​ចូល​ទៅ​គាំទ្រ​យ៉ាង​ពេញចិត្ត ។ ឈ្មោះ​រាជបុត្រ​អា​សូរ្យ​កាយ​ម្នាក់​នេះ ធ្លាប់​បាន​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ល្អ​ៗ​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង​អសុរ​ស​ដាច់​សាច់ គ្មាន​កន្លែង​ណា​អាច​ទទួលយក​បាន តែ​បែរជា​យាយ​ហង្ស បូ​រី និង​នាង​ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ចាក់ទឹកមិនលិច​ទៅ​វិញ តើ​មិន​អោយ​ខ្ញុំ​ឆ្ងល់​ទេ​ឬ ? សូម​បងប្អូន​ពិចារណា តើ​ត្រង់​ណា​ដែល​ខ្ញុំ​ចោទ​អ្នក​មីង​ស៊ី​ណាត ? តើ​ខ្ញុំ​ចោទ​គាត់​ឬ​ខ្ញុំ​សួរ ? តើ​ខ្ញុំ​ចោទ​គាត់ ឬ​គាត់​រើស​ដាក់ខ្លួន​ខ្លួនឯង ? តើ​គាត់​ធ្វើ​នេះ​ព្រោះ​ចង់​ប្រាប់​ថា​គាត់​អាច​ធ្វើបាប​នរណា​ក៏​បាន ? គាត់​កំពុង​ធ្វើ​អោយ​សង្គម​ដែល​មាន​ភាព​ស្ងប់​សុខ ក្លាយទៅជា​ចលាចល​ដោយសារ​គាត់​មែន​ទេ ?​» ។

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​ដែល​កំពុង​ដើរតួ​ជា​ម្តាយ​ផង ជា​ឪពុក​ផង​ក្រោយ​លែងលះ​លោក​មួ​ង ឃី​ម មន្ត្រីជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​បន្ត​ថា «​មិន​អី​ទេ​ខ្ញុំ​នឹង​ទៅ​បំភ្លឺ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ការ​ពិត​នៅ​នឹង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ថា ពេ​ជ្ជ​តា​នឹង​ការពារ​កិត្តិយស​ខ្លួន​អោយ​បាន​ទោះ​ទៅ​ដល់​ណា ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ពេ​ជ្ជ​តា​ត្រូវ​ទទួលទោស​ដ៏​អយុត្តិធម៌​បែប​នេះ​ជា​ដាច់ខាត !» ។

អ្នក​នាង​បាន​បញ្ជាក់​ថា « សូម​អរគុណ​សម្រាប់​ក្តី​ស្រលាញ់ និង​បារម្ភ​អំពី​បងប្អូន​ទស្សនិកជន សូម​បងប្អូន​រក្សា​ចិត្ត​សិន ខ្ញុំ​ជឿជាក់​ថា អំណាច​មិនមែន​ជា​កត្តា​ជោគជ័យ​ក្នុង​ប្រទេស​ដែល​ប្រើ​ច្បាប់​នេះ​ទេ ខ្ញុំ​ជឿ​ថា យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​ខ្ញុំ ! ! !» ។

សូម​រម្លឹក​ថា ចាប់ពី​ចុងខែ​ឧសភា​មក​ដល់​ពេល​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​បាន​ពើប​ប្រ​ទៈ​នឹង​បណ្តឹង​ចំនួន ២ ដាច់​ដោយឡែក​ពី​គ្នា ដែល​បណ្តឹង​ទី ១ នោះ​គឺជា​បណ្តឹង​របស់​ជំទាវ រស់ សោ​ភ័​ណ្ឌ ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម ដែល​ជា​អតីត​ប្តី​របស់​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ ១០០ រៀល តែ​ស្នើ​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្វើការ «​សុំ​ទោស​ជា​សាធារណៈ​» ។ សម្រាប់​បណ្តឹង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត វិញ គឺ​សំណូមពរ​អោយ​តុលាការ ផ្តន្ទាទោស​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បក្ខពួក​ទៅ​តាម​ច្បាប់ និង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​តាម​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ